ជាតិ
អភិបាលខេត្ត​មណ្ឌលគិរី ត្រៀម​ដី​៦០០​ហិកតា សម្រាប់​សាងសង់​ព្រលានយន្តហោះ​ថ្មី
17, Jul 2020 , 11:24 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​ត្រៀម​ដី​៦០០​ហិកតា សម្រាប់​សាងសង់​ព្រលានយន្តហោះ​ថ្មី ជំនួស​ឱ្យ​ទីតាំង​ចាស់ ដែល​ត្រូវ​រៀបចំ​ទៅជា​សួនច្បារ​វិញ​។ គម្រោង​ព្រលានយន្តហោះ​នេះ ត្រូវបាន​បង្ហាញ​ដោយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​ខេត្ត កាលពី​ថ្ងៃទី​១៧ កក្កដា​។​


​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ទីតាំង​គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ គឺមាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោ​រម្យ ។ អាជ្ញាធរខេត្ត​មណ្ឌលគិរី កំពុង​ការពារ​ដី​ដែល​ត្រៀម​ទុក​នេះ ដើម្បី​បញ្ចៀស​ការរំលោភ​ទន្ទ្រាន​ពី​ប្រជាពលរដ្ឋ​ហើយ​។​
 
«​យើង​ទុក​ទីតាំង​ព្រលាន​ចាស់​នោះ​ធ្វើជា​សួនច្បារ ហើយ​យើង​រក​ទីតាំង​ថ្មី ដែល​ទីតាំង​ថ្មី​នេះ​យើង​មាន​ផ្ទៃដី​ប្រមាណ​ជា​៦០០​ហិច​តា ដែល​ឃ្លាត​ពី​ក្រុង​សែន​មនោ​រម្យ ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។ ទីតាំង​ថ្មី​នេះ អាច​ពង្រីក​ព្រលានយន្ដហោះ​ខ្នាត​ធំ​នៅ​ស្រុក ឬ​ខាត​អន្ដរជាតិ ដែល​នេះ​អាស្រ័យ​លើ​ការសិក្សា​របស់​អាកាសច​រ​ស៉ី​វិល និង​ក្រសួង​ពាក់ព័ន្ធ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី​។​
 
​បើតាម​លោក ស្វាយ សំ​អ៊ាង មូលហេតុ​ដែល​ត្រូវ​រៀបចំ​ទីតាំង​ព្រលានយន្តហោះ​ថ្មី​នេះ ដោយសារតែ​ទីតាំង​ចាស់ ដែល​ស្ថិតនៅក្នុង​ក្រុង​សែន​មនោ​រម្យ មាន​ទំហំ​ផ្ទៃដី​១៩​ហិកតា ហើយ​មិន​អាចធ្វើ​ទំនើប​កម្មបាន ព្រោះ​នៅ​ទីនោះ មាន​លក្ខណៈ​ចង្អៀត ដោយសារតែ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ច្រើន​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​៣ ដែល​កំពុងតែ​ដំណើរការ ក្នុងនោះ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ៕
 
 

Tag:
 មណ្ឌលគិរី​
  ព្រលានយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com