COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​ឥណ្ឌា​ឡើង​លើស​មួយ​លាន​នាក់​ហើយ​
17, Jul 2020 , 11:55 am        
រូបភាព
​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ឥណ្ឌា​បាន​កើន​លើស​មួយ​លាន​នាក់​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ ដើម្បី​ទប់ស្កាត់​ការឆ្លង​កាន់តែច្រើន ការ​រឹតត្បិត​សកម្មភាព​ប្រជាជន ត្រូវបាន​អនុវត្ត​នៅតាម​តំបន់​ជាច្រើន​ក្នុងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។

 
​បើតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល​ឥណ្ឌា អ្នកជំងឺ COVID-19 មាន​សរុប​១០០៣៨៣២​នាក់ និង​ស្លាប់​ជាង​២៥០០០​នាក់​។ វិធាន​ការបិទ​ប្រទេស ត្រូវបាន​អនុវត្ត​ជាថ្មី​នៅតាម​តំបន់​ដែលមាន​ការផ្ទុះ​ករណី​ឆ្លង​ខ្លាំង បន្ទាប់ពី​បាន​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ​នាពេល​កន្លងមក​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា នៅ​ថ្ងៃទី​១៦ ខែកក្កដា រដ្ឋ Bihar ដែលមាន​ប្រជាជន​១២៥​លាន​នាក់ និង​នៅជាប់​ណេ​ប៉ាល់ ត្រូវបាន​បិទ​ម្ដងទៀត​ដោយមាន​រយៈពេល​១៥​ថ្ងៃ​។ សាលារៀន វិហារ​សាសនា កន្លែង​កម្សាន្ត និង​ទីតាំង​មិនចាំបាច់​ទូទាំង​រដ្ឋ​នេះ ត្រូវបាន​បញ្ជា​ឲ្យ​បិទ ប៉ុន្តែ​គេ​រង់​ចាំមើល​ប្រសិទ្ធភាព​បញ្ជា​នេះ​ក្នុង​រដ្ឋ​មាន​ប្រជាជន​ច្រើន​បែបនេះ​។ 
 
​ដោយឡែក ទីក្រុង​បណ្ដុំ​បច្ចេកវិទ្យា Bangalore វិញ ក៏បាន​អនុវត្ត​វិធា​ការ​រឹតត្បិត​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ហក់​ឡើង​។ កាកបាទក្រហម​អន្តរជាតិ​ព្រមាន​ថា អាស៊ី​ខាងត្បូង អាចជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 ថ្មី បន្ទាប់ពី​អាមេរិក និង​តំបន់​អាមេរិក​ខាងត្បូង​។ 
 
​នៅ​កម្រិត​ពិភពលោក COVID-19 ចម្លង​មនុស្ស​ប្រមាណ​១៣,៩​លាន​នាក់ និង​ស្លាប់​ជាង​៥៩​ម៉ឺន​នាក់​៕
 
 
 

Tag:
 ​ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com