បទវិភាគ
សង្គមជាតិ
រួមគ្នាបញ្ចប់អំពើយង់ឃ្នងលើកុមារ!
17, Jul 2020 , 12:55 pm        
រូបភាព
ស្រ្តីដៃដល់ ដែលយកកាំបិតវះមុខក្មេងស្រី កំពុងផ្តល់ចម្លើយដល់ប៉ូលិស
ស្រ្តីដៃដល់ ដែលយកកាំបិតវះមុខក្មេងស្រី កំពុងផ្តល់ចម្លើយដល់ប៉ូលិស
មហាជន ស្លុតចិត្តនិងមានក្តីអាណិតយ៉ាងក្រៃលែង ចំពោះក្មេងស្រីអាយុ៥ឆ្នាំ ឈ្មោះ វីលីយ៉ា  ដែលត្រូវស្រ្តីវ័យ៤៣ឆ្នាំ ឈ្មោះ លីវ ប៊ុនធឿន យកកាំបិតវះផ្ទៃមុខនិងក្រោមចង្កា ឲ្យរងរបួសដ៏ធ្ងន់ធ្ងរ។



ដំណើរដើមទង គឺក្មេងស្រីរងគ្រោះ បានប្រឡែងលេងជាមួយក្មេងប្រុសម្នាក់ទៀត ដែលជាកូនរបស់ស្រ្តីដៃដល់ ហើយបន្ទាប់មក ក្មេងទាំងពីរ ក៏ឈ្លោះគ្នា។ ពេលឈ្លោះគ្នា ក្មេងស្រីរងគ្រោះ បានបង្ករបួសស្នាមតិចតួចលើក្មេងប្រុស ជាកូនរបស់ស្រ្តីដៃដល់។

ស្រ្តីដៃដល់ ផ្តល់ចម្លើយដល់ប៉ូលិសថា ខ្លួនខឹងពេក រហូតដល់ដេកមិនលក់ពីរយប់ ហើយក៏សម្រេចចិត្តយកកាំបិត ទៅប្រព្រឹត្តបទល្មើសលើក្មេងស្រីរងគ្រោះតែម្តង ដើម្បីសងសឹកឲ្យកូន។ នៅចំពោះមុខប៉ូលិស ស្រ្តីដៃដល់ ប្រាប់ពីការតាំងចិត្តថា ក្មេងស្រីរងគ្រោះ បង្កស្លាកស្នាមលើកូនខ្លួនប៉ុនណា ខ្លួននឹងបង្កស្លាកស្នាមលើក្មេងស្រីរងគ្រោះ ប៉ុននោះដែរ។

គេ ពិតជាមិននឹកស្មានដល់ ថា អាចមានអំពើព្រៃផ្សៃបែបនេះ កើតឡើងសោះ ដោយគ្រាន់តែក្មេងៗឈ្លោះគ្នានិងបង្ករបួសបន្តិចបន្តួច។ អ្នករាល់គ្នា គ្រាន់តែជាអ្នកដទៃ មានក្តីឈឺចាប់ជំនួសប៉ុណ្ណឹងហ្នឹងទៅហើយ ចុះទម្រាំតែឪពុកម្តាយ បងប្អូន សាច់ញាតិរបស់ក្មេងស្រីនោះ តើនឹងពើតផ្សាកម្រិតណា?

«មកដល់ពេលនេះហើយ មិនគួរឲ្យអំពើយង់ឃ្នងណាមួយ កើតឡើងលើកុមារនោះទេ។ វា ដល់ពេល ដែលត្រូវបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារហើយ។ យើងទាំងអស់គ្នា ត្រូវរួមគ្នាទប់ស្កាត់និងបញ្ចប់ការរំលោភបំពានគ្រប់យ៉ាងលើកុមារ។ យើង ត្រូវចូលរួមការពារកុមារ»។

កុំថាឡើយដល់ថ្នាក់យកកាំបិតឬរបស់ផ្សេងទៅបង្ករបួសលើខ្លួនប្រាណកុមារ ឬក៏ប្រើដៃជើងវាយទាត់ធាក់កុមារ សូម្បីតែប្រើពាក្យសម្តីគំហក សម្លុត ឬ គំរាមកំហែង ក៏មិនត្រូវឲ្យកើតមានដែរ។ មិនចាំបាច់ដល់ថ្នាក់ប្រើអំពើឃោរឃៅលើកុមារនោះទេ ត្រឹមប្រើពាក្យសម្តីមិនល្អ ក៏អាចបង្កឲ្យកុមារ មានជំងឺផ្លូវចិត្តដែរ ហើយអាចបន្តមានបញ្ហានេះ រហូតដល់ធំ។

ចំពោះកុមារ គេ ត្រូវថ្នាក់ថ្នម ថែរក្សា និង គាំពារខ្លាំងណាស់ ទាំងរូបរាងកាយ ទាំងផ្លូវចិត្ត ដើម្បីឲ្យកុមារ មានភាពកក់ក្តៅ។ កុមារ ដែលរស់នៅដោយមានភាពកក់ក្តៅ អាចមានស្មារតីល្អ ពេលធំឡើង ហើយការសិក្សា ក៏ល្អប្រសើរដែរ។

ហេតុការណ៍ខាងលើ គឺជាទម្រង់អំពើហិង្សាមួយលើកុមារ។ នៅមានអំពើផ្សេងទៀត ដែលកុមារនៅកម្ពុជា កំពុងជួបប្រទះ ដូចជា ការជួញដូរ ការកេងកម្លាំងពលកម្ម និង ការរំលោភបំពានផ្លូវភេទ ជាដើម។

របាយការណ៍របស់មូលនិធិនៃអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ប្រចាំកម្ពុជា ដែលចេញផ្សាយកាលពីកណ្តាលឆ្នាំ២០១៩ បានសរសេរថា ពុំគួរមានកុមារណាម្នាក់ ត្រូវទទួលរងអំពើហិង្សា ការរំលោភបំពាន ឬការទុកចោលឡើយ ប៉ុន្តែនៅកម្ពុជា ស្ថានភាពទាំងនេះ កំពុងកើតទ្បើងក្នុងសភាពធ្ងន់ធ្ងរចំពោះកុមារជាច្រើននាក់។

របាយការណ៍របស់ UNICEF បង្ហាញថា ក្នុងចំណោមកុមារ២នាក់ មានកុមារម្នាក់ ទទួលរងការវាយដំលើរាងកាយធ្ងន់ធ្ងរ កុមារម្នាក់ ក្នុងចំណោម៤នាក់ ទទួលរងការរំលោភបំពានផ្លូវចិត្ត និង ម្នាក់ក្នុងចំណោម២០នាក់ ទទួលរងការរំលោភបំពានផ្លូវភេទ។ របាយការណ៍ បានឲ្យដឹងទៀតថា កុមារជាច្រើននាក់ ត្រូវបានគេជួញដូរ បង្ខំឲ្យធ្វើការងារ បំបែកចេញពីគ្រួសាររបស់គេ និង យកទៅដាក់នៅតាមមណ្ឌលថែទាំកុមារទាំងមិនចាំបាច់។

UNICEF អះអាងក្នុងរបាយការណ៍ថា៖«ជាងពាក់កណ្តាលនៃកុមារកម្ពុជា ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ»។ UNICEF បន្តថា៖«កុមារ និងក្មេងជំទង់ នៅបន្តប្រឈមខ្ពស់នៃការបោះបង់ចោលការសិក្សា ការមានផ្ទៃពោះនៅក្មេងវ័យ ការរៀបអាពាហ៍ពិពាហ៍របស់កុមារ និងអំពើហិង្សា។ មូលហេតុមួយ គឺដោយសារតែឥរិយាបថសង្គម ដែលបង្កឲ្យមានអំពើហិង្សាកើតមានឡើង និងដោយសារចំនួន សេវាគាំទ្រសម្រាប់កុមារ និងក្មេងជំទង់ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ ការងារសង្គម សុខភាព និង យុត្តិធម៌ នៅមានកម្រិតនៅឡើយ»។

UNICEF លើកឡើងថា ខ្លួន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អគ្គស្នងការនគរបាលជាតិ និង ស្ថាប័នអង្គពាក់ព័ន្ធដទៃទៀត ដើម្បីសម្រេចចក្ខុវិស័យមួយ ដែលនាំមកនូវការផ្លាស់ប្តូរសម្រាប់ប្រទេសកម្ពុជា ដោយក្នុងនោះកុមារា-កុមារី រាប់បញ្ចូលទាំងក្មេងជំទង់ផង អាចចាកផុតពីអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចនៅក្នុងផ្ទះ សាលា និង សហគមន៍របស់ពួកគេ។

UNICEF បន្ថែមទៀតថា បានផ្តោតការយកចិត្តទុកដាក់លើការកសាងក្របខ័ណ្ឌច្បាប់ ដើម្បីផ្តល់ការគាំទ្រដល់កុមារ និងក្មេងជំទង់ តាមរយៈការចាត់វិធានការបង្ការ និងឆ្លើយតបចំពោះបទល្មើសនានាឲ្យបានសមស្រប និងជំរុញឲ្យមានវប្បធម៌អហិង្សាតាមរយៈការផ្លាស់ប្តូរឥរិយាបថនៅក្នុងសង្គមកម្ពុជា។

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ចេញផែនការរយៈពេល៥ឆ្នាំ ក្នុងការទប់ស្កាត់ និងការបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា៕

Tag:
 កុមារ
  អំពើហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com