ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ទម្លាប់​ទាំងនេះ​អាចធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​អាយុ​
17, Jul 2020 , 8:59 pm        
រូបភាព
​គ្មាន​នរណា​ចង់ឱ្យ​ខ្លួនឯង​មើលទៅ​ចាស់​ជាង​វ័យ​ឡើយ​។ បញ្ហា​នៃ​ភាព​ចាស់​ជាង​វ័យ​អាច​បណ្ដាលមកពី​ទម្លាប់​មួយចំនួន​ដែល​គ្រប់គ្នា​មិន​អើពើ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​ផ្លាស់ប្ដូរ​ចេញ​ប្រសិនបើ​ចង់​រក្សាបាន​នូវ​ភាព​ក្មេង​ជាង​វ័យ ៖

 
១. ការថែរក្សា​ស្បែក​មិនបាន​ត្រឹមត្រូវ​
 
​ស្បែក​ប្រែជា​ឆាប់​ចាស់​ជាង​វ័យ​ដោយសារ​ទម្លាប់​មិនល្អ​នៃ​ការថែរក្សា​របស់​នារីៗ​ភាគច្រើន​។ ស្ត្រី​មួយចំនួន​លាង​សម្អាត​ស្បែក​មុខ​ច្រើនដង​ពេក​ក្នុង​មួយថ្ងៃ ខណៈដែល​អ្នកខ្លះ​មិន​លាង​សម្អាត​ស្បែក​មុខ​សោះ​។ នារី​មួយចំនួន​មិន​ព្រម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ខណៈដែល​អ្នក​ខ្លះទៀត​ប្រើប្រាស់​ផលិតផល​មិន​សាក​សម​នឹង​ប្រភេទ​ស្បែក​របស់​ពួកគេ​។ នៅពេល​ទិញ​ផលិតផល​ថែរក្សា​សម្រស់​វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ជ្រើស​រូបមន្ត​ណា​ដែល​សាក​សម​សម្រាប់​ប្រភេទ​នៃ​ស្បែក​។ ហើយ​អ្នក​ក៏​គួរ​ពិចារណា​ប្រើប្រាស់​ផលិតផល​បែប​ធម្មជាតិ​ផងដែរ​ទើប​ប្រសើរ​។​
 
២. ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើនពេក​
 
​ការដែល​ប៉ះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើនពេក​អាច​ជះ​ផល​អាក្រក់​ច្រើនជាង​ល្អ​។ ពន្លឺព្រះអាទិត្យ​លើសលប់​អាច​បណ្ដាលឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផងដែរ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរប្រើ​ប្រាស់​ឡេ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ដែលមាន​ផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេល​ចេញ​ក្រៅ​ក្រោយ​ម៉ោង ១០ ព្រឹក​និង​មុន​ម៉ោង ៤ ល្ងាច​។​
 
៣. មិន​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
 
​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​ក៏​ចាំបាច់​ណាស់ដែរ​សម្រាប់រ​ក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​។​
 
៤. ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ក្នុង​កម្រិត​មធ្យម​មិន​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស គ្រឿង​ស្រវឹង​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ខណៈដែល​ការទទួល​ទាន​លើស​នេះ​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​និង​បញ្ហា​ផ្សេងៗ​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ជា​លទ្ធផល​ស្បែក​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដោយ​ប្រែជា​ស្ងួត​គ្មាន​សំណើម ឆាប់​ជ្រីវជ្រួញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើអោយ​ស​សៃ​ឈាម​រីក​ធំ​បណ្ដាលអោយ​ស្បែក​ប្រែជា​ស្រអាប់​។​
 
៥. ការជក់បារី​
 
​បារី​មាន​ផ្ទុក​ពោរពេញ​ទៅដោយ​សារធាតុ​ពិល​រាប់ពាន់​ប្រភេទ​ដែល​នៅពេល​ជក់​វា​អាច​ជ្រាបចូល​ក្នុង​រាងកាយ​ដែល​មិន​ត្រឹមតែ​ជះ​ផលប៉ះពាល់​ដល់​សួត​និង​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមបញ្ចូល​ទាំង​កូ​ឡា​ជែ​ន​និង​ភាព​តឹង​ណែន​នៃ​ស្បែក​ផងដែរ​។​
 
៦. ស្ត្រេ​ស​ពេក​
 
​ធ្លាប់​ដឹង​ទេ​ថា​ភាព​ស្ត្រេ​ស​ពេក​នឹងធ្វើ​ឱ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​តាមរយៈ​សកម្មភាព​ណាមួយ​ដែល​អ្នក​គិតថា​សាក​សម​នឹងមាន​ប្រសិទ្ធភាព​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com