ពីនេះ ពីនោះ
សុខភាព
ពូកែ​ងងុយគេង​ខ្លាំង​ពេល​ថ្ងៃ​? កុំ​រំលង​អត្ថបទ​នេះ​
18, Jul 2020 , 6:59 am        
រូបភាព
​ងងុយគេង​ខ្លាំង​ពេល​ថ្ងៃ​មិនដឹង​ធ្វើ​បែបណា​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​ទប់ទល់ ៖

 
១. ត្រូវ​ប្រាកដថា​អ្នក​គេង​បាន​គ្រប់គ្រាន់​នៅពេល​យប់​
 
​សម្រាប់​មនុស្ស​មួយចំនួន រយៈពេល ៧ ម៉ោង​គឺ​គ្រប់គ្រាន់​ហើយ​ដើម្បី​គេង​ឆ្អែត ខណៈដែល​អ្នកខ្លះ​ត្រូវការ​ពេល​ដល់​ទៅ ៩ ម៉ោង​។ ដូច្នេះ​ចូរ​សម្គាល់​មើលថា​តើ​រាងកាយ​របស់​អ្នកត្រូវការ​ពេល​ប៉ុន្មាន​ម៉ោង​ដើម្បី​គេង​ឆ្អែត​បាន​ពេញកម្លាំង​។​
 
២. ក្រោក​នៅ​ម៉ោង​ដដែលៗ​រាល់ថ្ងៃ​
 
​មិន​ថា​វា​ជា​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​សម្រាក​ឡើយ ចូរ​ព្យាយាម​ក្រោក​នៅ​ម៉ោង​ដដែល​ជាប្រចាំ​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​អ្នក​អាច​ទប់ទល់​ភាព​ងងុយគេង​ខ្លាំង​កំឡុងពេល​ថ្ងៃ​បាន​យ៉ាង​ប្រសើរ​។​
 
៣. ចូល​គេង​នៅ​ម៉ោង​ដដែល​រាល់​យប់​
 
​អ្នក​ប្រាកដជា​ងាយ​នឹង​ទប់ទល់​ភាព​ល្វើយ​និង​ងងុយគេង​ពេញ​មួយថ្ងៃ​បាន​ប្រសិនបើ​អ្នក​ព្យាយាម​គេង​នៅ​ម៉ោង​ដដែល​រាល់​យប់​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​គេង​បាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​។​
 
៤. អនុញ្ញាតឱ្យ​ខ្លួនឯង​ត្រូវ​ពន្លឺព្រះអាទិត្យ​យ៉ាងហោចណាស់ ៣០ នាទី​ជាប្រចាំ​
 
​ការ​ស្ថិតក្រោម​ពន្លឺព្រះអាទិត្យ​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ​ចន្លោះ​ម៉ោង ១០ ព្រឹក​និង ៤ ល្ងាច គឺ​ចាំបាច់​ណាស់​ចំពោះ​ទាំង​សុខភាព ព្រមទាំង​អាច​ទប់ស្កាត់​ភាព​ងងុយគេង​ខ្លាំង​កំឡុងពេល​ថ្ងៃ​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​ជា​វិធី​ដ៏​ប្រសើរ​នឹង​ងាយ​បំផុត​មួយ​ដើម្បី​បំបាត់​ភាព​ងងុយគេង​ខ្លាំង​ពេល​ថ្ងៃ​។ ទោះជា​យ៉ាងណា​ចៀសវាង​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​យ៉ាងហោចណាស់ ៣ ម៉ោង​មុន​ចូល​គេង​។​
 
៦. ចៀសវាង​ពឹង​ផ្អែកលើ​គ្រឿង​ស្រវឹង​ដើម្បី​គេង​លក់​ពេលយប់​
 
​គ្រឿង​ស្រវឹង​អាច​បណ្ដាលឱ្យ​អ្នក​គេង​មិន​ស្កប់ ជា​លទ្ធផល​នៃ​ភាព​អស់កម្លាំង​ល្វើយ​នៅ​ព្រឹក​បន្ទាប់​។​
 
៧. កម្ចាត់​ភាព​ងងុយ​ដោយ​ការធ្វើ​កាយវិការ​
 
​ភ្លាមៗ​នៅពេល​អ្នកមាន​អារម្មណ៍​ចង់​គេង ចូរ​ក្រោក​ឡើង​រួច​ធ្វើ​សកម្មភាព​រាងកាយ​។ អ្នក​អាច​ដើរ​ចុះឡើង ឬ​ទៅវិញទៅមក​។​
 
៨. ទទួលទាន​ទឹក ១ កែវ​
 
​មនុស្ស​ភាគច្រើន​នឹង​ចាប់ផ្ដើម​ទទួលទាន​កាហ្វេ​ដើម្បី​ទប់ទល់​ភាព​ងងុយគេង​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនអាច​ទទួលទាន​កាហ្វេ​បានទេ​នោះ ចូរ​សាកល្បង​ទទួលទាន​ទឹក ១ កែវ​ជំនួស​វិញ​ដើម្បី​កម្ចាត់​ភាព​ងងុយ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com