ការគាំទ្រក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 សម្រាប់ប្រទេសក្រីក្រ គឺនៅមានភាពខ្វះខាតច្រើន។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសម្របសម្រួលជំនួយអាសន្ន (OCHA) លោក Mark Lowcock បញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែកក្កដា ដោយបានស្នើសុំឲ្យប្រទេសអ្នកមានៗផ្ដល់លុយជំនួយបន្ថែមទៀត។
អង្គការសហប្រជាជាតិ (UN) បានបង្កើនការអំពាវនាវជំនួយមនុស្សធម៌រហូតដល់ ១០,៣ពាន់លានដុល្លារ ដើម្បីជួយរដ្ឋចំនួន ៦៣ ដែលភាគច្រើនក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន ក្នុងគោលដៅទប់ស្កាត់ការរាលដាល COVID-19 និងដោះស្រាយផលប៉ះពាល់បង្កឡើងដោយជំងឺនេះ។
ការស្នើសុំលុយពីសំណាក់ UN ថ្មីនេះ គឺកើនឡើងពីសំណើដំបូងកាលពីខែមីនា ២ពាន់លានដុល្លារ ហើយក្រោយមកខែឧសភា ៦,៧ពាន់លានដុល្លារ។ ហើយគិតមកទល់ពេលនេះ លោក Lowcock និយាយថា អង្គការសហប្រជាជាតិ ទើបតែទទួលបានលុយ ១,៧ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿលឿន G-20 រៀបចំជួបគ្នាតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៨ ខែកក្កដា លោក Lowcock ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«សារទៅកាន់ក្រុមប្រទេស G-20 គឺ ផ្ដល់ជំនួយពេលនេះ ឬបង់ខាតពេលក្រោយ»។
ជំងឺរាតត្បាតសកល COVID-19 បានចម្លងមនុស្សយ៉ាងតិច ១៣,៩លាននាក់ហើយ ខណៈអ្នកស្លាប់មានរហូតដល់ ៥៨៤ ០០០នាក់ នៅទូទាំងពិភពលោក។ ត្រង់ចំណុចនេះ អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើគ្មានសកម្មភាពណាមួយត្រូវបានដាក់ចេញទេនោះ ជំងឺ COVID-19 និងវិបត្តិសេដ្ឋកិច្ចសកល នឹងបង្កកំណើនក្នុងភាពក្រីក្រសកលជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក ហើយរុញច្រានមនុស្ស២៦៥លាននាក់ឲ្យធ្លាក់ចូលភាពអត់ឃ្លាន។
បើតាម Reuters លោក Lowcock បញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោកបានបញ្ចុះបញ្ចូលសមាជិកសភាអាមេរិកឲ្យបញ្ចេញជំនួយ។ គណៈកម្មាធិការសភាតំណាង បានដាក់ស្នើកញ្ចប់ជំនួយអន្តរជាតិ ១០
ពាន់លានដុល្លារ ហើយមកទល់ពេលនេះ សភាអាមេរិកបានផ្ដល់ ២,៤ពាន់លានដុល្លារក្នុងជំនួយបរទេសអាសន្ន។
ចំណែក ក្នុងខែឧសភា ប្រធានាធិបតីចិន ស៊ី ជិនភិង បានសន្យាផ្ដល់លុយ២ពាន់លានដុល្លារដើម្បីជួយដោះស្រាយវិបត្តិ COVID-19 អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងបណ្ដាប្រទេសរងគ្រោះ ជាពិសេសក្នុងរដ្ឋកំពុងអភិវឌ្ឍ៕