COVID-19
ជាតិ
សុខភាព
កម្ពុ​ជាមាន​អ្នកជំងឺ COVID-19 ចំនួន​១៧១​ករណី ក្នុងនោះ​៣៨​នាក់ កំពុង​សម្រាក​ព្យាបាល​
17, Jul 2020 , 2:51 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល
ដោយ: រួបរួម
​អ្នក​កើត​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​កម្ពុជា​ឡើងដល់​១៧១​នាក់​ហើយ បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​ជូន​ព័ត៌មាន​ពី​ករណី​វិជ្ជមាន​៥​នាក់​បន្ថែមទៀត នា​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា នេះ​។

 
​ក្នុងចំណោម​អ្នកជំងឺ​ទាំង​១៧១​នាក់ មាន​ប្រុស​១២៩​នាក់ និង​ស្រី​៤២​នាក់  ដោយមាន​១៣៣​នាក់ ដែល​ស្មើនឹង​៧៧.៧៨​ភាគរយ បានជា​សះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ​ដោយមាន​បុរស ៩៤​នាក់ និង​ស្រី​៣៩​នាក់​។​
 
​អ្នកជំងឺ​៣៨​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​រួមមាន ជនជាតិខ្មែរ​៧​នាក់ (​ស្រី​១​នាក់​) ពី​ឥណ្ឌូណេស៊ី​​បុរស​ជនជាតិខ្មែរ​២៥​នាក់ ពី​អា​រ៉ា​ប៊ី​សា​អូឌីត ជនជាតិខ្មែរ​៣​នាក់ (​ស្រី​១​នាក់​) ពី​សហរដ្ឋអាមេរិក​និង​ជនជាតិ​អាមេរិក​២​នាក់ ដែល​ទើប​មកពី​សហរដ្ឋអាមេរិក​។​
 
​បើ​គិត​ចាប់តាំងពី​កម្ពុជា បើកទូលាយ​លើ​ជើងហោះហើរ​ឡើងវិញ ករណី​ឆ្លង​ចុងក្រោយ សុទ្ធតែជា​ករណី​នាំចូល​ដែល​ត្រូវបាន​តេស្ត​ឃើញ​ក្រោយ ដែល​អ្នកជំងឺ​ធ្វើដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ករណី​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ក្រោយ​ពេលដែល​កម្ពុជា​កំណត់​សេវាកម្ម​ព្យាបាល​លើ​ជនបរទេស មាន​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែលជា​សះស្បើយ និង​អាមេរិក​២​នាក់ ប៉ុណ្ណោះ​ដែល​តេស្ត​ឃើញ​នៅ​កម្ពុជា​។​
 
​ជារួម​ករណី​ឆ្លង​កូ​វីដ​-១៩ ទាំង​១៧១​ករណី​នៅ​កម្ពុជា មាន​ខ្មែរ​៩៧​នាក់ បារាំង​៤០​នាក់ ម៉ាឡេស៊ី​១៣​នាក់ អង់គ្លេស​៥​នាក់ អាមេរិក​៤​នាក់ ចិន​៣​នាក់ ឥណ្ឌូណេស៊ី​៣​នាក់ វៀតណាម​៣​នាក់ កាណាដា​២​នាក់ និង​បែលហ្ស៊ិក​១​នាក់​។ អ្នក​ដែល​ស្ថិតក្រោម​ការព្យាបាល​មាន​ខ្មែរ​៣៦​នាក់ និង​អាមេរិក​២​នាក់ ដោយ​កម្ពុជា​មិនមាន​ករណី​ស្លាប់​ឡើយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com