អន្តរជាតិ
យ៉ាងតិច១៤១នាក់ស្លាប់ឬបាត់ខ្លួន ឯរាប់លាននាក់ជម្លៀសខ្លួនដោយសារទឹកជំនន់នៅចិន
× អាជ្ញាធរចិន បានចេញសេចក្តីព្រមានគ្រោះទឹកជំនន់ថែមទៀតលើទន្លេយ៉ង់សេ របស់ចិន នៅថ្ងៃទី ១៧ ខែកក្កដា ខណៈភ្លៀងខ្លាំងត្រូវបានព្យាករក្នុងបណ្ដាខេត្តភាគខាងត្បូងនៃប្រទេស។
ទូរទស្សន៍រដ្ឋចិន CGTN បានរាយការណ៍ថា យ៉ាងតិចមនុស្ស១៤១នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន ហើយជាង២,២លាននាក់ទៀត បានជម្លៀសចេញពីទីលំនៅពួកគេ ដោយសារគ្រោះទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសចិនដែលចាប់ផ្ដើមតាំងពីខែមិថុនាមក។
កម្រិតទឹកក្នុងផ្នែកកណ្ដាលនិងក្រោមនៃទន្លេយ៉ង់សេ បានបន្តកើនឡើង។ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយបែបនេះ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីធនធានទឹកចិន អឺ ជីងភីង (E Jingping) នៅថ្ងៃទី ១៦ ខែកក្កដា។ លោករដ្ឋមន្ត្រីបន្តថា ការឡើងកម្ពស់ទឹក កើតឡើង១២ថ្ងៃក្រោយកម្រិតទឹកផ្នែកខ្លះក្នុងទន្លេនេះបានកើនលើសកម្រិតអាសន្ន។
បើតាម Xinhua លោក អឺ ថ្លែងអំឡុងសន្និសីទព័ត៌មានថា ការឆ្លើយតបប្រឆាំងគ្រោះទឹកជំនន់របស់រដ្ឋាភិបាលចិន គឺផ្ដោតសំខាន់លើតំបន់ចំនួន៣ ។ លោក បកស្រាយថា ទី១ គឺ សម្របសម្រួលការគ្រប់គ្រងទឹកជំនន់តាមដងទន្លេយ៉ង់សេ និងអាងស្ដុកទឹកជ្រោះបី (Three Gorges) ហើយទី២ គឺ ត្រួតពិនិត្យប្រព័ន្ធការពារទឹកជំនន់នៅខេត្តជាំងស៊ូ និងបឹងទឹកសាប Tai និងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុតក្នុងអាងទឹកទន្លេហួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋាភិបាល យោធា និងអ្នកស្ម័គ្រចិត្ត កំពុងញាប់ដៃញាប់ជើងផ្ដល់ជំនួយគ្រាអាសន្នដល់ជនរងគ្រោះ។ វីដេអូដែលចាក់ផ្សាយលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញថា កងទ័ពបានលីបាវខ្សាច់ធ្វើទំនប់ទឹកក្នុងខេត្តជាំងស៊ូ និងហ៊ូប៉ី ដើម្បីបន្ថយល្បឿនទឹកហូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com