កញ្ញា សរ សុផានី និងសរ សុផានីន គឺជាបងប្អូនភ្លោះ ដែលមានបុគ្គលិកលក្ខណៈ និងចំណូលចិត្ត ដូចគ្នាស្ទើរទាំងស្រុង។ អ្នកទាំងពីរ ស្រឡាញ់ចូលចិត្តវិស័យសិល្បៈតាំងតែពីតូច ដោយបានលួចរៀនគំនូររហូតក្លាយជាវិចិត្រការិនីដោយមិនឲ្យក្រុមគ្រួសារដឹង។ មានជំនាញគំនូរច្បាស់លាស់ វិចិត្រការិនីកូនភ្លោះវ័យ៣១ឆ្នាំ កំពុងផ្ទេរចំណេះរបស់ខ្លួន ទៅកាន់សិស្សជាច្រើននាក់ នៅឯខេត្តសៀមរាប ដែលជាទឹកដីកំណើតផងដែរ។ ក្រៅពីគំនូរ កញ្ញាទាំងពីរ ក៏បានហាត់ក្បាច់គុនល្បុក្កតោបានកម្រិតក្រមាត្នោត និងកំពុងរៀនឧបករណ៍ សាដៀវ និងពិន ដែលមិនសូវមានអ្នកចាប់អារម្មណ៍រៀនផងដែរ។ កូនភ្លោះមួយគូនេះ យល់ថា ការរៀនសិល្បៈ មិនត្រឹមតែបានចេះដឹងនោះទេ តែវាថែមបានទាំងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ផងដែរ។
នៅវេលាប្រមាណ៩ព្រឹក នៅអង្គការពន្លឺធម្មជាតិនៃកម្ពុជា ដែលស្ថិតនៅបណ្តោយវិថីព្រះសង្ឃរាជ ទេព វង្ស ក្រុងសៀមរាប ខេត្តសៀមរាប វិចិត្រការិនីកូនភ្លោះ គឺកញ្ញា សរ សុផានី និងកញ្ញា សរ សុផានីនជាប្អូន កំពុងតែយកចិត្តទុកដាក់បង្ហាត់បង្ហាញការគំនូរ ទៅដល់កូនសិស្សរបស់ខ្លួនចំនួន៥នាក់។ ចំណុចដែលអាចសម្គាល់បានភ្លាមៗរវាងអ្នកទាំងពីរ គឺត្រង់ សុផានី មានប្រជ្រុយនៅក្រោមបបូរមាត់។
កញ្ញា សរ សុផានី ជាអ្នកគ្រប់គ្រងអង្គការពន្លឺធម្មជាតិនៃកម្ពុជា និងជាអ្នកបង្រៀនគំនូរផង។ ចំណែកប្អូនភ្លោះរបស់នាង ឈ្មោះ សរ សុផានីន ជាវិចិត្រការិនី និងជាអតីតអ្នកគ្រប់គ្រងផ្នែកចម្លាក់ឈើ និងថ្ម នៅក្រុមហ៊ុនចម្រុះសិប្បករអង្គរ (Artisans d’ Angkor) ដែលបានឆ្លៀតពេលទំនេរពីការងាររបស់ខ្លួនរបស់ជួយបង្រៀនសិស្សនៅទីនេះ នៅថ្ងៃចុងសប្តាហ៍ផ្នែកក្បាច់ខ្មែរ។ កូនភ្លោះដូច វ័យ៣១ឆ្នាំមួយគូនេះ កើតនៅភូមិតាភុល សង្កាត់ស្វាយង្គំ ស្រុកសៀមរាប ខេត្តសៀមរាប និងមានម្តាយជាមេផ្ទះ និងឪពុកជានិវន្តន៍ជនជំនាញជួសជុលប្រាសាទបុរាណ ។
ពួកគេបានប្រាប់សារព័ត៌មានថ្មីៗថា កាលពីពួកគេនៅតូច ចាស់ៗតែងតែនិយាយថា ថា ជំនាញគំនូរ ឬក៏ផ្នែកសិល្បៈនេះ មិនអាចរកប្រាក់ចំណូលចិញ្ចឹមខ្លួនបានសមរម្យនោះទេ ហើយវាគឺជាផ្នែកមួយដែល ក្រុមគ្រួសាររបស់ខ្លួន មិនចង់ឲ្យរៀនជំនាញពាក់ព័ន្ធនឹងសិល្បៈដែរ។ ប៉ុន្តែដោយសារការស្រឡាញ់ អ្នកទាំងពីបានលួចលាក់រៀនគំនូរ នៅឆ្នាំ២០០៩ ក្នុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញរដ្ឋបាលសម្រាប់អាជីវកម្ម និងធនាគារ និងហិរញ្ញវត្ថុ ដោយមិនឲ្យគ្រួសារដឹងនោះឡើយ។
កញ្ញា សុផានី យល់ផ្ទុយពីនេះ ដោយលើកឡើងដូច្នេះ៖«គំនូរអ្នកជំនាន់មុន និងជំនាន់នេះក៏ដោយ ដែលចាស់ៗចំណាំតែនិយាយថា ចិញ្ចឹមខ្លួនអត់រស់! ដោយសារតែយើងនៅប្លុកយើង។ ឧទាហរណ៍ថា យើងមានហាងលក់គំនូរតាមអង្គរ យើងគូរតែគំនូរយើងហ្នឹង មានន័យថាយើងលក់គំនូរបានតែប្រជាជនយើងទេ។ បើសិនបើឡូកវាឲ្យដល់ យើងត្រូវស្វែងយល់ថា យើងគូរសម្រាប់លក់ឲ្យតែភ្ញៀវខ្មែរ ឬក៏សម្រាប់បរទេស។ យើងលក់ថ្ងៃហ្នឹងអត់ដាច់ បានន័យថាយើងធ្វើអត់ស្អាត អត់ទាន់ដល់កម្រិតដែលគេស្រឡាញ់។ តែពេលខ្លះយើងគូររូបស្អាតហើយ តែវានៅដដែលៗ ពេលដែលយើងច្បាស់ហើយ គួរធ្វើអ្វីដែលប្លែកផង និងស្វែងយល់ពីអតិថិជន»។
សម្រាប់បងប្អូនភ្លោះមួយគូនេះ យល់ថាការងារអ្វីក៏ដោយ ក៏មានតម្លៃដែរ សំខាន់ឲ្យតែពួកគេស្រឡាញ់ និងរីករាយនឹងការងារនោះ។ ហើយក៏ព្រោះតែក្តីស្រឡាញ់នេះហើយ ទើបនាំឲ្យកូនភ្លោះវ័យ៣១ឆ្នាំ មួយគូនេះ ក្លាយជាវិចិត្រករដូចបច្ចុប្បន្ន ហើយស្នាដៃគំនូររបស់អ្នកទាំង២ ត្រូវបានយកទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ទាំងនៅក្នុង នៅក្រៅប្រទេស។
វិចិត្រការិនីកូនភ្លោះ រួមដៃគ្នាផ្ទេរចំណេះគំនូរដល់អ្នកជំនាន់ក្រោយ
ការផ្ទេរចំណេះដឹង គឺជារឿងដែលអាចរំលងឡើយ ដើម្បីបន្តថែរក្សា និងអភិវឌ្ឍន៍នូវជំនាញណាមួយ។ ផ្នែកគំនូរ និងសិល្បៈផ្សេងៗ ក៏ដូច្នោះដែរ។ សម្រាប់វិចិត្រការិនីកូនភ្លោះ បើមិនផ្ទេរទៅអ្នកជំនាន់ក្រោយ ឬផ្ទេរមិនឲ្យអស់ នោះវាអាចនឹងបាត់បង់នូវផ្នែកណាមួយនៃចំណេះទាំងនោះទៅតាមជំនាន់មនុស្ស។ ដូច្នេះហើយបានជាអ្នកគ្រូសុផានី និងអ្នកគ្រូ សុផានីន មិនដែលលាក់ចំណេះរបស់ខ្លួននោះឡើយ។
បច្ចុប្បន្នវិចិត្រការិនីកូនភ្លោះទាំង២នាក់ កំពុងតែបណ្តុះបណ្តាល កូនសិស្សប្រមាណ ៦នាក់ ដជាប្រចាំ ក្រៅពីសិស្សដែលរៀនជាអចិន្ត្រៃយ៍នៅអង្គការ ពួកគេក៏ធ្លាប់បានបង្រៀនគំនូរព្រាង ដល់កូនសិស្សនៅសាលាមួយចំនួននៅទីរួមខេត្តសៀមរាបផងដែរ។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ សាលារៀនបានបិទ ដូច្នេះការបង្រៀនក៏ត្រូវផ្អាកដែរ។
ក្នុងរយៈពេលច្រើនឆ្នាំក្នុងការបង្រៀន អ្នកគ្រូទាំង២នាក់ អះអាងថា គ្មានពេលណាសប្បាយចិត្ត ជាងពេលឃើញស្នាដៃរបស់សិស្សល្អៗ និងទទួលបានកោតសរសើរពីអ្នកដទៃនោះទេ។ កញ្ញា សុផានី រៀបរាប់បន្ថែម៖ «សប្បាយចិត្ត នៅពេលមានភ្ញៀវបរទេស ជាពិសេសមិត្តភក្តិ ដែលជាArtist មកចឹង ឃើញស្នាដៃពួកគាត់ គេសរសើរ។ គេថាពួកគាត់ទើប ១៤ឆ្នាំ ទៅ១៥ ឆ្នាំ គូរសាហាវជាងគាត់ទៀត។ អីចឹងក៏មានមោទកភាពដែរ ដែលក្មេងយើង ទើបរៀនជាមួយយើង ប្រហែលជា៣-៤ឆ្នាំ ប៉ុន្តែគាត់មានស្នាដៃច្រើន»។
កញ្ញា ក៏សង្ឃឹមថា សិស្សរបស់ខ្លួនក៏នឹងបន្តគំរូផ្ទេរចំណេះរបស់ខ្លួននេះ ទៅអ្នកជំនាន់ក្រោយបន្តបន្ទាប់ទៀតដែរ។
រៀនសិល្បៈ បានទាំងចំណេះ ថែរក្សា និងអភិវឌ្ឍន៍
ចេះគូរគំនូរយ៉ាងចំណានហើយ បងប្អូនភ្លោះមួយគូនេះ ក៏បានទៅរៀនក្បាច់គុនល្បុកក្កតោបន្ថែមទៀត នៅក្នុងឆ្នាំ២០១៤ នៅថ្ងៃចុងសប្តាហ៍ ដើម្បីទុកជាអាវុធការពារខ្លួន។ បច្ចុប្បន្ន ពួកគេ រៀនបានកម្រិតក្រមាត្នោត។ កញ្ញា សុផានី បញ្ជាក់ថា មិនត្រឹមតែអាចការពារខ្លួនបាននោះទេ តែគុនល្បុក្កតោ បានជួយពង្រឹងស្មារតី និងភាពដល់វិចិត្រការិនីទាំង២នាក់ ដែលត្រូវការគំនិតច្នៃប្រឌិតថ្មីៗ និងសេចក្តីស្ងប់អារម្មណ៍នោះ។
ចំណេះជំនាញគំនូរ និងគុនល្បុក្កតោ ដែលពួកគេបានចេះចាំ នឹងក្លាយជាផ្នែកមួយនៃការថែរក្សាសិល្បៈ វប្បធម៌ខ្មែរ ដែលដូនតាបានបន្សល់ទុកមកដែរ។ នេះបើតាមសុផានីន ដែលជាប្អូន ដោយនាងបញ្ជាក់ដូច្នេះ៖ «មនុស្សម្នាក់ៗ បើគ្រាន់តែនិយាយថា ស្រឡាញ់វាអត់គ្រប់គ្រាន់ទេ។ អីចឹងយើងទៅរៀន យើងបានទាំងបានអភិរក្ស យើងបានទាំងថែរក្សា យើងបានទាំងដឹង ទាំងអីទាំងអស់។ យើងម្នាក់ យើងអាចចូលរួមថែរក្សាបានម្នាក់ ចុះបើអ្នកចូលរួមរៀន ១០០នាក់ទៅ យ៉ាងហោចក៏មាន១០០នាក់បានថែរក្សាដែរ»។
មិនត្រឹមតែជាវិចិត្រការិនីដ៏ចំណាន ជាអ្នកចេះក្បាច់គុនបុរាណខ្មែរនោះទេ កូនភ្លោះគូនេះ ក៏កំពុងរៀនឧបករណ៍ភ្លេងខ្មែរ គឺសាដៀវ និងពិន ដែលមិនសូវមានអ្នកចាប់អារម្មណ៍បន្ថែមទៀតផងដែរ។ ហើយទៅថ្ងៃមុខ ពួកគេថា នឹងនៅតែមុះមុតបន្តស្វែងរកចំណេះជុំវិញផ្នែកសិល្បៈនេះបន្ថែមទៀត៕