COVID-19
អន្តរជាតិ
ចិន​បិទ​ទីក្រុង​ធំជាងគេ​នៅ​ភាគ​ខាងលិច បន្ទាប់ពី​រកឃើញ COVID-19 មួយ​ករណី​
17, Jul 2020 , 9:29 pm        
រូបភាព
បុគ្គលពេទ្យចិន បាញ់ថ្នាំសម្លាប់វីរុស។ រូបភាព៖ AFP
បុគ្គលពេទ្យចិន បាញ់ថ្នាំសម្លាប់វីរុស។ រូបភាព៖ AFP
​ទីក្រុង Urumqi ដែល​ស្ថិតក្នុង​ខេត្ត​ស៊ីន​ជាំ​ង ត្រូវ​អាជ្ញាធរ​ចិន​បិទ​ភ្លាមៗ នៅ​ថ្ងៃទី​១៦ ខែកក្កដា បន្ទាប់ពី​រកឃើញ​អ្នកជំងឺ COVID-19 ម្នាក់​។ ការបិទ​ក្រុង​នេះ ធ្វើ​ឲ្យ​អ្នកដំណើរ​មួយចំនួន ត្រូវ​ជាប់គាំង​ព្រោះ​ជើងហោះហើរ​ត្រូវ​លុបចោល ហើយ​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ត្រូវ​ផ្អាក ខណៈ​ប្រជាជន​នៅក្នុង​ទីក្រុង​សម្រុក​ទៅ​ទិញ​អាហារ​ទុក​។



​ក្រុង Urumqi ខេត្ត​ស៊ីន​ជាំ​ង គឺជា​ក្រុង​មួយ​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​៣,៥​លាន​នាក់​។ បន្ទាប់ពី​រកឃើញ​ស្ត្រី​ម្នាក់​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស អាជ្ញាធរ​បាន​បិទ​ខ្សែ​រថភ្លើង​ក្រោម​ដី និង​រឹតត្បិត​ជើងហោះហើរ​ទាំង​មកដល់ និង​ចាកចេញ​ដែល​អ្នកដំណើរ​មួយចំនួន​ត្រូវ​ជាប់គាំង​ក្រោយ​ការបិទ​ភ្លាមៗ​បែបនេះ​។ ចំណែក​ប្រជាជន​នៅក្នុង​ទីក្រុង​វិញ បាន​សម្រុក​ទៅ​ទិញ​ស្បៀងអាហារ​ទុក បន្ទាប់ពី​អាជ្ញាធរ​លើកឡើង​ពី​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ក្នុង​ទីក្រុង​។ 
 
​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​ក្រុង Urumqi ក្នុង​ថ្ងៃទី​១៧ ខែកក្កដា អាជ្ញាធរ នឹង​ទប់ស្កាត់​ការចម្លង COVID-19 តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​លើ​តំបន់​មាន​មនុស្ស​ច្រើន ការត្រួតពិនិត្យ​នៅតាម​តំបន់​មួយចំនួន ការដាក់​កាមេរ៉ា​ពិនិត្យ​កម្តៅ​នៅតាម​មន្ទីរពេទ្យ និង​វិធានការ​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ។​
 
​បើតាម​គណៈកម្មការ​សុខាភិបាល​ក្រុង Urumqi មនុស្ស ៣​នាក់​ទៀត ដែល​ជិតស្និទ្ធ​នឹង​ស្ត្រី​ខាងលើ គឺជា​ករណី ដែល​មិន​ចេញ​រោគសញ្ញា និង​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​។ នៅ​ថ្ងៃទី​១៧ ខែកក្កដា ក្រុង​មួយ​នេះ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ចំនួន ៥​ករណី​បន្ថែមទៀត​។ 
 
​ការបិទ​ក្រុង​នៃ​ខេត្ត​ស៊ីន​ជាំ​ង​ភ្លាមៗ​បែបនេះ គឺ​ដោយសារ​ប្រព័ន្ធ​សុខាភិបាល​របស់​ទីក្រុង​មិន​ខ្លាំង​ដូច​តំបន់​ដទៃ​។ អ្នកលេង​បណ្តាញ​សង្គម​របស់​ចិន​Weibo ម្នាក់ បាន​យល់ឃើញ​បែបនេះ ដោយ​បន្ថែមថា ប្រព័ន្ធ​សុខាភិបាល​ក្រុង​ភាគ​ខាងលិច គឺ​មិនល្អ​ដូច​តំបន់​ផ្សេង​ទៀតឡើយ ហើយ​ការបិទ​ក្រុង​បែបនេះ គឺជា​ជម្រើស​ល្អ​បំផុត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ 
 
​សូមបញ្ជាក់ថា បើទោះបីជា​ស្ថានភាព​COVID-19 នៅ​ប្រទេស​ចិន​មាន​សភាព​ស្ងប់ស្ងាត់​មែន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​អាជ្ញាធរ​ចិន មិនបាន​ធ្វេសប្រហែស​ឡើយ ព្រោះ​ខ្លាច​ផ្ទុះ​ករណី​ឆ្លង COVID-19 ឡើងវិញ​។ កន្លងមក នៅក្នុង​ទីក្រុង​ប៉េកាំង អាជ្ញាធរ​ចិន បាន​បិទ​សាលារៀន បិទ​តំបន់​ក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​ជាថ្មី​។ ជា​លទ្ធផល អាជ្ញាធរ​ក៏​អាច​ទប់ស្កាត់​ករណី​ឆ្លង​ក្នុង​រដ្ឋធានី​បាន​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ចិន​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៨៣៦២២​ករណី អ្នកស្លាប់ ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨៧៣៧​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com