ជាតិ
សង្គម​ស៊ីវិល ៤ ប្រកាស​មិន​កែតម្រូវ​របាយ​ការណ៍​របស់ខ្លួន តាម​សំណើ​សមាគម​ធនាគារ និង​ហិរញ្ញវត្ថុ​ឡើយ​
17, Jul 2020 , 11:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់
រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់
​ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល​៤ ប្រកាស​មិន​កែតម្រូវ​របាយ​ការណ៍​របស់ខ្លួន តាម​សំណើ​របស់​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ឡើយ ជុំវិញ​បញ្ហា​បំណុល​នៅ​កម្ពុជា​។​


​សមាគម​ធនាគារ​និង​សមាគម​ហិរញ្ញវត្ថុ បានស្នើ​ឱ្យ​សង្គម​ស៊ីវិល​ទាំង​៤ ពិនិត្យ​របាយការណ៍​ឡើងវិញ ស្តីពី​ការនាំ​ឲ្យ​មាន​ចំណាកស្រុក​, ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ និង ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក ។ របាយការណ៍​ទាំងនេះ ចេញ​ដោយ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធមនុស្ស លីកាដូ​(LICADHO), មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​សង់​ត្រា​ល់​(CENTRAL),​សម្ព័ន្ធ​សហជីព​កម្ពុជា​(CATU) និង សមាគម​ធាងត្នោត​(Sahmakum Teang Tnaul) ។ 
 
​លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ បាន​អះអាង​ការពារ​ថា របាយការណ៍​ចេញផ្សាយ​កន្លងមក គឺមាន​អព្យាក្រឹត តម្លាភាព គ្មាន​ចេតនា​ញុះញង់​ឡើយ ដូច្នេះ​គ្មានអ្វី​ត្រូវ​កែតម្រូវ​ឡើយ​។ លោក សង្កត់ធ្ងន់ថា គោលបំណង​ដែល​ធ្វើ​របាយការណ៍​នេះ​ឡើង គឺ​ដើម្បី​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​បញ្ហា​កម្ចី​ហិរញ្ញវត្ថុ​និង​ការរំលោភ​សិទ្ធិមនុស្ស ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​។ ជាពិសេស​ជួយ​ឱ្យ​ពលរដ្ឋ​ទទួល​កម្ចី​ប្រកបដោយ​គុណភាព គ្មាន​ការរំលោភ​សិទ្ធមនុស្ស​។ 
 
«​អង្គការ​លីកាដូ ក៏ដូចជា​អង្គការ​ទាំង​៣​ទៀត នៅតែ​រក្សា​ជំហរ​លើ​របាយការណ៍​ដែល​ពួកយើង​ស្រាវជ្រាវ​ដដែល ហើយ​យើង​ក៏​សំណូមពរ​ឲ្យ​សមាគម​ទាំង​២ មានការ​ពិនិត្យឡើងវិញ​លើ​របាយការណ៍​ទាំង​៣​ឲ្យ​បាន​ល្អិតល្អន​វិញ​ផងដែរ​»​។ នេះ​បើតាម​លោក សំអាត ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើ​គ្មាន​អ្នក​អើពើ​លើ​បញ្ហា​កម្ចី​ហិរញ្ញវត្ថុ​នេះ វា​នឹង​កើតមាន​បញ្ហា​មិនចេះចប់​ឡើយ​នៅ​ថ្ងៃមុខ​។​
 
​សមាគម​ធនាគារ​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កំពុង​ពិភាក្សា​ផ្ទៃក្នុង ដើម្បី​រក​យន្តការ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ​អង្គការ​ទាំង​៤ ដែល​នៅតែ​អះអាងថា របាយការណ៍​របស់ខ្លួន​ត្រឹមត្រូវ​។ នេះ​បើតាម​ការអះអាង​របស់ លោក កាំ​ង តុង​ងី ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៧​កក្កដា​នេះ លោក តុង​ងី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខាង​សមាគម​យើង​បាន​អាន​លិខិត​ចំហរ​របស់​អង្គការ​ទាំង​៤​ហើយ ហើយ​ពួកយើង​កំពុង​ពិភាក្សាគ្នា​ផ្ទៃក្នុង​ថា តើ​នឹង​ដោះស្រាយ​បញ្ហា​នេះ បន្តទៀត​យ៉ាងណា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​»​។ 
 
​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ បានចេញ​លិខិត​ចំហរ​មួយ ដោយ​ចាត់ទុក​របាយការណ៍​ដែល​សង្គម​ស៊ីវិល​ចេញផ្សាយ​កន្លងមក វា​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ខ្វះ​តម្លាភាព និង​មិនបាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ ហើយ​មាន​ចេតនា​ញុះញង់​។ 
 
​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងពីរ ដែល​បានចេញ​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី​១៥ កក្កដា ដោយ​ស្នើឱ្យ​អង្គការ​ទាំង​៤ កែតម្រូវ​លើ​របាយការណ៍​ដែល​ចេញផ្សាយ​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​អត្ថបទ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​មិន​គ្រប់​ជ្រុងជ្រោយ​នេះ​ទៀតសោត បានផ្ដល់​ឱកាស​ឲ្យ​ជនខិលខូច​មួយចំនួន យកទៅ​ផ្សព្វផ្សាយ​បន្ត ក្នុង​ចេតនា​ញុះញង់ បង្កចលាចល​ដល់​សង្គម​ជាតិ​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្ដី​ថ្លែ​ថ្នូរ របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ព្រមទាំង​សន្តិសុខ​ជាតិ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១២ កក្កដា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​ជិត​២៤​ម៉ឺន​នាក់​ហើយ ក្នុង​ទំហំ​ឥណទាន​ប្រមាណ​១,២០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​គិតតែ​របាយការណ៍​ពី​មីក្រូហិរញ្ញវត្ថុ ដែល​ផ្ដល់​ដោយ​លោក កាំ​ង តុង​ងី ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​។​
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង​រូបនេះ បាន​បន្ថែមថា​៖«​ការស្នើ​ឲ្យ​ពន្យារពេល​សង​កម្ចី​និង​ការប្រាក់ ខាង​ស្ថាប័នហិរញ្ញវត្ថុ​យើង​បានរៀបចំ​ដោះស្រាយ​ជូន​អតិថិជន​រួចហើយ​។  ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធ​ទទួលបាន​ការអនុគ្រោះ​នោះទេ ទាល់តែ​អតិថិជន​ស្នើសុំ​និង​មាន​បញ្ហា​សេដ្ឋកិច្ច​ឬ​បាត់​ប្រភព​ចំណូល ទើប​ទទួលបាន​ការអនុគ្រោះ​បង់​កម្ចី​ទាំង​ការ​និង​ដើម​នេះ​»​។​
 
​បំណុល​ពលរដ្ឋ​ជាង​១០​ពាន់​លាន​ដុល្លារ  កើតចេញពី​កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២​លាន​៥​សែន​នាក់​មាន​ជាប់ជំពាក់​កម្ចី​ខ្នាតតូច ជាមួយនឹង​អត្រា​កម្ចី​ជា​មធ្យម ៣៨០០​ដុល្លារ ដែលជា​ចំនួន​ច្រើនជាងគេ​នៅលើ​ពិភពលោក ។ នេះ​បើតាម​របាយការណ៍​អង្គការ​លីកាដូ ៕

Tag:
 ហិរញ្ញវត្ថុ​
  សេដ្ឋកិច្ច​
  សិទ្ធិមនុស្ស​
  សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com