COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង ត្រៀម​ជម្លៀស​ប្រជាជន​ខ្លួន​ពី​អ៊ីរ៉ាក់​ដែលមាន​ករណី​ឆ្លង COVID-19 កាន់តែច្រើន​
18, Jul 2020 , 6:50 am        
រូបភាព
លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
​កូរ៉េខាងត្បូង នឹង​ដឹក​ពលករ​របស់ខ្លួន ដែល​កំពុងធ្វើការ​នៅ​អ៊ីរ៉ាក់ មក​មាតុប្រទេស​វិញ​នៅ​សប្តាហ៍​ក្រោយ​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក​Chung Sye-kyun បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ខណៈដែល​កូរ៉េខាងត្បូង​មាន​ករណី COVID-19 នាំចូល​ច្រើន ហើយ​ភាគច្រើន​នៃ​ករណី​ឆ្លង គឺ​មកពី​បណ្តា​ប្រទេស​តំបន់​អារ៉ាប់​ដែលមាន​ករណី​ឆ្លង​ហក់​ឡើង​ខ្លាំង​។


​តាមរយៈ​ជើងហោះហើរ​ពិសេស ពលករ​សំណង់​កូរ៉េខាងត្បូង ដែល​ត្រលប់​មកពី​អ៊ីរ៉ាក់ យ៉ាងហោចណាស់​៣៤​នាក់ ក្នុងចំណោម​១០០​នាក់ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស នៅ​ដើម​សប្តាហ៍​នេះ​។ តាម​ការប៉ាន់ប្រមាណរ​បស់​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​លើ​ពលករ​កូរ៉េខាងត្បូង ដែល​ត្រលប់​មកពី​អ៊ីរ៉ាក់ នឹង​កើនឡើង​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ដោយ​ផ្អែក​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) អ៊ីរ៉ាក់ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ២០០០​ករណី នៅ​ថ្ងៃទី​១៦ ខែកក្កដា​។ តួលេខ COVID-19 សរុប​មាន​ចំនួន​៨៣៨៦៧​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៣៤៣២​នាក់​។ 
 
​ដើម្បី​ការពារ​ប្រជាជន​ខ្លួន និង​មានការ​ស្នើសុំ​ពី​ពលករ​កូរ៉េខាងត្បូង​ផង​នោះ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បានសម្រេច​បញ្ជូន​យន្តហោះ​ទៅ​អ៊ីរ៉ាក់​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ដឹក​អ្នក​ទាំងនោះ​ត្រលប់មក​មាតុប្រទេស​វិញ​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការឆ្លើយតប​នឹង​COVID-19 លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ជួយ​ពលករ​សំណង់​កូរ៉េខាងត្បូង​ឲ្យ​ត្រលប់មក​ប្រទេស​បាន​ឆាប់រហ័ស រដ្ឋាភិបាល​បានសម្រេច​បញ្ជូន​យន្តហោះ​ទៅ​នៅ​សប្តាហ៍​ក្រោយ​»​។ 
 
​បើតាម​ការលើកឡើងរ​បស់​នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង នឹង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ប្រជាជន​ខ្លួន ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែកក្កដា​ខាងមុខ​។ គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា​នេះ ប្រជាជន​កូរ៉េខាងត្បូង មាន​ចំនួន​ប្រមាណ ៨០០​នាក់ ដែល​កំពុងមាន​វត្តមាន​នៅ​អ៊ីរ៉ាក់​។ ពលករ​យ៉ាងហោចណាស់ ២០០​នាក់ បានស្នើ​ឲ្យ​មានការ​ដឹកជញ្ជូន​ពិសេស​បែបនេះ​។ 
 
​សម្រាប់​ស្ថានភាព​នៅក្នុង​ប្រទេស​វិញ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​កើនឡើង​ប្រមាណ ៦០​ករណី ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​។ នៅ​ថ្ងៃទី​១៧ ខែកក្កដា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង ៦០​ករណី និង​ស្លាប់ ២​នាក់​។ ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី គឺជា​ករណី​នាំចូល​មកពី​បរទេស​។ តួលេខ​COVID-19 សរុប​របស់​កូរ៉េខាងត្បូង​មាន​ចំនួន ១៣៦៧២​ករណី អ្នកស្លាប់​មាន​ចំនួន ២៩៣​នាក់ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១២៤៦០​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com