COVID-19
ជាតិ
ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋ ឲ្យកាត់បន្ថយជួបជុំនិងរក្សាអនាម័យ ក្នុងអំឡុងឈប់សម្រាក៥ថ្ងៃ
18, Jul 2020 , 9:50 am        
រូបភាព
រូបតំណាង៖ ពលរដ្ឋដើរលេងកម្សាន្តនៅអំឡុងពេលចូលឆ្នាំខ្មែរ
រូបតំណាង៖ ពលរដ្ឋដើរលេងកម្សាន្តនៅអំឡុងពេលចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាក់៥ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលរដ្ឋាភិបាលសងជំនួសថ្ងៃសម្រាកចូលឆ្នាំខ្មែរ ក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ការពារពីជំងឺឆ្លង ដោយកាត់បន្ថយការជួបជុំ រក្សាគម្លាត និង អនាម័យគ្រប់ពេល ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៧ កក្កដា។



ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យប្រជាជន កាត់បន្ថយការដំណើរកម្សាន្ត និងបរិភោគអាហារក្រៅផ្ទះផងដែរ រួមទាំងកាត់បន្ថយការជប់លៀងទ្រង់ទ្រាយធំ។ លើសពីនេះ ការជួបជុំគ្រួសារឬដំណើរកម្សាន្ត ត្រូវធ្វើឡើងជាលក្ខណៈគ្រួសារនិងរើសទីតាំងដាច់ដោយឡែកឬមានខ្យល់ចេញចូលល្អ។ 
 
ចំពោះការធ្វើដំណើរ ពលរដ្ឋទាំងអស់ត្រូវជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលផ្ទុកមនុស្សច្រើន។ បើករណីចាំបាច់ ក្នុងការធ្វើដំណើរ ត្រូវពាក់ម៉ាស់ ដាក់ទឹកអាល់កុលឬជែលលាងដៃតាមខ្លួន ហើយរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។ រីឯ ម្ចាស់យានយន្តត្រូវ ត្រូវរៀបចំរថយន្តឲ្យមានខ្យល់ចេញចូល ជៀសវាងប្រើម៉ាស៊ីនត្រជាក់ និងលាងសម្អាត់រថយន្តឲ្យបានជាប្រចាំ។ 
 
ចំណែកការស្នាក់នៅតាមសណ្ឋាគារឬផ្ទះសំណាក់ រួមទាំងការទទួលទានអាហារ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាអនាម័យនិងលាងសម្អាតដៃជានិច្ច។ ដោយឡែក ម្ចាស់ទីតាំងត្រូវសម្អាតកៅអី តុ បន្ទប់ស្នាក់នៅ បន្ទប់ទឹក និងរៀបកន្លែងឲ្យមានគម្លាតសុវត្ថិភាព ហើយចាំបាច់រៀបចំឲ្យមានកន្លែងលាងសម្អាតដៃមុនពេលចូលក្នុងហាងឬកន្លែងស្នាក់នៅ។ លើសពីនេះ បុគ្គិលត្រូវពាក់ម៉ាស់ជាប្រចាំរាល់ពេលបម្រើអតិថិជន។ 
 
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យបុគ្គលគ្រប់រូបរក្សាគម្លាតសុវត្ថិភាព រាល់ពេលឈរ អង្គុយ ជជែកគ្នានៅកន្លែងទីកន្លែងសាធារណៈ កន្លែងធ្វើការ ភោជនីយដ្ឋាន រួមទាំងកន្លែងកម្សាន្តនានា។ ប្រសិនបើពលរដ្ឋណាមានបញ្ហាសុខភាពមិនគួរធ្វើដំណើរឡើយ ត្រូវប្រញាប់ទៅជួបពេទ្យជំនាញដើម្បីពិនិត្យសុខភាព៕ 
 

Tag:
 កូវីដ-១៩
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com