COVID-19
ជាតិ
សង្គមជាតិ
និស្សិត និងសិក្ខាកាមខ្មែរ១២៩នាក់ពីក្រៅប្រទេស នឹងមកកម្ពុជាវិញ នៅថ្ងៃទី ១៩ កក្កដា និស្សិតខ្មែរ ដែលធ្វើដំណើរពីអេហ្ស៊ីប មកកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ (រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប)
×
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ និស្សិត និងសិក្ខាកាមខ្មែរ១២៩នាក់ពីក្រៅប្រទេស នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី ១៩ កក្កដា តាមរយៈកិច្ចសម្របសម្រួលពីឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនីមួយ។
ស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋអេហ្ស៊ីប បានបញ្ជាក់ថា និស្សិត និងសិក្ខាកាម ដែលត្រូវត្រឡប់មកកម្ពុជាវិញនេះ មានពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៨០ នាក់ ,ប្រទេសអេហ្ស៊ីប ៤៣ នាក់ និងប្រទេសស៊ូដង់ ៦ នាក់។ ពួកគេទាំងនេះ បានចាកចេញពីតាំងពីថ្ងៃទី១៧ កក្កដា ហើយអាចវិលមកកាន់កម្ពុជា នៅថ្ងៃទី១៩ កក្កដា តាមជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។
ការធ្វើដំណើរហោះហើរ ពីទីក្រុងគែរ ប្រទេសអេហ្ស៊ីបទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តភ្ជាប់ទៅកាន់ប្រទេសកម្ពុជា ដោយមានការសម្របសម្រួលរវាងលោក ឃួន ផុនរតន: ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋអេហ្ស៊ីប និងលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ី។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ។
ពេលមកដល់កម្ពុជា មន្ត្រីជំនាញសុខាភិបាល នឹងធ្វើតេស្តពិនិត្យសុខភាពពួកគេ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រោយពីធ្វើតេស្តរួចហើយ សម្រាប់អ្នកវិជ្ជមានកូវីដ-១៩ នឹងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯអ្នកអវិជ្ជមានកូវីដ-១៩វិញ ក្រសួង ក៏តម្រូវឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន នៅតាមមណ្ឌលស្នាក់នៅដោយឡែក ដែលបានរៀបចំទុក។
គិតត្រឹមថ្ងៃទី១៨ កក្កដានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន១៧១នាក់ហើយ ក្នុងនោះជាសះស្បើយ១៣៣នាក់ និងកំពុងសម្រាកព្យាបាលជំងឺ ៣៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com