ភ្នំពេញ៖ ក្រសួងផែនការបានរកឃើញពលរដ្ឋជាង៤ពាន់គ្រួសារ ដែលមានជីវភាពល្អប្រសើរ មានបណ្ណសមធម៌ ហើយក្នុងនោះមានជាង១ពាន់គ្រួសារបានបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ករណីនេះ កើតឡើយដោយសារការយោគយល់របស់អាចអាជ្ញាធរ។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការអះអាងថា ពលរដ្ឋជាង៤ពាន់គ្រួសារនោះ ភាគច្រើនរកឃើញនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្តាល។ រីឯពលរដ្ឋជាង១ពាន់គ្រួសារដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល នឹងត្រូវដកហូតបណ្ណសមធម៌វិញ។
លោក អះអាងថា ក្រុមការងារក្រសួងនិងមន្ទីរផែនការបានដោះស្រាយជាប្រចាំ រាល់ពេលទទួលបានព័ត៌មានពីភាពមិនប្រក្រតីណាមួយឬបញ្ហាពាក់ព័ន្ធបណ្ណសមធម៌នេះ ដើម្បីបញ្ឈប់ភាពខ្វះចន្លោះនិងសម្រួលបញ្ហាដល់ពលរដ្ឋ។
អ្នកនាំពាក្យ ថ្លែងថា៖«ករណីរកឃើញ ជាង៤ពាក់ករណីដែលពលរដ្ឋមានបណ្ណសមធម៌នេះ ភាគច្រើនជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ ដែលអាជ្ញាធរមិនបានដកបណ្ណសមធម៌ ព្រោះពួកគាត់គឺមានបណ្ណនេះតាំងមុនអំឡុងពេលផ្ទុះកូវីដ ព្រោះបណ្ណនេះ៣ឆ្នាំទើបផុតកំណត ហើយអាជ្ញាធរមិនបានដកបណ្ណនេះពីគ្រួសារដែលមានជីវភាពប្រសើរឡើងវិញ។ ហើយពួកគាត់ [អាជ្ញាធរ] សម្រុកធ្វើតែបណ្ណថ្មីតាមការស្នើសុំរបស់ពលរដ្ឋ»។
ក្រសួងនិងមន្ទីរផែនការនឹងប្រមូលបណ្ណសមធម៌ ពីគ្រួសារទាំងជាង៤ពាន់គ្រួសារនេះវិញ។ ប៉ុន្តែបើករណីមិនអាចប្រមូលបាន ក្រសួងនឹងបិទបណ្ណនេះ មិនឲ្យសាច់ប្រាក់ឧបត្ថម្ភចូលក្នុងបណ្ណទៀតឡើយ ពោលគឺមិនអនុញ្ញាតឲ្យពលរដ្ឋទាំងនេះ ទទួលបានប្រាក់ឧបត្ថម្ភទៀតឡើយ។
ចំណែកថវិកាដែលពលរដ្ឋទាំងនោះទទួលបាន ក្រសួងផែនការនិងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រជុំអន្តរក្រសួងពិភាក្សាមិនទាមទារមកវិញឡើយ ដើម្បីជៀសវាងមានបញ្ហាតវ៉ាណាមួយកើតឡើង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងផែនការ។
ក្នុងកម្មវិធីចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៤ កក្កដ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលបានផ្ដល់ប្រាក់ប្រមាណ៥២ម៉ឺនគ្រួសារ គិតជាទឹកប្រាក់ប្រមាណ៣២លានដុល្លារហើយដល់ពលរដ្ឋដែលមានបណ្ណសមធម៌ក្រីក្រជុំទី១។
ចំណែកការចុះធ្វើបណ្ណសមធម៌ជុំទី២ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ កក្កដានេះ មានសរុបប្រមាណ៦១ម៉ឺនគ្រួសារ ដែលមានពលរដ្ឋក្រីក្រប្រមាណ២លាន៤សែននាក់ ហើយរដ្ឋាភិបាលបានត្រៀមទឹកប្រាក់ប្រមាណ២៥ទៅ៣៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ស្រី ដា។
អ្នកនាំពាក្យដដែល បញ្ជាក់ថា អំឡុងពេលបំពេញការងារធ្វើបណ្ណសមធម៌ក្រសួងផែនការបានរកឃើញភាពមិនប្រក្រតី៦៦៧៥ករណី ហើយក៏បានដោះស្រាយរួចរាល់អស់ផងដែរ។ លោក បន្ថែមថា ភាពមិនប្រក្រតីដែលរកឃើញភាគច្រើន គឺបណ្ណហួសសុពលភាព អ្នកមានជីវភាពប្រសើរឡើង អ្នកមិនទទួលបានបណ្ណ និងបាត់បណ្ណ ឬរហែកជាដើម៕