COVID-19
ជាតិ
សង្គមជាតិ
សៀវភៅ «​សម្តេច ហ៊ុន សែន វីរបុរស​សង្ហា​ដើរ​បញ្ច្រាសទិស ប្រយុទ្ធ COVID-19» របស់​អ្នកនិពន្ធ ពៅ សុខ ចេញផ្សាយ​ហើយ​
18, Jul 2020 , 3:59 pm        
រូបភាព
ដោយ: រួបរួម
​អ្នកនិពន្ធ ពៅ សុខ បានចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ស្នាដៃ​សៀវភៅ «​សម្តេច ហ៊ុន សែន វីរបុរស​សង្ហា​ដើរ​បញ្ច្រាសទិស ប្រយុទ្ធ COVID-19» កម្រាស​ជាង​២០០​ទំព័រ ដែល​បោះពុម្ព​ដោយ​គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ​។ លោក ពៅ សុខ ដែលជា​ទីប្រឹក្សា​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នោះ បាត់​ចាត់ទុក​វណ្ណ​កម្ម​ថ្មី​របស់ខ្លួន ថា ជាការ​រក្សាទុក​នូវ​តឹកតាង​ប្រវត្តិសាស្ត្រ សម្រាប់​មនុស្សជាតិ ទាក់ទង​នឹង​គំរូ​នៃ​មនុស្សធម៌ រួមទាំង​ការឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19​។​

 
​សៀវភៅ «​សម្តេច ហ៊ុន សែន វីរបុរស​សង្ហា​ដើរ​បញ្ច្រាសទិស ប្រយុទ្ធ COVID-19» នេះ រៀបរាប់​ពី​សកម្មភាព​នានា​របស់​សម្តេច ហ៊ុន សែន ក្រោយ​ការផ្ទុះ​រាលដាល​ជំងឺ COVID-19 នា​ដំណាក់កាល​ដំបូង​។ ពាក្យ «​បុរស​សង្ហា​ដើរ​បញ្ច្រាសទិស​» ត្រូវបាន​អះអាង​ដោយ​អ្នកសារព័ត៌មាន​ចិន​ម្នាក់ ដែល​បានលើកឡើង នាពេល​ដែល​គាត់​មានឱកាស​សាកសួរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នា​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​សន្តិភាព​។ អ្នកកាសែត​ចិន​រូបនោះ បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា ចិន​បាន​ហៅ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ជា​បុរស​សង្ហា​ដើរ​បញ្ច្រាសទិស​។​
 
​តាម​កំណត់ត្រា​របស់ខ្លួន លោក ពៅ សុខ បាន​រំលេច​ឲ្យ​ឃើញ​ពី​ជំហរ​របស់​សម្តេច ហ៊ុន សែន ដែល​ណែនាំ​ពលរដ្ឋ​កុំ​ឲ្យ​មានការ​តក់ស្លុត ដោយ​ថា «​ជំងឺ​ពិតប្រាកដ​គឺ​ជំងឺ​ភ័យខ្លាច​»​។ បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន ជា​មេដឹកនាំ​ដំបូង​បំផុត​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង ខណៈ COVID-19 កំពុង​រាតត្បាត​ខ្លាំង​។ នេះ​ជា​កាយវិការ «​មិត្ត​ដែកថែប​» ដូចជា​សុភាសិត​លើកឡើងថា​«​ស្រលាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រាអាសន្ន​»​។​
 
​លោក ពៅ សុខ ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ផងដែរ នោះ បាន​សរសេរ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ទាក់ទង​នឹង​ការអនុញ្ញាត​ឲ្យ​នាវា​ខ្នាត​ធំ MS Westerdam ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ប្រទេស​ជាច្រើន​បាន​បដិសេធ ហើយ​សម្តេច​បានទទួល​ស្វាគមន៍​អ្នកដំណើរ ក្រុម​នាវិក​ជាង​២​ពាន់​យ៉ាង​កក់ក្តៅ​ថែមទៀត​ផងដែរ​។ ចាប់ពីពេលនោះ​មក កម្ពុ​ជាមាន​ឈ្មោះថា «​កម្ពុជា​ជា​ប្រទេស​តូច តែ​ចិត្តធំ ចិត្ត​ទូលាយ និង​មាន​មេដឹកនាំ​ល្អ គួរ​ឲ្យ​កោតសរសើរ​នា​សតវត្ស​រ៍​ទី​២១ ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដែល​គេ​មិនអាច​បដិសេធ​បាន​»​។​
 
​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​អ្នកនិពន្ធ ពៅ សុខ បាន​កត់ត្រា​ក្នុង​នៅក្នុង​ស្នាដៃ​ថ្មី​របស់ខ្លួន ក្នុងនោះ​មាន​ករណី​ដ៏​ចម្រូងចម្រាស់​ដែល​ម៉ាឡេស៊ី​ប្រកាស​ពី​ការរកឃើញ​អ្នកដំណើរ Westerdam ម្នាក់​វិជ្ជមាន រួមទាំង​គោលការណ៍ និង​អនុសាសន៍​ផ្សេងៗ របស់​សម្តេច ហ៊ុន សែន​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ក៏ដូចជា​តុល្យការ​នៃ​ស្ថានភាព​ឆ្លង​។​
 
​សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) ស្ថិតក្នុង​ចំណោម​ប្រភព​ឯកសារពិគ្រោះ​ជិត​២០​របស់​អ្នកនិពន្ធ ពៅ សុខ ក្នុងការ​ចងក្រង​សៀវភៅ «​សម្តេច ហ៊ុន សែន វីរបុរស​សង្ហា​ដើរ​បញ្ច្រាសទិស ប្រយុទ្ធ COVID-19»​។ នៅត្រង់​ទំព័រ​ទី​៤៣ និង​៤៤ លោក​បាន​កត់ត្រា​ខ្លឹមសារ​នៃ​ការសាកសួរ​របស់​កញ្ញា ញឹក ស្រី​ល័​ក្ខ នៃ​សារព័ត៌មាន​ថ្មីៗ និង​ការឆ្លើយតប​របស់​សម្តេច ហ៊ុន សែន នា​អំឡុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព COVID-19 នៅ​វិមាន​សន្តិភាព កាលពី​ចុងខែ​មករា កន្លងមក​ផងដែរ​។​
 
​សូមបញ្ជាក់ថា លោក ពៅ សុខ ធ្លាប់​បោះពុម្ពផ្សាយ​ស្នាដៃ​ចំនួន​៨​រួចទៅហើយ ដែល​ក្នុងនោះ​មាន កម្រង​កំណាព្យ «​ច្រែះ​ស៊ី​ដែក​», រឿង «​បងថ្លៃ​ជីដូនមួយ​», រឿង «​ចំណង​ស្នេហ៍​ក្នុង​ស្រែ​និស្ស័យ​», រឿង «​ចិត្ត​ស្រី​», កម្រង​រឿង​ខ្លី «​ឃ្នាប​សក់​», គន្លឹះ​ដើម្បី​ក្លាយជា​អ្នកនិពន្ធ​, ដែនដី​នៃ​កំណើត​ព្រះអាទិត្យ​, វីរបុរស​០៧១ និង​សម្តេច ហ៊ុន សែន កំពូល​ស្ថាបនិក និង​បិតា​សន្តិភាព​របស់​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com