ជាតិ
សេដ្ឋកិច្ច
ឆមាស​ទី​១ កម្ពុជា​រកបាន​ទឹកប្រាក់​៦៨​លាន​ដុល្លារ ពី​ការនាំចេញ​ចេកអំបូង​លឿង ១៤​ម៉ឺន​តោន
18, Jul 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ឆមាស​ទី​១​នេះ កម្ពុជា បាន​នាំចេញ​ចេកអំបូង​លឿង ១៤, ២០៤ ម៉ឺន​តោន ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៦៨,៥៦២,៧៩៣ ដុល្លារ ។ ចេកអំបូង​លឿង​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប អាស៊ី អូ​សេ​អា​នី ។​នេះ​បើតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ដែល​ចេញផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​។​


​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រៅពី​ទីផ្សារ​ទាំងនោះ ប្រទេស​ចិន​ក៏​ជាទី​ផ្សារ​ធំ​របស់​កម្ពុជា​ដែរ ដោយ​ភាគី​ចិន​បានទទួល​ស្គាល់ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន​៩ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​អាច​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ខ្លួន​។​
 
​ទាក់ទង​នឹង​ការនាំចេញ​ចេកអំបូង​លឿង​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​កសិករ ផលិតករ សហគមន៍ សមាគម និង​ក្រុមហ៊ុន ផលិត​ចេកអំបូង​លឿង ត្រូវ​ប្រកាន់​ភ្ជាប់ និង​អនុវត្តតាម​សៀវភៅ​បន្ទុក ដូចជា​ការផលិត​មាន​អនាម័យ​ខ្ពស់ ការ​វេច​ខ្ចប់ ការរក្សា​ទុក និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ជាដើម ដើម្បី​ធានា​ទាំង​គុណភាព និង​អនាម័យ​ខ្ពស់ ដែល​មិន​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​រក្សា​កំណើន​បរិមាណ​នាំចេញ​។ 
 
​ថ្លែង​ក្នុង​ដំណើរ​ចុះ​ទស្សនកិច្ច​កសិដ្ឋាន​ផលិត​ចេកអំបូង​លឿង​របស់​ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅ​ស្រុក​ឈូក ខេត្តកំពត កាលពី​ថ្ងៃទី​១៧ កក្កដា​លោក ប៉ាន សូរ​សក្តិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កសិដ្ឋាន​ទាំងអស់ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញការងា​រ និង​បង្កើន​ភាព​ប្រុងប្រយ័ត្ន ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន ក្នុងការ​ធានា​ដល់​គុណភាព និង​និរន្តរភាព​នៃ​ទីផ្សារ ហើយក៏​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផងដែរ ក្នុងការ​ធានា​ដល់​ការរក្សា​ការងារ និង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ទូលំទូលាយ​»​។​
 
​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ចេក​ជាង​១៥​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់​ទីផ្សារ អាស៊ី និង​អូ​សេ​អា​នី​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​៕

Tag:
 ចេកអំបូង​លឿង​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com