កីឡាជាតិ
ជាតិ
លោកស្រី កែ ឡេង ជឿ សុរ៉ា​ឃីម អាច​ស្នង​តំណែង តែ​លោក ស សុខា ហាក់​មិន​រំពឹង​មាន កែ ឡេង ទី​ពីរ
18, Jul 2020 , 4:39 pm        
រូបភាព
ដោយ:
​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ ជឿថា កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម នឹង​អាច​ស្នង​តំណែង​ខ្លួន​បាន​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្រោយ​កីឡាការិនី​វ័យ​៥៨​ឆ្នាំ​រូបនេះ បានសម្រេច​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាការិនី​ប៉េតង់ ក្រោម​ហេតុផល​មាន​បញ្ហា​សុខភាព និង​ភ្នែក​។ ទោះ​គ្មាន​ជំនឿ​កម្ពុជា​អាចមាន​កីឡាការិនី កែ ឡេង ទី​ពីរ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ធនធាន​ឲ្យ​ឈានទៅរក​ចំណុចកំពូល​ដែល​សហព័ន្ធ​ចង់បាន​។ 

​កីឡាការិនី កែ ឡេង នៅ​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០២០ បានសម្រេច​ប្រកាស​បញ្ចប់​អាជីព​ជា​កីឡាការិនី​ប៉េតង់​ជា​ផ្លូវការ ដោយសារ​កត្តា​សុខភាព និង​ភ្នែក​មិន​អំណោយផល​។ ក្រោយ​ដើរ​លើ​វិថី​នេះ ជាង​៤០​ឆ្នាំ កីឡាការិនី​វ័យ​៥៨​ឆ្នាំ​រូបនេះ បាន​សាង​ស្នាដៃ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​។ ជាពិសេស ការដណ្តើម​បាន​មេដាយមាស​ពិភពលោក​៤​ជំនាន់ ដែល​ជួយ​លោកស្រី ក្លាយជា​កីឡាការិនី​ប៉េតង់​ទី​១​លើ​ពិភពលោក​។​
 
​យើង​សង្កេតឃើញថា បច្ចុប្បន្ន​ពុំទាន់​មាន​កីឡាការិនី​រូប​ណា​មាន​សមត្ថភាព​ខ្លាំង​ដូច​ឬ​ប្រហាក់ប្រហែល​កីឡាការិនី កែ ឡេង នៅឡើយ​ទេ​។ ប៉ុន្តែ​កីឡា​រូបនេះ​អះអាងថា ខ្លួន​បាន​សំឡឹង​ឃើញ​កីឡាការិនី​ដែល​អាច​ស្នង​តំណែង​លើ​វិញ្ញាសា​វាយ​ពិន្ទុ​ខ្លួន​រួចហើយ គឺ​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​។ ប៉ុន្តែ​លោកស្រី ទាមទារ​ឲ្យ សុរ៉ា​ឃីម ត្រូវ​ព្យាយាម​ហ្វឹកហាត់​បន្ថែមទៀត ពិសេស​លើ​ផ្នែក​ស្មារតី​។ 
 
«​ខ្ញុំ​មើលឃើញ​ហើយ​(​កីឡាការិនី ដែល​អាច​ស្នង​តំណែង​) គឺ​កីឡាការិនី សុរ៉ា​ឃីម គ្នា​មាន​វ័យក្មេង​មែន តែមាន​ភាព​អំណត់​ក្នុងការ​ហ្វឹកហាត់​។ គាត់​ហាត់​បណ្តើរ​លួច​មើល​ខ្ញុំ​ហ្វឹកហាត់​វាយ​ស៊ី​ប​បណ្តើរ ដូច្នេះ​ទោះ​គាត់​មិនអាច​ស្មើ​ខ្ញុំ ក៏​អាចឈាន​៧០​ទៅ​៨០​ភាគរយ​ដែរ​»​។ លោកស្រី កែ ឡេង លើកឡើង​ដូច្នេះ ហើយ​បាន​បន្ថែមថា ការរីកចំរើន​របស់ សុរ៉ា​ឃីម នៅ​យឺត​ដោយសារ​រូបគេ​នៅមាន​វ័យក្មេង ហើយ​អារម្មណ៍​មិនទាន់​ស្ងប់​ល្អ​។ 
 
​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ធ្លាប់​និយាយ​កន្លងមក​ថា នាង​មិន​ហ៊ាន​ស្រមៃ​ថា អាចមាន​សមត្ថភាព និង​សាង​ភាពល្បីល្បាញ​ដូច​រៀមច្បង​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​នោះទេ​។ ប៉ុន្តែ​កីឡាការិនី​រូបនេះ ហាក់​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព និង​សាង​ស្នាដៃ​ជូន​ជាតិ​បន្ត​នៅ​ឆាក​អន្តរជាតិ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ រូបគេ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​មិនទាន់​ដឹង​នោះទេ តែ​នៅក្នុង​ចិត្ត​នៅតែ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បានល្អ ឲ្យ​បាន​ខ្លាំង ដើម្បី​យក​ស្នាដៃ ទោះបី​មិនបាន​១០០​ភាគរយ​ដូច​គាត់ តែ​សុំ​តែ​១​ភាគពី​ពួកគាត់​ក៏បាន​»​។​
 
​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម បាន​ក្លាយជា​កីឡាការិនី​ថ្នាល​របស់​សហព័ន្ធ​អំឡុង​ឆ្នាំ​២០១៤ ក្រោយ​រូបគេ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ មុន​ចូលរួម​ជាមួយ​សហព័ន្ធ​រូបគេ​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​វិទ្យាល័យ​អង្គរ​បូរី ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស និង​រង្វាន់​ម៉ូតូ​១​គ្រឿង ក្នុងការ​ប្រកួត​ជម្រើស​ថ្នាក់​ខេត្ត​ដណ្តើមពាន​រង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន​។ 
 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​ប្រមាណ​៦​ឆ្នាំ កីឡាការិនី​វ័យ​២១​ឆ្នាំ​រូបនេះ សម្រេចបាន​សមិទ្ធផល​ជាច្រើន​ទាំង​លើ​ថ្នាក់ជាតិ និង​អន្តរជាតិ​។ សមិទ្ធផល​ធំៗ​របស់ នាង រួមមាន​មេដាយប្រាក់ និង​សំរឹទ្ធ​ពិភពលោក​កាលពី​ឆ្នាំ​២០១៧ និង​មេដាយមាស Asian Beach Games នៅ​វៀតណាម​ឆ្នាំ​២០១៦ និង​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​មាន​ស្នាដៃ​ជាច្រើន​ទៀត​។ សមិទ្ធផល​ទាំងនេះ​ជួយ​ឲ្យ សុរ៉ា​ឃីម ទទួលបាន​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ និង​អាហារូបករណ៍​១០០​ភាគរយ​នៅ​សាកលវិទ្យាល័យ​ទៀតផង​។  
 
​ជាមួយគ្នានេះ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ហាក់​គ្មាន​ជំនឿ​ថា កម្ពុជា​អាចមាន​កីឡាការិនី កែ ឡេង ទី​ពីរ​នោះទេ​។ ប៉ុន្តែ លោក ប្តេជ្ញា​នឹង​ប្រឹងប្រែង​ដុះខាត់ និង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​ឲ្យ​មាន​គុណភាព​កាន់តែ​ប្រសើរ​ថែមទៀត​។ 
 
«​យើង​មិនដឹង​និង​ហ៊ាន​កំណត់ថា យើង​អាចមាន​បងស្រី កែ ឡេង ទី​ពីរ​នោះទេ តែ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ក្រុមការងារ ពិសេស​កីឡាករ​កីឡាការិនី ឲ្យ​ឈានទៅរក​កម្រិត​ខ្ពស់ ដែល​យើង​ចង់​ទៅដល់​ទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា ហើយ​បាន​បន្ថែមថា លោក​មិនអាច​កំណត់​ពី​ពេលវេលា​ក្នុង​ការកសាង​ធនធាន​ម្នាក់​ឲ្យ​មាន​គុណភាព​ខ្ពស់​បាន​នោះទេ​។ 
 
​ប៉ុន្តែ លោក អះអាងថា បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ខិតខំ​ធ្វើ​លើ​កិច្ចការ​អភិវឌ្ឍ​ធនធាន​កីឡាករ​នេះ​។ លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងការ​ស្វែងរក​គ្រាប់ពេជ្រ​បន្ទាប់ពី​បង កែ ឡេង យើង​កំពុង​ធ្វើ​រាល់ថ្ងៃ ហើយ​គ្រាប់ពេជ្រ​របស់​យើង​កំពុង​សំលៀង​»​។ 
 
​ទោះបី​កីឡាការិនី កែ ឡេង បានបញ្ចប់​អាជីព​ជា​កីឡាការិនី​ប៉េតង់​ក៏ដោយ លោកស្រី មិន​ទៅណា​ឆ្ងាយ​ពី​វិស័យ​កីឡា​មួយ​នេះឡើយ​។ ពោលគឺ លោកស្រី នឹង​ជួយ​សហព័ន្ធ​លើ​ការបណ្តុះបណ្តាល​ធនធាន​ថ្នាល ខណៈ​បច្ចុប្បន្ន លោកស្រី ក៏​ជា​គ្រូបង្វឹក​មួយរូប​នៅ​សមាគម​កីឡា​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។  
 
​ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា​រូបនេះ​អះអាងថា លោកស្រី មិន​ទទួល​សំណើរ​ទៅ​បង្វឹក​នៅក្រៅ​ប្រទេស​នោះទេ​។ អ្នក​កំពង់ឆ្នាំង​រូបនេះ​ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​រួមចំណែក​ជួយ​បណ្តុះបណ្តាល​ធនធាន​ប៉េតង់​កម្ពុជា​ឲ្យ​តែ​សម្បូរបែប តាមរយៈ​ការចែករំលែក​បទពិសោធ ដែល​ខ្លួន​មាន ទៅដល់​យុវជន​ទាំងនោះ​។ លោកស្រី កែ ឡេង ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​៕   
 

 

 

Tag:
 ប៉េតង់​
  កែ ឡេង​
  ស្រ៊ាង សុរ៉ា​ឃីម​
© រក្សាសិទ្ធិដោយ thmeythmey.com