COVID-19
ជាតិ
សង្គមជាតិ
មន្ត្រីជំនាញកំពុងស្វែករកស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ ដែលបានរត់ចេញពីកន្លែងចត្តាឡីស័ក១៤ថ្ងៃ រូបស្ត្រីជនជាតិខ្មែរ-អាមេរិក ដែលជាអ្នករត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចកំពុងតែស្វែករក
× ភ្នំពេញ៖មន្ត្រីជំនាញកំពុងតែស្វែងរកស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ ដែលស្ថិតនៅក្រោមការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បានរត់ចេញពីសណ្ឋាគារចត្តាឡីស័កមួយកន្លែងនៅទីក្រុងភ្នំពេញ ។ ស្ត្រីរូបនេះជាអ្នកដំណើរមកពីអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា។ នេះបើតាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីរូបនេះ បានរត់ចេញពីបន្ទប់ធ្វើចត្តាឡីស័កកាលពីយប់រំលងអាធ្រាត។ លុះដល់ព្រឹកព្រលឹម ក្រុមគ្រូពេទ្យបានយកម្ហូបអាហារពេលព្រឹកជូនស្ត្រីរូបនោះ តែពេលនោះក៏បាត់ស្ត្រីរូបនោះតែម្តង។
បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្វះស្វែងតាមរកស្ត្រីរូបនេះ។ លោកស្រី បានរៀបរាប់ដូច្នេះថា៖«មិនយូរមិនឆាប់គេនឹងរកឃើញហើយ គាត់រត់មិនរួចទេ»។
សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកដំណើរចំនួន៨៩នាក់ដែលមកពីអាមេរិក កាលពីថ្ងៃទី១៥ កក្កដា ហើយមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ នោះ កំពុងតែស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយ១០នាក់ស្ថិតនៅក្រោមការធ្វើចត្តាឡីស័កនៅទ័ពអាកាស ចំណែក៧៩នាក់ទៀត ស្ថិតនៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកងមួយ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com