សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងប្រុស​៦​ឆ្នាំ​ម្នាក់ ទទួល​ការកោតសរសើរ​ពី​តារា​អាមេរិក​ល្បីៗ​ក្រោយ​ជួយសង្គ្រោះ​ប្អូនស្រី​ពី​ឆ្កែ​ខាំ​
18, Jul 2020 , 9:59 pm        
រូបភាព
ដោយ:
ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ទទួល​ការកោតសរសើរ​ពី​សំណាក់​តារា​អាមេរិក​ល្បីៗ​ជាច្រើន​ចំពោះ​ភាពក្លាហាន​ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​ប្អូនស្រី​ពី​ឆ្កែ​ខាំ​។ អ្នក​ទាំងនោះ​គឺមាន​ដូចជា Chris Evans, Robert Downey Jr និង Chris Hemsworth ដែលជា​តារា​សម្តែង​តួ​វីរបុរស​ក្នុង​ចក្រវាល Marvel ក្នុង​ខ្សែភាពយន្ត Avengers ។​

​កុមារា Bridger Walker ដែល​រស់នៅ​រដ្ឋ Wyoming ហ៊ាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​ប្អួ​ន​ស្រី ខណៈ​ឆ្កែ​ធំ​មួយ​ក្បាល​បម្រុង​ហក់​ទៅ​ខាំ​នាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ៩ ខែកក្កដា​កន្លងទៅ ។​
 
​ប្អូនប្រុស​រូបនេះ ត្រូវ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ ត្រង់ចំណុច​ថ្ពាល់ ហើយ​ត្រូវ​ពេទ្យវះកាត់​ជាបន្ទាន់ ដោយហេតុថា រូបគេ​នេះ​មាន​ស្នាម​រហែក​ជាច្រើន​ឆ្នូត​លើ​មុខ​។ បន្ទាប់ពី​ហេតុការណ៍​នេះ ឪពុកម្ដាយ​របស់​ក្មេងប្រុស​តូច​នេះ បាន​និយាយថា​៖«​ប្រសិនបើ​នរណាម្នាក់​ត្រូវស្លាប់​នោះ ខ្ញុំ​គិតថា វា​គួរតែ​កើត​លើ​ខ្ញុំ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​រឿងរ៉ាវ​របស់​ក្មេងប្រុស​នេះ បាន​ល្បី​សុសសាយ​លើ​បណ្ដាញ​សង្គម ហើយ​តារា​ល្បីឈ្មោះ​ជាច្រើន​នាក់​បាន​ប្រតិកម្ម​ចំពោះ​រឿងនេះ ដោយ​សរសេរ​សារ​គាំទ្រ​លើកទឹកចិត្ត​រូបគេ​។ 
 
​ក្នុងចំណោម​នោះ លោក Chris Evans ដែលជា​តារា​សម្តែង​ដើរតួ Captain America ក្នុង​ភាពយន្ត Avengers ដែលជា Idol​របស់​ក្មេងប្រុស​រងគ្រោះ​នេះ បាន​និយាយ​តាមរយៈ​វីដេអូ​លើ Instagram ក្នុង​សប្តាហ៍​នេះ​ថា​៖«​ប្អូន​គឺជា​វីរបុរស អ្វីដែល​ប្អូនប្រុស​បានធ្វើ​គឺ​ពិតជា​ក្លាហាន ហើយ​ប្អូនស្រី​របស់​អ្នក គឺ​សំណាង​ខ្លាំងណាស់ ដែលមាន​អ្នកជា​បងប្រុស​»​។ លោក​បន្តថា​៖«​ឪពុកម្ដាយ​អ្នក ប្រាកដ​ជាមាន​មោទន​ក​ភាព​ចំពោះ​អ្នក​ហើយ​»​។​
 
​ក្រៅពី Chris Evans លោក Robert Downey Jr ដែល​សម្តែង​ជា​តួ Iron Man ក្នុង​រឿង Avengers ក៏បាន​សន្យា​ផ្ដល់​អំណោយ​ពិសេស​ឲ្យ​ទៅ​ក្មេងប្រុស Bridger សម្រាប់​ខួបកំណើត​គេ​នាពេលខាងមុខ​ផងដែរ​។ 
 
​ចំណែក លោក Chris Hemsworth ដែល​ដើរតួ Thor ក្នុង​ខ្សែភាពយន្ត​វីរបុរស​ក្នុង​ចក្រវាល Marvel ដូចគ្នានេះ ក៏បាន​លើកសរសើរ​ក្មេងប្រុស Bridger ថា គំរូ​នៃ​ភាពក្លាហាន​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ភាពក្លាហាន​របស់​ប្អូន គឺ​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង​»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com