សៀមរាប៖ រដូវវស្សាបានចូលមកដល់ ការដាំដើមឈើក្នុងតំបន់អង្គរក៏ចាប់ផ្តើមជាបណ្ដើរៗ ដែលមានទាំងការដាំជាលក្ខណៈធម្មតា និងការរៀបចំកម្មវិធីធំៗ។ នៅក្នុងពិធីដាំកូនឈើមួយនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រងតំបន់អង្គរ បានបន្តជំរុញលើកទឹកចិត្តឱ្យសាធារណជនចូលរួមដាំកូនឈើកាន់តែច្រើន ក្នុងន័យដើម្បីបរិស្ថាន ក៏ដូចជាជួយអភិរក្សប្រាសាទពីដូនតាខ្មែរ។ តើការដាំដើមឈើ ផ្តល់ប្រយោជន៍បែបណាខ្លះទៅដល់ប្រាសាទ?
សូមស្ដាប់សេចក្ដីរាយការណ៍របស់ អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
រមណីយដ្ឋានអង្គរ គ្របដណ្ដប់លើផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា ដោយចែកជា៣តំបន់សំខាន់ៗ គឺតំបន់១ តំបន់២ និងតំបន់៣ ដែលត្រូវបានការការពារដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ដ្បិតជាតំបន់ប្រាសាទ តែតំបន់នេះក៏សម្បូរព្រៃឈើដែលជាគម្របសំខាន់ក្នុងការការពារប្រាសាទផងដែរ។ ការលួចកាប់ទន្ទ្រាន និងការឆ្ការព្រៃខុសច្បាប់ បង្កឡើងដោយជនខិលខូចមួយចំនួន ធ្វើឱ្យតំបន់អង្គរ បានបាត់បង់ព្រៃឈើមួយផ្នែក ដែលទាមទារឱ្យមានការស្ដារឡើងវិញ។
សកម្មភាពដាំដើមឈើ ក្នុងន័យបំពេញគម្របព្រៃឈើឡើងវិញនៅក្នុងតំបន់អង្គរ បានចាប់ផ្តើមពីឆ្នាំ២០០៤មក ដែលជាប្រយោជន៍សំខាន់ក្នុងការអភិរក្សតំបន់ប្រាសាទ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ថ្លែងថា ក្រៅពីជាម្លប់ដល់មនុស្សសត្វ ទាក់ទាញទឹកភ្លៀង និងកាត់បន្ថយការបំពុលភពផែនដីហើយនោះ ការដាំដើមឈើគឺស្មើនឹងយើងកំពុងចូលរួមអភិរក្សប្រាសាទយ៉ាងដូច្នោះដែរ។ លោកបានលើកជាឧទាហរណ៍មកពន្យល់យ៉ាងដូច្នេះថា៖«...ប្រាសាទទាំងអស់ ត្រូវបានការការពារដោយដើមឈើនេះដែរ។ ដាំដើមឈើមានន័យថា គឺយើងចូលរួមការអភិរក្ស ឧទាហរណ៍យ៉ាងខ្លី ថ្មពេលត្រូវកម្ដៅតាមការសិក្សាបែបវិទ្យាសាស្ដ្រ គឺបម្រែបម្រួលពេលថ្ងៃ សីតុណ្ហភាពឡើងជិត៨០ដឺក្រេ ហើយពេលយប់ធ្លាក់មកត្រឹម២០ដឺក្រេវិញ គម្លាតខុសគ្នា៦០ជាង ចឹងថ្មអាចផ្ទាត់ ខូច បញ្ហាមានរួចហើយលើចម្លាក់មួយចំនួន ចឹងដើមឈើពេលធំវាផ្តល់សំណើម ត្រជាក់...ថ្មកាត់បន្ថយសំពាធថ្មដែលជាការអភិរក្សរបស់យើង...»។
ក្រៅពីជួយបន្ថយកម្ដៅលើថ្មប្រាសាទ ព្រៃឈើក៏ផ្តល់គុណប្រយោជន៍ច្រើនទៀតដល់ប្រាង្គប្រាសាទដែរ ដូចជាជួយទប់ការបាត់បង់ទឹកក្រោមដី ជួយទប់ខ្យល់កុំឱ្យប៉ះពាល់ផ្ទាល់ដល់ថ្មប្រាសាទ។ល។ នៅចំពោះអ្នកចូលរួមដាំកូនឈើប្រមាណ២០០នាក់នៅថ្ងៃទី១៥ កក្កដា ដែលភាគច្រើនជាក្រុមមេធាវី លោក ហង់ ពៅ បញ្ជាក់ថា នេះជាសារសំខាន់ដែលលោកចង់និយាយទៅកាន់អ្នកដែលកំពុងកាប់ដើមឈើ ឱ្យមានការពិចារណាវែងឆ្ងាយមុននឹងសម្រេចកាប់ទន្ទ្រានព្រៃឈើ ឬព្រៃក្នុងតំបន់អង្គរ។ ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏មានផែនការដាំ និងចែកចាយដើមឈើជាង១០ម៉ឺនដើមដល់ប្រជាពលរដ្ឋ និងដល់ស្ថាប័ននានា ដែលអាចយកទៅដាំដុះគ្រប់ទីកន្លែង ក្នុងន័យបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។
លោក ញឹក រិទ្ធី ជាប្រជាពលរដ្ឋមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលបានចូលរួមដាំដើមឈើនៅបរិវេណខាងត្បូងប្រាសាទអង្គរវត្ត យល់ថា ការដាំដើមឈើស្មើនឹងយើងជួយការពារបរិស្ថាន ជួយប្រទេសជាតិឱ្យមានប្រភេទឈើប្រណីតៗឡើងវិញ ឱ្យអ្នកជំនាន់ក្រោយបានស្គាល់។ ជាពលរដ្ឋមួយរូប លោក ញឹក រិទ្ធី ប្រាប់ថា លោករីករាយក្នុងការចូលរួមដាំដើមឈើឡើងវិញ ដើម្បីបរិស្ថានទាំងមូល និងកាត់បន្ថយគ្រោះមហន្តរាយនានា។
ចំណែកអ្នកស្រី សេង និមល ជាសមាជិកក្រុមមេធាវីរដ្ឋាភិបាលដែលចូលរួមដាំដើមឈើនៅពេលនោះ ក៏បានបង្ហាញអារម្មណ៍រីករាយផងដែរ នៅពេលដែលមានឱកាសដាំដើមឈើក្នុងបរិវេណប្រាសាទដ៏អច្ឆរិយៈរបស់ជាតិ។ អ្នកស្រីយល់ថា ដើមឈើនេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏មានន័យសម្រាប់ខ្លួនឯង នៅពេលវាធំលូតលាស់បានល្អ។ សម្រាប់អ្នកស្រីមេធាវី ដើមឈើមានគុណប្រយោជន៍សម្រាប់បរិស្ថាន ផ្តល់ភាពបៃតងសម្រាប់ធម្មជាតិទាំងមូល។
អ្នកស្រឡាញ់បរិស្ថាន និងប្រលូកការងារសង្គមជាង១០ឆ្នាំ លោក ឆាយ សុភាព យល់ថា យុវជនត្រូវតែចូលរួមការដាំដើមឈើឡើងវិញ ដែលលោកចាត់ទុកថាជាការព្យាបាលដំបៅផែនដី។ ក្នុងមួយជីវិតរបស់ខ្លួន លោក ឆាយ សុភាព បានបេ្ដជ្ញាថា នឹងគៀកគរការដាំកូនឈើបានយ៉ាងហោច១០ម៉ឺនដើម ហើយគោលដៅនេះជិតសម្រេចហើយដែរ។ លោក ឆាយ សុភាព បន្ត៖« តួនាទីរបស់យុវជនក្នុងមួយជីវិតបើមិនបានដាំដើមឈើ១០០ ឬមួយពាន់ដើម គួរតែអាចធ្វើបាន ក្នុងបេសកកម្មខ្ញុំ ខ្ញុំតាំងចិត្តថាមុនស្លាប់ទៅវិញធ្វើឱ្យបាន ១០ម៉ឺនដើមដែរ ដែលត្រូវដឹកនាំយុវជន...យុវជនត្រូវស្រឡាញ់បរិស្ថាន គឺស្រឡាញ់ជីវិតខ្លួនយើង ត្រូវដាំ និងថែរក្សាដើមឈើ»។
ប្រលូកការងារជាមួយយុវជនច្រើន លោក ឆាយ សុភាព បានកត់សម្គាល់ឃើញថា បច្ចុប្បន្នយុវជនបានបង្ហាញការចូលរួម និងធ្វើសកម្មភាពជាច្រើនក្នុងការដាំដើមឈើនេះ។ លោកយល់ថា ពួកគេបានយល់ពីសារសំខាន់នៃព្រៃឈើ និងបង្ហាញពីតួនាទីសំខាន់របស់យុវជនលើកិច្ចការទាំងនេះ។ លោក ឆាយ សុភាព លើកទឹកចិត្តឱ្យយុវជនធ្វើដំណើរស្វែងយល់ពីតំបន់ព្រៃនានាក្នុងប្រទេស ហើយបច្ចុប្បន្នក្រុមយុវជនកំពុងពេញនិយមដំណើរកម្សាន្តបែបផ្សងព្រេងនេះច្រើន ដែលបានរួមចំណែកផ្សព្វផ្សាយធនធានធម្មជាតិដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ការដាំដើមឈើក្នុងតំបន់អង្គរដែលបានផ្តល់សារប្រយោជន៍ច្រើនលើការងារអភិរក្សប្រាសាទបែបនេះ លោក ហង់ ពៅ មានគោលការណ៍ចង់រៀបចំការដាំដើមឈើឱ្យកាន់តែច្រើន និងចង់ឱ្យឈ្មោះថា «ដើមឈើរបស់ខ្ញុំ នៅតំបន់អង្គរ» (MY TREE IN ANKOR) ដែលក្រោយពីដាំរួច ប្រជាពលរដ្ឋរួមទាំងទេសចរអាចចំណាំ និងថែទាំដើមឈើទាំងនោះ និងស្រឡាញ់ដើមឈើដូចស្រឡាញ់ខ្លួនឯងដូច្នោះដែរ។ លោកអគ្គនាយកនឹងជំរុញនយោបាយដាំដើមឈើនេះក្រោយជំងឺកូវីដ១៩ បាត់រលត់ទៅ គឺភ្ជាប់ជាមួយខ្លឹមសារបស់ក្រសួងទេសចរណ៍ «ទេសចរម្នាក់ ដាំដើមឈើមួយដើម» ដោយបន្ថែមខ្លឹមសារឱ្យអ្នកដាំត្រូវថែរក្សាដើមឈើទាំងនោះផង៕