ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរ​គ្រោង​ពង្រីក​ស្ដង់​លក់​បន្លែ​សុវត្ថិភាព «​សៅរ៍​-​អាទិត្យ​» ដើម្បី​បំពេញតម្រូវការ​អ្នកទិញ​
18, Jul 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ បន្លែ​សុវត្ថិភាព​កំពុងមាន​តម្រូវ​ទីផ្សារ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។ ពលរដ្ឋ​ដែលមាន​ជីវភាព​មធ្យម បាន​ងាក​មក​ជ្រើសរើស​បន្លែ​សុវត្ថិភាព ដោយសារ​ភាពជឿជាក់​ពី​កសិករ​ខ្មែរ ពិសេស​គឺមាន​ប្រភព​ច្បាស់លាស់ មិន​ខ្លាច​ប៉ះពាល់​សុខភាព​។ ស្ដង់​លក់​បន្លែ​សុវត្ថិភាព ដែល​ដាក់លក់​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍​-​អាទិត្យ គ្រោង​នឹង​ពង្រីក​ការលក់ដូរ​បន្ថែម ក្នុងនោះ​អាជ្ញាធរ​ក៏មាន​គម្រោង​ដាក់លក់​នៅពេល​ល្ងាច​ផងដែរ​។​

 
​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋ​កាន់តែច្រើន បង្ហាញ​ការគាំទ្រ​ចំពោះ​បន្លែ​និង​ផ្លែឈើ​ដែល​នាំមក​លក់​ដោយ​កសិករ​នានា​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ លោក​បន្ថែមថា បច្ចុប្បន្ន​ស្ដង់​លក់ដូរ​ដែល​ស្ថិតនៅលើ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ មាន​ចំនួន​១១​ស្ដង់ ដែល​ដាក់លក់​ដោយ​កសិករ​ម​ក​ពី​ស្រុក​បន្ទាយស្រី ស្វាយ​លើ សូទ្រនិគម ប្រាសាទបាគង ក្រុង​សៀមរាប និង​ស្រុក​ពួក​ជាដើម ដែល​សុទ្ធសឹង​ជា​បន្លែ​និង​ផ្លែឈើ​សុវត្ថិភាព​។​
 
​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​បញ្ជាក់ថា នៅ​ខែ​ក្រោយនេះ​ផ្សារ​សៅរ៍​អាទិត្យ​ដែល​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត មន្ទីរ​ពាណិជ្ជកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គ្រោង​ពង្រីក​៥​ស្ដង់​ទៀត​ដើម្បី​បំពេញតម្រូវការ​អ្នកទិញ​។ លើសពីនេះ អាជ្ញាធរ​គ្រោង​រៀបចំ​ការលក់​នៅពេល​ល្ងាច​បន្ថែមទៀត ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​កូ​វីដ​១៩ ជំនួស​ឱ្យ​ការលក់​តែ​ពេលព្រឹក​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​១១​។ លោក ភឿន គឹម​លី បញ្ជាក់ថា ការលក់​ពេល​ល្ងាច​គឺ​លក់​តែ​ប្រភេទ​ផ្លែឈើ​តែប៉ុណ្ណោះ​៕
 


 









Tag:
 បន្លែ​សុវត្ថិភាព​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com