ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ដំណើរកម្សាន្ត២យប់ថ្ងៃទៅកាន់តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
× ព្រះវិហារ៖ «ភ្នំត្បែង» មានចម្ងាយផ្លូវ៣៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ដោយភ្ញៀវទេសចរអាចធ្វើដំណើរឡើងតាមជណ្តើរចំនួន១៣៤៥កាំទើបដល់វត្តដំបូកខ្មៅ។ លោក-អ្នក នឹងបានទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់បំព្រងអមជាមួយសំឡេងសត្វព្រៃ និងការធ្វើដំណើរតាមគោយន្ត ទៅតំបន់សក្ការនានាលើភ្នំត្បែង។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
«ភ្នំត្បែង» មានសក្កានុពលទេសចរបែបវប្បធម៌ និងធម្មជាតិ ដែលលោកអ្នកទស្សនាបានជាច្រើនកន្លែង ជិះគោយន្តមើលព្រៃភ្នំ, ងូតទឹកជ្រោះដ៏ត្រជាក់, គយគន់ថ្ងៃរះ និងថ្ងៃលិច, ញ៉ាំអាហារឆ្ងាញ់ដែលធ្វើដោយប្រជាសហគមន៍នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលរាត្រីលោក-អ្នកអាចទស្សនានូវបណ្តុំផ្កាយ (Milky Way) និងទេសភាពពេលរាត្រីពីលើភ្នំដ៏ស្រស់ស្អាតផងដែរ។
នេះជាទិដ្ឋភាពនៃដំណើរកម្សាន្តជំរំតង់ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ លើកទី៤» ដែលរៀបចំដោយ Cambodia Amazing Trip Planner កាលពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ ២០២០។ រយៈពេល២យប់៣ថ្ងៃ ភ្ញៀវទេសចរដែលចូលរួមជំរំតង់ បានធ្វើដំណើរថ្មើរជើង តាមកាំជណ្ដើរចំនួន ១៣៤៥ ដល់ទីតាំងវត្តដំបូកខ្មៅ។ ក្រោយធ្វើដំណើរដល់វត្តដំបូកខ្មៅ លើភ្នំត្បែង អ្នកចូលរួមទាំងអស់ បានបន្តដំណើរទៅកាន់ទឹកធ្លាក់តាម៉ា និងបន្តទៅសម្រាកបោះតង់នៅទីសក្ការថ្មបីដុំ។
ព្រះអាទិត្យអស្ដង្គត មេឃក៏ប្រែពណ៌ អ្នកចូលរួមបានងូតទឹកសម្អាតកាយ បន្ទាប់ពីធ្វើដំណើរដ៏ឆ្ងាយពីរាជធានីភ្នំពេញ មកដល់ភ្នំត្បែង ក្នុងទឹកដីខេត្តព្រះវិហារ។ កាយត្រជាក់ និងស្រស់ស្រាយ ក្រោយងូតទឹករួច ជាពេលដែលអ្នកចូលរួមទាំងអស់ ត្រូវស្រស់ស្រូបអាហារពេលល្ងាច ដែលចម្អិនដោយចុងភៅជាប្រជាសហគមន៍នៅជើងភ្នំត្បែង។ អាហារដ៏ឆ្ងាញ់ ធ្វើឲ្យអ្នកចូលរួមមានកម្លាំង ដែលបន្តជជែកគ្នាពីនេះពីនោះ និងស្ដាប់ពីប្រវត្តិភ្នំត្បែង និងទីសក្ការថ្មបីដុំ ពីលោកតាៗនៅលើភ្នំត្បែង។ មេឃកាន់តែងងឹត អ្នកចូលរួមដល់ពេលសម្រាក ដើម្បីបន្តដំណើរទៅកាន់តំបន់តាំងយូ នៅព្រឹកស្អែក។
ម៉ោងប្រមាណ៥ព្រឹក អ្នកចូលរួមក៏បានក្រោកពីដំណេក និងស្រស់ស្រូបអាហារ រួចធ្វើដំណើរទៅតំបន់តាំងយូ នៅម៉ោងប្រមាណ ៧ព្រឹក។ ក្នុងដំណើរទៅតំបន់តាំងយូ អ្នកចូលរួមត្រូវធ្វើដំណើរតាមគោយន្ត និងម៉ូតូលើចម្ងាយផ្លូវ ១៥គីឡូម៉ែត្រពីទីសក្ការថ្មបីដុំ ឆ្លងកាត់ព្រៃធំ ព្រៃស្រោង និងទីវាល និងបន្តធ្វើដំណើរថ្មើរជើងចម្ងាយ៥០០ម៉ែត្រ។ នាតំបន់វត្តតាំងយូ អ្នកចូលរួមបានបន្តដំណើរទៅងូតទឹកធ្លាក់ដ៏ត្រជាក់ គឺទឹកធ្លាក់តាំងយូ និងទស្សនាថ្មហួត ដែលនៅជិតនោះ។ បន្ទាប់ពីទស្សនាកម្សាន្តនៅតំបន់តាំងយូ អ្នកចូលរួមក៏បានធ្វើដំណើរមកកាន់ទីសក្ការថ្មបីដុំវិញ។ ដំណើរកម្សាន្តរយៈពេល២យប់ ៣ថ្ងៃបានបញ្ចប់ អ្នកចូលរួមបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយសុវត្ថិភាព និងភាពសប្បាយរីករាយ៕
Tag:
ភ្នំត្បែងមានជ័យ
ព្រះវិហារ
ថ្មីៗ២៥
© រក្សាសិទ្ធិដោយ thmeythmey.com