កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ស៊ុត​២​គ្រាប់​ជួយ Arsenal ទម្លាក់ Man City ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup
19, Jul 2020 , 9:30 am        
រូបភាព
Arsenal បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​ចាស់ Manchester City ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ឆ្នាំ ២០២០​នេះ​។ អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Mikel Arteta យកឈ្នះ​ក្រុម​អតីត​មេ​ខ្លួន​លោក Pep Guardiola ដោយ​លទ្ធផល ២-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Wembley យប់​ថ្ងៃទី​១៨ ខែកក្កដា​។​


២​គ្រាប់​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Pierre-Emerick Aubameyang នៅ​នាទី​១៩ និង​៧១ គ្រប់គ្រាន់​ដើម្បី​នាំ​ក្រុម​របស់លោក Arteta ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ជា​លើក​ទី​២១​។ នេះ​មានន័យថា Arsenal ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើនជាងគេ​ដោយ​លើស Manchester United មួយ​លើក ចាប់តាំងពី​ពាន​នេះ​កកើតឡើង​នៅ​ឆ្នាំ​១៩២៣​មក​។ សព្វថ្ងៃ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​មួយ​នេះ​ក៏​ជា​ក្រុម​ឈ្នះ​ជើងឯក FA Cup ច្រើនជាងគេ​ផងដែរ ​ចំនួន​១៣​លើក លើស​គូប្រជែង​បិសាច​ក្រហម​ដែល​ឈ្នះ​១២​លើក​។​
  
 
​យ៉ាងណាក៏ដោយ Man Utd ដែលមាន​លោក Ole Gunnar Solskjær ជា​អ្នកចាត់ការ អាចមាន​ឱកាស​នាំ​ក្រុម​ឈានចូល​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នេះ​ជា​លើក​ទី​២១​ដូចគ្នា​ ប្រសិនបើ​ពួកគេ​យកឈ្នះ Chelsea នា​ការប្រកួត​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា​នេះ​។​
 
Arsenal ត្រូវ​រង់ចាំ​ជំនួប​រវាង Man Utd និង Chelsea នេះ ដើម្បី​យក​មួយក្រុម​ទៅ​ប៉ះគ្នា​ជាមួយ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១ ខែសីហា​ នៅ​កីឡដ្ឋាន Wembley ដដែល​នេះ​។ ប្រសិនបើ​បិសាច​ក្រហម​អាច​ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​ដណ្តើម​យកពាន​នេះ​បាន​ពី Arsenal សម្រាប់​ឆ្នាំ​២០២០ នោះ Man Utd ក៏​នឹង​អាច​តាម​ស្មើ​កំណត់ត្រា​ឈ្នះ FA Cup ចំនួន ១៣​លើក​ដូចគ្នា​ដែរ​៕
 
 

 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com