ភ្នំពេញ៖ លោកស្រី សុខ ដៀរ៉ូហ្សេត ប្រធានកម្មវិធី-សហគមន៍នៃមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យនៃអង្គការ Caritas Cambodia បានអះអាងថា កុមារនឹងមិនជួបប្រទះនូវជំងឺផ្លូវចិត្ត ប៉ះពាល់ភ្នែក និងមិនរងប្រហារពីសំណាក់ជនមិនស្គាល់មុខឡើយ បើកាលណាឪពុកម្តាយបានកំណត់ពេលវេលាសម្រាប់ឲ្យកូនប្រើទូរស័ព្ទ និងកំណត់កម្មវិធីក្នុងទូរស័ព្ទរបស់កូនឲ្យបានត្រឹមត្រូវ ។
សូមតាមដានកិច្ចសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី សុខ ដៀរ៉ូហ្សេត ប្រធានកម្មវិធី-សហគមន៍នៃមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យនៃអង្គការ Caritas Cambodia ខាងក្រោមដូចតទៅ៖
កញ្ញា សៅ សុខអេង៖ ដោយសារជំងឺកូវីដ-១៩ បានជំរុញឲ្យវិស័យអប់រំឆ្ពោះទៅការអប់រំបែបបច្ចេកវិទ្យា ដែលតម្រូវឲ្យឪពុកម្តាយទិញទូរស័ព្ទឲ្យកូនរៀនតាមអនឡាញ។ នេះជាមធ្យោបាយដ៏ល្អសម្រាប់ឲ្យកូនបន្តការសិក្សា ។ ប៉ុន្តែក្រៅផលវិជ្ជមាននេះ តើលោកស្រី យល់ថា ការបណ្ដោយឱ្យក្មេងប្រើប្រាស់ទូរសព្ទយូរពេក វានឹងផ្តល់ផលប៉ះពាល់ដល់កូនដែរទេ?
លោកស្រី សុខ ដៀរ៉ូហ្សេត៖ វាផ្តល់ផលប៉ះពាល់ដល់កូន នៅពេលឪពុកម្តាយមិនបាននៅក្បែរកូន ដោយឪពុកម្តាយរវល់ការងារ ដោយអត់បានគ្រប់គ្រងពេលវេលា និងកំណត់លក្ខខណ្ឌឲ្យកូនកាន់ទូរស័ព្ទ។ នៅពេលដែលកូនប្រើទូរស័ព្ទលើសពី២ម៉ោងក្នុងមួយថ្ងៃ កុមារអាចនឹងញៀនទូរស័ព្ទ។ គាត់អាចនឹងមិនព្រមឈប់លេងទូរស័ព្ទ ពេលឪពុកម្តាយហៅទៅញុំាបាយ ឬក៏ធ្វើអ្វីមួយ។ កាលណាគាត់ចចេសនៅតែប្រើទូរស័ព្ទ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយក្មេង និងសុខភាពផ្លូវចិត្ត ដោយក្មេងមិនអាចគេងបានពេញលេញឡើយ។ កុមារអាចនឹងមិនផ្តោតអារម្មណ៍លើការសិក្សា ឆាប់ខឹងមួម៉ៅ និងចចេស។ ហើយក៏ធ្វើឲ្យកុមារយឺតយ៉ាវនឹងការប្រើភាសា។ ជាពិសេសក៏ប៉ះពាល់ដល់សុខភាពភ្នែករបស់កុមារផងដែរ។ ដើម្បីមិនប៉ះពាល់ដល់ភ្នែកកុមារ ឪពុកម្តាយក៏ត្រូវទិញវ៉ែនតាការពារពន្លឺទូរស័ព្ទដល់កូន។
ម្យ៉ាងទៀតកុមារនឹងមានជំងឺថប់អារម្មណ៍ និងមានជំងឺបាក់ទឹកចិត្តនៅពេលដែលកុមារត្រូវរងពីការមើលងាយពីមិត្តភក្តិតាមប្រព័ន្ធបណ្តោយសង្គម។ ជួនកាលគាត់អាចនឹងឈានដល់ការមើលរឿងអាសអាភាស នឹងងាយឲ្យកុមារត្រូវគេឆបោក ដែលឈានដល់ការធ្វើសកម្មភាពផ្លូវភេទផងដែរ។
កញ្ញា សៅ សុខអេង៖ តើឪពុកម្តាយត្រូវ កំណត់ពេលវេលាកូន និងកំណត់កម្មវិធីក្នុងទូរស័ព្ទកូនបែបណាទៅទើបមិនបង្កហានិភ័យដល់កូន?
លោកស្រី សុខ ដៀរ៉ូហ្សេត៖ បើតាមសមាគមកុមារសហរដ្ឋអាមេរិក គេមានគោលការណ៍កំណត់អាយុកុមារដែលអាចប្រើទូរស័ព្ទសម្រាប់សិក្សា។ កុមារដែលមានអាយុក្រោម២ឆ្នាំ គេមិនអនុញ្ញាតឲ្យកុមារកាន់ទូរស័ព្ទឡើយ។ ចំពោះកុមារដែលមានអាយុពី ២ទៅ៥ឆ្នាំ គេអនុញ្ញាតឲ្យកុមារប្រើទូរស័ព្ទកន្លះម៉ោងក្នុងមួយថ្ងៃ ដោយឪពុកម្តាយត្រូវនៅក្បែរកូន ពេលកូនប្រើទូរស័ព្ទ សម្រាប់សិក្សា លេងហ្គេម និងមើលតុក្កតាជាដើម។ យើងនិយាយអ្វីពីក្នុងទូរស័ព្ទហ្នឹង ដោយត្រូវនិយាយជាមួយកូន។ ចំពោះកុមារអាយុពី៥ ទៅ១០ឆ្នាំ ក៏ត្រូវមានឪពុកម្តាយនៅក្បែរផងដែរ ដោយមិនឲ្យប្រើលើសពី២ម៉ោងក្នុងមួយថ្ងៃឡើយ។ ចំណែកកុមារដែលមានអាយុចាប់ពី១០ឆ្នាំឡើងទៅ ក៏មិនត្រូវលេងទូរស័ព្ទលើសពី៤ម៉ោងក្នុងមួយថ្ងៃដែរ។
សម្រាប់កម្មវិធីក្នុងទូរស័ព្ទរបស់កូនដែលឪពុកម្តាយគួរតែកំណត់នោះគឺឪពុកម្តាយត្រូវយល់ពីកម្មវិធីសិក្សារបស់កូន ដែលអាចឲ្យកុមារយល់ដឹងពីព័ណ៌ ពីលេខ និងពីហ្គេមដែលជំរុញឲ្យកូនមានការអភិវឌ្ឍ យល់ដឹងរបស់ខួរក្បាលកុមារ។ កម្មវិធីសិក្សាតាមអនឡាញ នឹងនៅតែបន្តទៅមុខទៀត។ អ្វីដែលសំខាន់ឪពុកម្តាយត្រូវនៅជាមួយកូន សួរនាំកូន មើលថាកូនរៀនអ្វី ហើយត្រូវដឹងថាកូនលេងកម្មវិធីអ្វី។ មិនបណ្តោយឲ្យកូនលេងទូរស័ព្ទយូរម៉ោងដែលបណ្តាលឲ្យកុមារអាចចូលមើលរឿងហិង្សា។ ជាពិសេសឪពុកម្តាយក៏ត្រូវចេះជំនាញបច្ចេកវិទ្យាដើម្បីគ្រប់គ្រងកម្មវិធីរបស់កុមារដើម្បី ជៀសវាងកុមារចូលអ៊ីនធឺណិតផ្តេសផ្តាស។
កញ្ញា សៅ សុខអេង៖ តើឪពុកម្តាយគួរតែប្រើវិធីសាស្ត្រផ្សេងបែបណាទៅ ទើបមិនធ្វើឲ្យកុមារញៀននឹងប្រើទូរស័ព្ទក្នុងរយៈពេលយូរ?
លោកស្រី សុខ ដៀរ៉ូហ្សេត៖ វាមានសកម្មភាពច្រើនទៀត ដែលមិនធ្វើឲ្យកុមារលេងទូរស័ព្ទច្រើនម៉ោង។ ដោយឪពុកម្តាយត្រូវមានពេលវេលា យកចិត្តទុកដាក់លើកូន ដោយសួរនាំកូន ហៅកូនមកមើលសៀវភៅ អានសៀវភៅ ពន្យល់ និងណែនាំឲ្យកូនគូរគំនូរ ឲ្យកូនធ្វើកិច្ចការសាលា នាំកូនដើរចេញទៅក្រៅ បន្លែងលេងជាមួយកូន និងនាំកូនទៅលេងកម្មវិធីកម្សាន្តផ្សេងៗជាដើម ដើម្បីជួយឲ្យកូនមានការអភិវឌ្ឍខួរក្បាលបានល្អ៕