ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស ដែល​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ត្រូវ​អនុវត្តតាម​ក្រសួង​សុខាភិបាល​
19, Jul 2020 , 11:44 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស​ទាំងអស់ ដែល​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃនោះ ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ។ សម្ដេច​ថ្លែង​បែបនេះ ក្រោយពី​មាន​ករណី​ស្ត្រី​ខ្មែរ​-​អាមេរិក​ម្នាក់ បាន​លួច​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក កាលពីពេល​ថ្មីៗ​នេះ​។​


​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​អ្នក​ច​ត្តា​ឡី​ស័ក​ទាំងអស់ គិតពី​សុវត្ថិភាព​សុខភាព​ខ្លួន និង​អ្នកដទៃ ដែល​មិន​ត្រូវធ្វើ​អ្វី​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវតែ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅពេលដែល​ពិនិត្យ​សុខភាព​រួចហើយ អនុ​ញ្ញា​ត្តិ​ឱ្យ​រស់នៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ គឺ​ត្រូវ​ទទួលខុសត្រូវ​ធ្វើតាម​បញ្ជា​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ខ្លួនឯង​ផង នឹង​សម្រាប់​អ្នកដទៃ​ផង​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ មាន​ស្ត្រី​ខ្មែរ​-​អាមេរិក​ម្នាក់ ដែល​បាន​ធ្វើដំណើ​ពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៥ កក្កដា​នោះ បាន​លួច​រត់​ចេញពី​សណ្ឋាគារ​ដាក់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ប៉ុន្តែ​អាជ្ញាធរ បាន​តាម​រកឃើញ​រូបនាង កាលពី​ថ្ងៃទី​១៨ កក្កដា នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅ​ក្នង​ខេត្តកំពង់ចាម​។ អាជ្ញាធរ​ក៏​សម្រេច​ឱ្យ​រូបនាង បន្ត​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ កក្កដា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ១៧១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៣៦ នាក់  និង​កំពុង​ព្យាបាល​មាន ៣៥​នាក់ (២​នាក់​ជាម​ន្ត្រី​ស្ថា​ត​ទូត​អាមេរិក​)​។​
 
​សម្ដេច ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ។ សម្ដេច ស្នើឱ្យ​ពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល​។ ជាពិសេស​ត្រូវ​ពាក់​ម៉ាស​ការពារ ហើយ​កុំ​ធ្វេសប្រហែស​។ 
 
​ចំណែក​ទីកន្លែង​ធ្វើ​អាជីវកម្ម​តូចធំ​រួមទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​អីវ៉ាន់​តូចធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​បាន​អនុ​ញ្ញា​ត្តិ ធន​គារ និង​កន្លែង​ប្តូរប្រាក់​តូចធំ គ្លីនិក​តូចធំ គ្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង មន្ទីរពេទ្យ​ឯកជន ត្រូវតែមាន​ជែ​ល​ល ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​ផ្តល់ជូន​អតិថិជន​ឬ​ក្រុមគ្រួសារ​អ្នកជំងឺ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​ត្រូវ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​៕
 
 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com