ជាតិ
សង្គមជាតិ
ក្រុមកម្មករ​ចុះ​បារ​ស្លែ​បៃតង ដើម្បី​សោភ័ណភាព​ស្ទឹង​សៀមរាប​
19, Jul 2020 , 12:27 pm        
រូបភាព
សៀមរាប​៖ ក្រុមកម្មករ​ប្រមាណ​១០​នាក់ មាន​ប្រុស​មាន​ស្រី កំពុង​បារ​ស្លែ​បៃតង ដែល​ពង្រីក​ខ្លួន​ស្ទើរ​ពេញ​ដងស្ទឹង​សៀមរាប​។ ពួកគេ​បាន​ប្រើ​ខ្សែ​ចង​អូស​ស្លែ​មក​កៀន​ច្រាំង​ម្ខាង ងាយស្រួល​បារ​ចេញ​។ ខ្លះទៀត​ក៏​ប្រើ​ដង​ឈើ​ដួស និង​ចុះ​បារ​ដោយ​ដៃ​ផ្ទាល់​ផងដែរ​។ ដ្បិត​ចូល​រដូវវស្សា​ក៏ពិតមែន តែ​បរិមាណ​ទឹកភ្លៀង​ហាក់​មានតិច និង​ការ​ទប់ទឹក​ចូល​ក្នុង​តំបន់​ប្រាសាទ​ច្រើន ទើប​ធ្វើឱ្យ​ប្រភពពី​ភ្នំ​គូលែន មាន​តិចតួច​ចុះ​មកដល់​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​សៀមរាប​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សកម្មភាព​បារ​ស្លែ​ក្នុង​ស្ទឹង​សៀមរាប ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៤ កក្កដា នៅ​ចំណុច​ខាងជើង​ផ្សារ​ពោធិ៍​លង្កា សង្កាត់​មណ្ឌល​៣ ក្រុង​សៀមរាប​ដូចតទៅ​
 
​ទាក់ទង​នឹង​សកម្មភាព​នេះ អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា ប្រាប់ថា រដ្ឋបាល​ក្រុង​មិនបាន​បណ្ដែតបណ្ដោយ​ឱ្យមាន​ស្លែ​ច្រើន​ពេញ​ស្ទឹង​ដូច្នេះ​នោះទេ​។ លោក​ពន្យល់ថា មាន​មូលហេតុ​មួយចំនួន​ដែល​រដ្ឋបាល​ក្រុង​កំពុងធ្វើការ​លើ​រឿងនេះ ទី​១​ដោយសារ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ខេត្តសៀមរាប​មាន​បញ្ហា​ខ្វះ​ទឹក ដែល​ប្រភពទឹក​ពី​ខាងលើ ត្រូវ​ទប់​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ ទើប​មិនបាន​បើក​ទម្លាក់​ចុះមក​ផ្នែក​ខាងក្រោម ទី​២ ស្លែ ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​កិ្ល​ន​ស្អុយ​ពី​ក្នុង​ស្ទឹង ព្រោះ​ស្ទឹង​នេះ​មានការ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​នាពេល​កន្លងមក និង​ទី​៣ អាជ្ញា​ធរមាន​គម្រោង​ស្ដារ និង​អភិវឌ្ឍន៍​ស្ទឹង​សៀមរាប​នាពេល​ឆាប់ៗ​នេះ​។​
 
​លោក​អភិបាលក្រុង សុំឱ្យ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​យោគយល់​ត្រង់​បញ្ហា​ទាំងនេះ ហើយ​មិនមែន​រដ្ឋបាល​ក្រុង​បណ្ដោយឱ្យ​ស្លែ​ច្រើន​ក្នុង​ស្ទឹង​នោះទេ​។ លោក នួន ពុទ្ធា​រ៉ា បាន​បញ្ជាក់ថា ដងស្ទឹង​សៀមរាប​នឹង​ប្រែ​មុខមាត់​ថ្មី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ក្នុង​គម្រោង​នឹង​រៀបចំ​ឱ្យមាន​សួនច្បារ ផ្លូវ​ដើរ និង​ដាំ​ដើមឈើ​អម​សងខាង ពិសេស​នឹង​រៀបចំ​ប្រព័ន្ធ​ចម្រុះ​ទឹក​កខ្វក់​មុន​បង្ហូរ​ចូល​ទឹកស្ទឹង​ផងដែរ​៕
 


















Tag:
 ស្ទឹង​សៀមរាប​
  ស្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com