COVID-19
អន្តរជាតិ
ប្រធានាធិបតី​អ៊ីរ៉ង់​៖ ប្រជាជន​អ៊ីរ៉ង់​២៥​លាន​នាក់​ប្រហែល​ឆ្លង COVID-19
19, Jul 2020 , 1:59 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (AFP)
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (AFP)
ដោយ:
​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani នៅ​ថ្ងៃទី​១៨ ខែកក្កដា បាន​បញ្ជាក់ថា ប្រជាជន​អ៊ីរ៉ង់ ២៥​លាន​នាក់ អាច​ឆ្លង​ជំងឺ COVID-19 ។ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល តួលេខ​ដែល​មេដឹកនាំ​នេះ​បានលើកឡើង គឺ​ខុសគ្នា​ឆ្ងាយ​ដាច់​ពី​តួលេខ​ផ្លូវការ​ដែលមាន​ត្រឹម ២៧១ ៦០៦​ករណី គិត​ត្រឹម​ថ្ងៃ​សៅរ៍​ដដែល​។

 
«​ការប៉ាន់ស្មាន​របស់​យើង គឺថា មកទល់ពេលនេះ ប្រជាជន​អ៊ីរ៉ង់ ២៥​លាន​នាក់ បាន​ឆ្លង COVID-19 ហើយ​ប្រមាណ ១៤០០០​នាក់ បាន​បាត់​បង់ជីវិត​»​។ លោក​ប្រធានាធិបតី Rouhani បញ្ជាក់​បែបនេះ​ក្នុង​សុន្ទរកថា ដែល​ចាក់ផ្សាយ​លើ​ទូរទស្សន៍​។ 
 
​បើតាម Reuters លោក​បន្តថា ម្យ៉ាងទៀត វា​មានលទ្ធភាព​ដែល​មនុស្ស​ចន្លោះ​ពី​៣០ ទៅ ៣៥​លាន​នាក់​ទៀត នឹង​ប្រឈម​ហានិភ័យ​ចំពោះ​វីរុស​នេះ​។ យ៉ាងណាមិញ លោក​ពុំបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជុំវិញ​ការលើកឡើង​នេះឡើយ​។​
 
​ទាក់ទិន​នឹង​រឿងនេះ ការិយាល័យ​របស់លោក Rouhani បញ្ជាក់ថា តួលេខ​ឆ្លង​ប្រមាណ​២៥​លាន​នាក់ ដែល​ស្មើ​៣០​ភាគរយ​នៃ​ប្រជាជន​អ៊ីរ៉ង់​សរុប ៨០​លាន​នាក់​នេះ គឺ ផ្អែកលើ​សេណា​រី​យ៉ូ​ប៉ាន់ស្មាន​មួយ ដែល​ដកស្រង់​ពី​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​។ 
 
​យ៉ាងណាមិញ មន្ត្រី​អ៊ីរ៉ង់​ម្នាក់​នៅ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង COVID-19 របស់​រដ្ឋាភិបាល បាន​អះអាងថា មនុស្ស​២៥​លាន​នាក់​ដែល​លោក​ប្រ​ធានា​ធិ​ប​នី​បានលើកឡើង​នោះ គឺជា​អ្នកជំងឺ​មាន​រោគសញ្ញា​ស្រាល ដែល​មិន​ត្រូវការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ ISNA ។​
 
​សូមបញ្ជាក់ថា អ៊ី​រ៉​ង៉ គឺជា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 ខណៈ​ករណី​ឆ្លង​និង​ស្លាប់​បន្ត​ហក់​ឡើង​ខ្ពស់ ចាប់តាំងពី​ការ​រឹតត្បិត COVID-19 ត្រូវបាន​បន្ធូរបន្ថយ ពី​ដើមខែ​មេសា​មក​។​
 
​នៅ​ថ្ងៃទី ១៨ ខែកក្កដា ក្រសួងសុខាភិបាល​អ៊ីរ៉ង់ បាន​រាយការណ៍​ករណី​ស្លាប់ ១៨៨​នាក់ ក្នុងពេល​ត្រឹម​២៤​ម៉ោង ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់ ១៣ ៩៧៩​នាក់​ហើយ​។ ដោយ​មើលឃើញ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ អាជ្ញាធរ​អ៊ីរ៉ង់​បានចាប់ផ្ដើម​ដាក់ចេញ​ការ​រឹតត្បិត​ឡើងវិញ​ក្នុង​រដ្ឋធានី តេ​ហេ​រ៉ង់ និង​តំបន់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​៕ 
 
 
 
 

Tag:
 អ៊ីរ៉ង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com