COVID-19
អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ពុករលួយ​អាល់​ហ្សេ​រី ស្លាប់​ដោយសារ COVID-19 ខណៈ​រង់ចាំ​កាត់ទោស​
19, Jul 2020 , 3:04 pm        
រូបភាព
អតីតរដ្ឋមន្ត្រីទូរគមនាគមន៍អាល់ហ្សេរី លោក Moussa Benhamadi (AFP)
អតីតរដ្ឋមន្ត្រីទូរគមនាគមន៍អាល់ហ្សេរី លោក Moussa Benhamadi (AFP)
ដោយ:
​អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី លោក Moussa Benhamadi ដែល​បាន​ជាប់ឃុំ​គាំង​ក្នុង​សំណុំរឿង​ពុករលួយ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ។ នេះ​បើតាម​សម្ដី​របស់​សាច់ញាតិ​លោក នៅ​ថ្ងៃទី​១៨ ខែកក្កដា​។

 
​លោក Benhamadi អាយុ ៦៧​ឆ្នាំ បាន​ឆ្លង COVID-19 កាលពីដើម​ខែកក្កដា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ បងប្រុស​លោក​ម្នាក់​ឈ្មោះថា Abdelmalek Benhamadi បាន​ប្រាប់​សារព័ត៌មាន AFP ។ 
 
​លោក​បាន​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ ហើយ​ត្រូវបាន​ផ្ទេរ​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​រដ្ឋធានី​អាល់​ហ្សេ​ទី កន្លែង​ដែល​លោក​ស្លាប់​។ 
 
​ចំណែក​បងប្អូន​លោក​ម្នាក់ទៀត ឈ្មោះថា Hocine Benhamadi បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក​អតីតរដ្ឋមន្ត្រី​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃទី​៤ ខែកក្កដា ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ​បានតែ​៩​ថ្ងៃ​ប៉ុណ្ណោះ​។ 
 
​លោក Moussa Benhamadi បាន​ជាប់​ឃុំឃាំង​រង់ចាំ​ការកាត់ទោស​នៅ​ពន្ធនាគារ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៩ មកម្ល៉េះ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​អំពើពុករលួយ​រឿង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល់​ហ្សេ​រី​មួយ​។ 
 
​សូមបញ្ជាក់ថា ប្រទេស អាល់​ហ្សេ​រី ដែល​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងជើង បាន​រាយការណ៍​ករណី​ឆ្លង​សរុប ២២ ០០០​ករណី ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់​ដោយសារ COVID-19 ជាង​១០០០​នាក់​៕ 
 
 

Tag:
 អាល់​ហ្សេ​រី​
  Moussa Benhamadi
© រក្សាសិទ្ធិដោយ thmeythmey.com