អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ព្រមាន​អង់គ្លេស​កុំ​ចង់​ដើរតួ​សំខាន់​របស់​ពិភពលោក​ដោយ​ខុស​រឿង​
19, Jul 2020 , 7:59 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​ចិន បាន​ព្រមាន​រដ្ឋាភិបាល​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​យោធា​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក ដែល​ចិន មើលឃើញថា​មាន​ចេតនា​បន្ថែម​សម្ពាធ​លើ​ខ្លួន​។ រដ្ឋាភិបាល​ចិន ចង់ឃើញ​អង់គ្លេស ដែល​ទើបតែ​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប បង្ហាញ​តួនាទី​ដែលមាន​ប្រយោជន៍​ដល់​សហគមន៍​អន្តរជាតិ ជាជាង​បង្ក​ការគំរាមកំហែង​សន្តិសុខ​។​

 
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស លោក Liu Xiaoming នៅ​ថ្ងៃ​១៨ កក្កដា បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​វត្តមាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​អង់គ្លេស ដែល​បាន​ចូល​ចត​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ តំណាង​ប្រទេស​រូបនេះ បាន​ហៅ​សកម្មភាព​នេះ គឺជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Strait Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​អគ្គរដ្ឋទូត​ចិន បាន​លើកឡើងថា អង់គ្លេស បាន​កាត់​ផ្តាច់ចំណង​ពាណិជ្ជកម្ម​ជាមួយនឹង​សហភាព​អឺរ៉ុប​រួចទៅហើយ ដូច្នេះ​អង់គ្លេស មិនគួរ​ចូល​ដៃ​ជាមួយនឹង​អាមេរិក​សម្ញែង​កម្លាំងយោធា​មកលើ​ចិន​នោះទេ​។ លោក គូសបញ្ជាក់ថា ក្រោយ​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​នៅតែ​ចង់​ដើរតួនាទី​សំខាន់​របស់ខ្លួន​ដដែល​។​
 
​ក៏ប៉ុន្តែ​សម្រាប់​ប្រមុខ​ការទូត​ចិន​ប្រចាំ​អង់គ្លេស​រូបនេះ បាន​ក្រើនរម្លឹក​ដល់​អង់គ្លេស ថា ការ​សម្ញែង​យោធា​របៀបនេះ មិនមែនជា​មធ្យោបាយ​ស​ម្រា​ប់​ដើរតួនាទី​សំខាន់​របស់​ពិភពលោក​នោះទេ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស The Times ក្នុង​សប្តាហ៍​នេះ អង់គ្លេស​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​ដោយ​ចុះចត​នៅលើ​នាវា​ដឹក​យន្តហោះ​ចម្បាំង HMS Queen Elizabeth នៅ​តំបន់​ប៉ាស៊ីហ្វិក ជា​ផ្នែក​មួយ​របស់​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​តទល់​ជាមួយនឹង​ចិន​។ នាវា​ដឹក​យន្តហោះ​ចម្បាំង​នេះដែរ នៅ​ឆ្នាំក្រោយ ក៏មាន​ផែនការ​ធ្វើ​នាវាចរណ៍​ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​សេរីភាព​ក្នុង​ដែនសមុទ្រ​អន្តរជាតិ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ 

Tag:
 ចិន​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com