ជាតិ
សង្គមជាតិ
សុខភាព
២៥ខេត្ត/រាជធានី
ផលិត​ជី​កសិកម្ម​ពី​កាកសំណល់​ផ្លែឈើ​របស់​កញ្ញា ចាន់​សេរី​រ័ត្ន បានការ​គាំទ្រ​ច្រើន​ពី​កសិករ​
19, Jul 2020 , 8:30 pm        
រូបភាព
កញ្ញា-ប៊ុត-ចាន់សេរីរ័ត្ន-កំពុងនៅកន្លែងផលិត-និងរក្សាទុកជី-នៅខាងក្រោយផ្ទះកញ្ញាដែលស្ថិតនៅសង្កាត់ក្បាលកោះ-ខណ្ឌមានជ័យ-ភ្នំពេញ។
កញ្ញា-ប៊ុត-ចាន់សេរីរ័ត្ន-កំពុងនៅកន្លែងផលិត-និងរក្សាទុកជី-នៅខាងក្រោយផ្ទះកញ្ញាដែលស្ថិតនៅសង្កាត់ក្បាលកោះ-ខណ្ឌមានជ័យ-ភ្នំពេញ។
​ភ្នំពេញ​៖ ជាង​១០ឆ្នាំ​មកហើយ​ដែល​កញ្ញា ប៊ុត ចាន់​សេរី​រ័ត្ន ផលិត​ជី​កសិកម្ម​ប្រភេទ​ទឹក ពី​កាកសំណល់​ផ្លែឈើ​គ្រប់​ប្រភេទ សម្រាប់​ប្រើប្រាស់​លើ​ការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ​ចម្រុះ​។ បើតាម កញ្ញា ចាន់​សេរី​រ័ត្ន ការប្រើប្រាស់​ជី​កសិកម្ម​នេះ ក្រៅពី​ធ្វើឱ្យ​ដំណាំ​របស់​ប្រជាកសិករ​មានគុណ​ភាព​និង​សុវត្ថិភាព​នោះ​ហើយ ក៏​ផ្តល់នូវ​ទិន្នផល​បានល្អ និង​ច្រើន មិន​ចាញ់​នឹង​ការប្រើ​ជី​ក៏​ដូច​ថ្នាំពុល​គីមីកសិកម្ម ឡើយ​។ កញ្ញា​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​អះអាងថា បច្ចុប្បន្ន​ជី​កសិកម្ម​នេះ​កំពុងមាន​គាំទ្រ​និង​តម្រូវការ​ច្រើន​ពី​ប្រជាកសិករ​។​

 
​កាកសំណល់​ផ្លែឈើ​នានា ដូចជា​ល្ហុង ស្វាយ​ទុំ ចេក  ឪឡឹក ម្នាស់ និង​ផ្លែឈើ​ផ្សេងៗ​នោះ កញ្ញា ចាន់​សេរី​រ័ត្ន អាច​យកមក​ផលិត​ទៅជា​ជី​កសិកម្ម​បាន​៤​ប្រភេទ​។ ក្នុងនោះ​មាន ប្រភេទ​ជី​សម្រាប់​ការពារ​របស់​ដំណាំ ដែល​ផ្តល់​ភាវរស់​ក្នុង​ដី ជួយ​ឱ្យ​ដី​ធូរ មាន​ជីវជាតិ និង​កំចាត់​បាក់តេរី​។ ប្រភេទ​ជី​បណ្តេញ​សត្វល្អិត (​ពពួកសត្វ​ចង្រៃ ដូចជា ក្រា បាក់តេរី​ផ្សេងៗ​)​។ ប្រភេទ​បំប៉ន​ពិសេស  គឺ​ប្រើ​សម្រាប់​បំប៉ន​ឬ​ស​ដំណាំ ដើម ស្លឹក​ឱ្យ​ឆាប់​លូ​ស​លាស់ និង​ធំធាត់​ល្អ​។ រីឯ​ជី​ទឹក​មួយ​ប្រភេទ គឺ​ប្រើប្រាស់​ទៅ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ ដើម្បី​ផ្តល់​សារធាតុចិញ្ចឹម​ការ​ខ្ពស់ ជួយ​ការពារ​ជំងឺ​សត្វ​ឬ​បាត់​តេ​រី​ដែលមាន​នៅក្នុង​ទ្រង់ និង​លាមក​សត្វ​។  
  ជីកសិកម្មបប្រភេទទឹក ដែលកញ្ញា ប៊ុត ចាន់សេរីរ័ត្ន ច្រកដាក់កាដុងចំណុះ៣០លីត្រ សម្រាប់លក់ឱ្យអតិថិជន។ 

​ជា​រៀងរាល់​សប្តាហ៍ កញ្ញា ចាន់​សេរី​រ័ត្ន អាច​លក់​ជី​កសិកម្ម​នេះ បាន​យ៉ាង​ណាស់​១​ពាន់​លីត្រ ទៅឱ្យ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ធំៗ​នៅ​បណ្តា​ខេត្ត​នានា​។ បើតាម​យុវតី​ដែល​ចេះ​ជំនាញ​ផលិត​ជី​កសិកម្ម​ពី​ឪពុក​តាំងពី​កុមារភាព​រូបនេះ  ក្រៅពី​មាន​ម្ចាស់​កសិដ្ឋាន​ដំណាំ​ធំៗ​ទទួល​ទិញ​ជាប្រចាំ​ហើយ​នោះ ក៏មាន​ដេប៉ូ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​បម្រើ​ដល់​ការដាំដុះ​ទទួល​ទិញ​ដើម្បី​លក់​បន្ត និង​មាន​ប្រជាកសិករ​ដាំ​ដំណាំ​លក្ខណៈ​គ្រួសារ​ទិញ​ច្រើន​ផងដែរ​។ ពិសេស​ប្រជាកសិករ ដែល​ប្រែក្លាយ​ពី​ការដាំ​បន្លែ​ដោយ​ប្រើប្រាស់​ជី​និង​ថ្នាំពុល​គីមី មក​ដាំ​បន្លែ​សុវត្ថិភាព​វិញ​។ 
 
​កញ្ញា ប៊ុត ចាន់​សេរី​រ័ត្ន បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ដូច្នេះ​៖«​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ជី​ទឹក​កសិកម្ម​របស់ខ្ញុំ​មានការ​ទទួលស្គាល់​និង​គាំទ្រ​ពី​កសិកម្ម​គ្រប់​មជ្ឈដ្ឋាន ដោយ​ថ្ងៃ​ខ្លះ​ខ្ញុំ​ផលិត​មិន​នឹង​ទាន់​តម្រូវការ​អ្នក​បញ្ជា​ទិញ​ក៏មានដែរ​»​។ ចាន់​សេរី​រ័ត្ន បន្ត​អះអាង​ទៀតថា​៖«  ជី​កសិកម្ម​ដែល​ខ្ញុំ​ផលិត​ពី​ផ្លែឈើ​នេះ គឺ​ផលិត​ចេញ​រូបមន្ត​ប្រចាំ​គ្រួសារ និង​គ្មាន​ការទិញ​សារធាតុ​មេ​ផលិត​ពិ​ខាងក្រៅ​ប្រទេស​ឡើយ ហើយ​ជី​ដែល​ខ្ញុំ​ផលិត​លក់​នេះ គឺមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ពិសេស គឺ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកណ្តាល​»​។ 
  កញ្ញា ចាន់សេរិរ័ត្ន រៀបជីដាក់ឡានដើម្បីដឹកជូនអតិថិជន។ 

​ជាមួយនឹង​គ្នា​នេះ យុវតី​ដែលមាន​ទីលំនៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា ការបង្កើត​ជី​កសិកម្ម​នេះ​ឡើង គឺ​ដើម្បី​ចង់​រួមចំណែក​ឱ្យ​ប្រជាកសិករ​ផលិត នូវ​ផលិតផល​កសិកម្ម​ដែលមាន​សុវត្ថិភាព​សម្រាប់​ប្រកួតប្រជែង​នៅលើ​ទីផ្សារ ដោយ​ចំណាយ​ថ្លៃដើម​តិច បើ​ប្រៀបធៀប​នឹង​ការប្រើប្រាស់​ជី​-​ថ្នាំពុល​គីមីកសិកម្ម ដែលមាន​តម្លៃ​ខ្ពស់ និង​គ្រោះថ្នាក់​ដល់​សុខភាព​៕  
 
​ជី​កសិកម្ម​របស់​កញ្ញា ចាន់​សេរី​រ័ត្ន មានតម្លៃ​ពី​៣០,០០០​ទៅ​៥០,០០០​រៀល​ក្នុង​មួយ​កា​ដុង​ដែលមាន​ចំណុះ​៥​លីត្រ និង​តម្លៃ​ពី​១៦០,០០០​ទៅ​២១០,០០០​រៀល ក្នុង​ចំណុះ​៣០​លីត្រ​។  កញ្ញា​បាន​បញ្ជាក់ថា ទឹក​ជី​នេះ​មួយ​លីត្រ  អាចជា​មួយ​ទឹក​ធម្មតា​បាន​រហូតដល់​១០០​ទៅ​២០០​លីត្រ សម្រាប់​ប្រើប្រាស់​ទៅ​ដំណាំ​នីមួយៗ​៕ 
 


Tag:
 កសិកម្ម​
  បន្លែ​
  ផ្លែឈើ​
  ជី​កសិកម្ម​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com