COVID-19
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
មិន​ខ្វល់​ពី​សំដី​អ្នកភូមិ លោក លូន សាវុធ ជោគជ័យ​ខ្លាំង​ក្នុង​ការដាំ​បន្លែ​ក្នុង​រោង​សំណាញ់​
19, Jul 2020 , 4:30 pm        
រូបភាព
​សៀមរាប​៖ ជា​រឿង​មួយ​ប្លែក ដែល​កសិករ​ម្នាក់​ហ៊ាន​ចំណាយ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ ដើម្បី​គ្រាន់តែ​សង់រោង​សំណាញ់​ដាំ​បន្លែ​។ លោក លូន សាវុធ បាន​បោះបង់​ការដាំ​បន្លែ​បែប​បុរាណ ដាំ​នៅ​កណ្ដាលវាល មក​ដាំ​ក្នុង​រោង ដែល​ដំបូង​សកម្មភាព​នេះ​ត្រូវបាន​អ្នកភូមិ​យល់ថា ជា​រឿង​ឥតប្រយោជន៍​។ មិន​ដូច្នោះ​ទេ អ្វី​ដែលជា​ក្ដី​រំពឹង​របស់​កសិករ​រូបនេះ បានផ្តល់​ផល​ហួស​ពី​ការ​ស្មាន​។ ការដាំ​ដំណាំ​ស្លឹក​ក្នុង​រោង​សំណាញ់ អាច​ដាំ​ដុះ​គ្រប់​រដូវ និង​បាន​ទិន្នផល​ច្រើន មិន​បារម្ភ​ពី​ការខូចខាត​ដែល​រំខាន​ដោយ​អាកាសធាតុ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដែល​ជួប​សម្ភាស​ផ្ទាល់​នៅ​រោងបន្លែ​របស់លោក លូន សាវុធ ដូចតទៅ​


 
 
​លោក លូន សាវុធ ជា​កសិករ​នៅ​ភូមិ ព​ពីស សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ដែល​ចាប់ផ្តើម​ដាំ​បន្លែ​ស្លឹក​ក្រោម​រោង​សំណាញ់​បិទ​ជិត​ជាង​៣​ឆ្នាំ​មកហើយ​។ ដោយមាន​គោលដៅ​វែងឆ្ងាយ​លើ​វិស័យ​កសិកម្ម លោក លូន សាវុធ មិន​រុញ​រា​នឹង​ការវិនិយោគ​លើ​វិស័យនេះ​ទេ ដែល​ដើមឡើយ​លោក​បាន​ខ្ចីប្រាក់​ធនាគារ​មួយចំនួន ដើម្បី​សង់រោង​ដាំ​បន្លែ ខណៈ​អ្នកភូមិ​យល់ថា នេះ​ជា​រឿង​ឆ្កួត​ដែល​លោក​ហ៊ាន​យកលុយ​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​ដាំ​បន្លែ​។ កសិករ​វ័យ​៥៧​ឆ្នាំ លោក លូន សាវុធ មិន​យល់​ដូច្នោះ​ទេ លោក​គិតថា ការដាំ​បែបនេះ​នឹង​អាចឱ្យ​គ្រួសារ​កើន​ប្រាក់ចំណូល​។​
 
​ការសម្រេច​របស់លោក លូន សាវុន កំពុង​ជោគជ័យ​ខ្លាំង ព្រោះ​ការធ្វើ​បែបនេះ​អនុញ្ញាតឱ្យ​គ្រួសារ​លោក ដាំ​ដុះ​ពេញ​មួយឆ្នាំ បន្លែ​មាន​ទិន្នផល​ល្អ មិន​បារម្ភ​ពី​បញ្ហា​ភ្លៀង​ឬ​ថ្ងៃ​ក្ដៅ​ខ្លាំង ដែល​បណ្ដាលឱ្យ​ខូចខាត​ឡើយ​។ ការរៀបចំ​ដូច្នេះ ក៏​អាច​ការពារ​ពី​បញ្ហា​សត្វល្អិត និង​ប្រភេទ​មេរោគ​ផ្សេងៗ​ផងដែរ​។ រោង​ដាំ​បន្លែ អំណោយផល​លើ​ប្រភេទ​បន្លែ​ស្លឹក ដូចជា​ស្ពៅ ខាត់ណា សាឡា​ត់ សណ្ដែកកួរ ត្រកួន​ជាដើម​។​ល​។ ដោយសារ​ជា​ប្រភេទ​បន្លែ​សុវត្ថិភាព ទិន្នផល​បន្លែ​របស់លោក លូន សាវុធ ត្រូវបាន​ផ្សារ​ទំនើប​ធំៗ​ក្នុង​ក្រុង​សៀមរាប​បញ្ជា​ទិញ និង​មានតម្លៃ​ទីផ្សារ​ល្អ​ជាង​ប្រភេទ​បន្លែ​ធម្មតា​។​
 
​ស្បែក​ជ្រីវជ្រួញ​ដោយសារ​ពន្លឺ​ថ្ងៃ លោក លូន សាវុធ បង្ហើប​ឱ្យដឹងថា ក្នុង​មួយខែ​លោក​អាច​រកបាន​ថវិកា​៣​លាន​រៀល​ពី​ការដាំ​បន្លែ​នេះ ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់លោក​រស់នៅ​បាន​សមរម្យ និង​ផ្គត់ផ្គង់​កូន​៣​នាក់​រៀនសូត្រ​នៅ​ភ្នំពេញ​។ ក្រោយ​ឆ្លងកាត់​បទពិសោធន៍​ដាំ​បន្លែ​ក្រោម​រោង​សំណាញ់ និង​ទទួលបាន​ជោគជ័យ លោក សាវុធ ក៏​ចង់ឱ្យ​កសិករ​ដទៃទៀត អនុវត្តន៍​បច្ចេកទេស​ដាំ​ដុះ​ដូច​ខ្លួន​ដែរ តែ​លោ​កនៅ​បារម្ភ​ថា កសិករ​មួយចំនួន​មិនមាន​ធនធាន​គ្រាប់​គ្រាន់​ដើម្បី​រៀបចំ​។ លោក​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ការងារ​នេះ ដោយ​ឱ្យ​កម្ចីទុន​ដល់​កសិករ ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ បង្កើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​បន្ថែម​៕
 














Tag:
 កសិកម្ម​
  ក្របី​រៀល​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com