វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី​បានជា​មុខ​អ្នក​ឡើង​ក្រហម​ពេល​ពិសា​គ្រឿង​ស្រវឹង​?
19, Jul 2020 , 9:59 pm        
រូបភាព
​ចំពោះ​មនុស្ស​មួយចំនួន ស្រាក្រហម ឬ​ស្រា​បៀ​ពីរ​ទៅ​បី​កំប៉ុង​អាចធ្វើ​ឲ្យ​មុខ​របស់​ពួកគាត់​ឡើង​ពណ៌​ក្រហម​បាន​។ នេះ​មិនមែនជា​រឿង​ដែល​កម្រ​កើតមាន​ប៉ុន្មាន​នោះទេ​។ ចុះ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​ងាយ​ឡើង​ក្រហម ចំណែកឯ​អ្នក​ខ្លះទៀត​មិន​ងាយ​?

 
​គេហទំព័រ healthline.com បានធ្វើការ​ពន្យល់ថា ប្រតិកម្ម​នៃ​ខ្លួនប្រាណ​មនុស្ស​មួយ​នេះ​ត្រូវបាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «Alcohol Flush Reaction» ។ ភាគច្រើន​ប្រតិ​កម្មនេះ​កើតឡើង​ដោយសារ​ខ្លួនប្រាណ​របស់​អ្នក​មិនសូវ​ចម្រាញ់​សារធាតុ​អាល់កុល​ក្នុង​គ្រឿង​ស្រវឹង​បាន​ទាន់ពេលវេលា​។ 
 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែល​ងាយ​ទទួលរង​ប្រតិកម្ម​មួយ​នេះ​គឺ​ដោយសារ​ភាពមិនប្រក្រតី​នៃ​កំណាត់​សែន​មួយ​ដែល​គេ​ហៅថា Aldehyde Dehydrogenase 2 ឬ​ហៅ​កាត់​ថា ALDH2 ។ ALDH2 គឺជា​អង់ស៊ីម​មួយ​នៅក្នុង​ខ្លួន​ដែលមាន​នាទី​ក្នុងការ​ចម្រាញ់​សារធាតុ​មួយ​ក្នុង​អាល់កុល​ដែលមាន​ឈ្មោះថា Acetaldehyde ។ 
 
​នៅពេលដែល Acetaldehyde មាន​បរិមាណ​ច្រើន​ពេល វា​អាចធ្វើ​ឲ្យ​មុខ​មនុស្ស​ឡើង​ក្រហម​។ គេ​បាន​រកឃើញថា​មាន​មនុស្ស​ប្រមាណ​ជា​៥៤០​លាន​នាក់​ក្នុង​ពិភពលោក ងាយ​ទទួលរង​ប្រតិកម្ម​មួយ​នេះ ដោយសារតែ​ពួកគេ​មាន​កង្វះ​អង់ស៊ីម ALDH2 ។ 
 
​ជាពិសេស​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី ចាប់ពី​៣៦​ភាគរយ រហូត​ទៅដល់​៧០​ភាគរយ​ងាយ​រងគ្រោះ​ដោយសារ​វា​។ តែ​អ្នកស្រាវជ្រាវ​ពិបាក​ក្នុងការ​កំណត់ថា​មូលហេតុ​អ្វី​បានជា​មនុស្ស​ក្នុង​ពិភពលោក​ទទួលបាន​ប្រតិកម្ម​នេះ​មកពីណា​ណាស់​។ 
 
​តើ​វា​គ្រោះថ្នាក់​ដែរឬទេ​? ជាធម្មតា វា​មិនសូវ​ជា​បង្ក​ឲ្យ​មាន​ទុក្ខទោស​គ្រោះថ្នាក់​ខ្លាំងក្លា​នោះទេ​។ តែ​ការសិក្សា​មួយ​ក្នុង​ឆ្នាំ​២០១៣​ទៅលើ​បុរស​ជនជាតិ​កូរ៉េ​ចំនួន​១៧៦៣​នាក់ ត្រូវបាន​គេ​រកឃើញថា បុរស​ដែល​ងាយ​ក្រហមមុខ​អាចមាន​អត្រា​ក្នុង​ការកើត​ជំងឺលើសឈាម បើ​ពួកគេ​ពិសារ​គ្រឿង​ស្រវឹង​ច្រើនជាង​បួនដប​ក្នុង​មួយ​សប្តាហ៍​។ បើ​ប្រើ​ធៀប​ជាមួយនឹង​បុរស​ដែល​មិន​ងាយ​ក្រហមមុខ ពួកគេ​អាចមាន​អត្រា​ក្នុង​ការកើត​ជំងឺលើសឈាម​ដូចគ្នា​បើ​ពួកគេ​ពិសារ​គ្រឿង​ស្រវឹង​ច្រើនជាង​៨​ដប​ក្នុង​មួយ​សប្តាហ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com