ជាតិ
២៥ខេត្ត/រាជធានី
​ទៅ​រតនគិរី​នឹកឃើញ​បឹង​យក្ខ​ឡោម តែ​មិនត្រូវ​រំលង​ទឹកជ្រោះ​៧​ជាន់ (​អូរ​ស៊ិន​លៃ​រ៍​) ឡើយ​
19, Jul 2020 , 10:30 pm        
រូបភាព
ដោយ:
 ​រតនគិរី​៖ ទឹកជ្រោះ​៧​ជាន់ «​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍​» ជា​ទឹកធ្លាក់​ដែល​លាក់ខ្លួន​កណ្តាល​ព្រៃ​ស្តោ​ង​ជ្រៅ​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ អមដោយ​ធម្មជាតិ​ជា​ជម្រក​សម្រាប់​សត្វព្រៃ គ្រប់​ប្រភេទ​។ ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ដោយមាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ខេត្តរតនគិរី​។

 
​រកឃើញ​នៅ​ឆ្នាំ​១៩៩៦ បច្ចុប្បន្ន ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ “7 Steps Waterfall” (Ou'Sinlair Waterfall) មាន​ផ្លូវ​គមនាគមន៍​ទៅដល់​យ៉ាង​រលូន​។  «​ប្រសិនបើ ទេសចរ​ទៅ​កម្សាន្ត​នៅ​ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ផ្លូវ​មាន​លក្ខណៈ​ស្រួល​ទេសចរ​អាចធ្វើ​ដំណើរ​តាម​ប្រភេទ​រថយន្ត​អ្វី​ក៏​អាច​ទៅដល់​ដែរ តែបើ​សម្រាប់​រដូវវស្សា​ផ្លូវ​មាន​លក្ខណៈ​រអិល​អ៊ីចឹង​។ ទេសចរ​ត្រូវ​ធ្វើដំណើរ​ដោយ​ប្រភេទ​រថយន្ត​ធន់​ខ្ពស់ៗ​»​។ នេះ​បើតាម​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​។​
 
​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ មាន​កម្ពស់ ៧​ជាន់​អមដោយ​ទេសភាព​ព្រៃ​ក្រាស់ ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ និង​សម្បូរ​ដោយ​ជីវៈចម្រុះ​។ ភ្ញៀវទេសចរ អាច​ងូ​ច​ទឹក​លេង​កម្សាន្ត​បាន​នៅ​រដូវប្រាំង ព្រោះ​ចរន្តទឹក​ហូរ​មាន​សភាព​យឺត​ល្មម រីឯ​នៅ​រដូវវស្សា​មាន ចរន្តទឹក​ហូរ​ខ្លាំង ពិបាក​ក្នុងការ​មុជ​កម្សាន្ត ប៉ុន្តែ ទេសចរ​អាច​បោះតង់​សម្រាក​នៅ​ទី​នោះបាន​។​
 
​ក្រៅពី​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ប្រណីត  ទេសចរ​អាច​ទៅ​ទស្សនា​ផ្ទះ​ជនជាតិដើម​ភាគតិច និង​ទីតាំង​ផ្សេងៗ​ទៀត​បាន​ផងដែរ​។​
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​បន្តទៀតថា ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ជា​តំបន់​ទេសចរណ៍​ដែលមាន​ភ្ញៀវ​ទៅលេង​ច្រើន​បន្ទាប់ពី​បឹង​យក្ខ​ឡោម​។ ក្នុង​ឆ្នាំ​២០១៩ ទឹកជ្រោះ​មួយ​នេះ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​៥០០០០​នាក់ និង​បឹង​យក្ខ​ឡោម​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០០ ០០០​នាក់​។​
 
​បឹង​យក្ខ​ឡោម ដែល​ត្រូវបាន​ចាត់ទុកជា​មេដែក ស្រូបយក​ភ្ញៀវទេសចរ​ទៅ​រតនគិរី​ទទួលបាន​ភ្ញៀវទេសចរ រហូតដល់​១០​ម៉ឺន​នាក់​កាលពី​ឆ្នាំ​២០១៩»​។ ទេសចរ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​អាច​ងូតទឹក ទស្សនា​សម្រស់​នៃ​ព្រៃ​ជុំវិញ​បឹង ទស្សនា​មេអំបៅ​ដែលមាន​ពណ៌​ភ្លឺ កម្រ​មាន​ធំៗ ដែល​ខ្លះ​មាន​ស្លាប​ទទឹង​ដល់​ទៅ ២០​សង់ទីម៉ែត្រ​។ បឹង​មួយ​នេះ​មាន​ចំងាយ​ត្រឹមតែ ៥​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង ខេត្តរតនគិរី​៕
 
 
 


Tag:
 រតនគិរី​
  ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com