កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឡើងទៅ​ដណ្តើមពាន FA Cup ជាមួយ Arsenal ក្រោយ​ឈ្នះ Man Utd ៣-១
20, Jul 2020 , 10:10 am        
រូបភាព
 
Chelsea នឹងត្រូវ​ឡើងទៅ​ប្រជែង​ពានរង្វាន់ FA Cup ជាមួយ Arsenal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​ទម្លាក់​ក្រុម Manchester United នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-១​។​


អត្ថបទទាក់ទង
​នា​ការប្រកួត​ក្នុង​កីឡដ្ឋាន Wembley នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ក្រុម​លោក Frank Lampard ធ្វើបាន​យ៉ាង​ល្អ​ដោយ​អា​ចរក​គ្រាប់​បាល់​នាំមុខ​មុន​ដល់​ទៅ​៣​គ្រាប់ មុនពេល​ក្រុម​លោក Ole Gunnar Solskjaer តាម​បាន​តែមួយ​គ្រាប់​វិញ​ប៉ុណ្ណោះ​។ 

៣​គ្រាប់​របស់​តោ​ខៀវ​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Olivier Giroud នៅ​នាទី​៤៥ ខ្សែបម្រើ Mason Mount នាទី​៤៦ និង​ខ្សែការពារ Harry Maguire ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៧៤ ខណៈ​មួយ​គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ Bruno Fernandes តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នៅ​នាទី​៨៦​។​
  
 
​អ្វីដែល​ជាការ​កត់សម្គាល់​ក្នុងជំនួប​នេះ គឺ​អ្នកចាំទី David De Gea បាន​បង្កើត​កំហុស​ដល់​ទៅ​ពីរលើក ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​ដំបូង​ទៅកាន់​ក្រុម Chelsea​។​
 
​ជ័យជម្នះ​នេះ បាន​នាំ Chelsea ត្រូវ​ប៉ះ​ជាមួយ Arsenal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន FA Cup ឆ្នាំ​២០២០ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១ ខែសីហា​។ កាំភ្លើង​ធំ​ជា​ក្រុម​នៅ​អង់គ្លេស​ដែល​ឈ្នះ FA Cup ច្រើនជាងគេ​រហូតដល់​១៣​លើក តាម​ពីក្រោយ​ដោយ Man Utd ចំនួន​១២​លើក ខណៈ Chelsea នៅ​លេខ​រៀង​ទី​៣ ដែល​ធ្លាប់​លើក​ពាន​នេះ​៨​លើក​រួចមកហើយ​៕

 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com