ជាតិ
សិល្បះ
ព្រឹទ្ធាចារ្យ ព្រីង សាឃន មរតកមនុស្សរស់មួយរូបទៀតរបស់កម្ពុជា បានទទួលមរណភាព
× ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងអាយុ៨៣ឆ្នាំ ដោយជរាពាធ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ភរិយារបស់ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន គឺអ្នកស្រី អ៊ឹម សុវណ្ណ បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទថា លោកព្រឹទ្ធាចារ្យទទួលមរណភាពដោយសារជំងឺស្ពាត់សរសៃបេះដូង និងជំងឺសួត។
អ្នកស្រីបញ្ជាក់បន្ថែម៖« យើងតម្កល់សពរបស់គាត់ទុកធ្វើបុណ្យ បានតែ២ថ្ងៃទេក្មួយ។ ស្អែក [ថ្ងៃទី២១ ខែកក្កដា] យើងនឹងបូជាសពគាត់នៅម៉ោង២រសៀល នៅក្នុងវត្តឫស្សីស្រស់»។
នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំងក្នុងទម្រង់សិល្បៈល្ខោនយីកេរ។
ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។
មរតកមនុស្សរស់រូបនេះ បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ព្រីង សាឃន បានទទួលគោរមងារថ្នាក់ជាតិ ជានាដកោសល្យវដ្ដី ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រឹទ្ធារ្យ ដែលជាមរតកមនុស្សរស់ ១៦អង្គ និងរូបផ្សេងទៀត កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ។
បើតាមអ្នកស្រី អ៊ឹម សុវណ្ណ ដែលត្រូវជាភរិយារបស់ព្រឹទ្ធាចារ្យ ព្រីង សាឃន បានប្រាប់សារព័ត៌មានថ្មីៗថា លោកព្រឹទ្ធាចារ្យទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដែលអាយុនេះ ខុសគ្នាជាមួយឯកសារក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ដែលក្រសួងវប្បធម៌បានចងក្រង។
ខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបរបស់មរតកមនុស្សរស់ ព្រីង សាឃន ដែលស្រង់ចេញពីបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន~នារី មរតកមនុស្សរស់៖
ព្រឹទ្ធាចារ្យ ព្រីង សាឃន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅភូមិតាម៉ុល ឃុំព្រែកតំបូល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុកនាម ចក់ ព្រីង មុខរបរធ្វើចម្ការ និងជាជាងកាត់សក់។ អ្នកម្ដាយនាម សំ នាង មុខរបរធ្វើកម្ការ និង តម្បាញអំបោះ។
ប្រពន្ធរបស់លោកព្រឹទ្ធាចារ្យនាម អ៊ឹម សុវណ្ណ មុខរបរសព្វថ្ងៃ និវត្តជន។ លោកមានកូន៣នាក់ ដោយកូនប្រុសច្បងទី១ឈ្មោះ ព្រីង ចាន់នី មុខរបរកម្មករ។ កូនស្រីទី២ឈ្មោះ ព្រីង សុខាណារិទ្ធ មុខរបរសព្វថ្ងៃ ជាកម្មករ-សិល្បការិនី។ កូនស្រីទី៣ឈ្មោះ ព្រីង សុភា (សុចិន្តា) មុខរបរសព្វថ្ងៃសិល្បការិនីមហាជន។
លោក ព្រឹទ្ធាចារ្យ រៀនសាលាចំណេះទូទៅថ្នាក់ក្រោយបង្អស់ បញ្ចប់វិញ្ញាបនប័ត្របឋមសិក្សាឆ្នាំ១៩៥៦។ ជំនាញដែលលោកបានរៀននៅសាលា ចេះចាំស្ទាត់ជាងគេ គឺល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ មុខតំណែងដែលលោកធ្លាប់បានទទួល ទាំងក្នុងការងាររដ្ឋ និងការងារក្នុងក្រុមជំនាញ គឺជាតួសម្ដែង រហូតដល់ថ្ងៃចូលនិវត្ត។
សម្រាប់ជោគជ័យ និងបទពិសោធន៍ទាក់ទងនឹងបេតិកភណ្ឌអរូបី គឺលោកបានសម្ដែងជាតួតាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ.....។ លោកបានផ្ទេរចំណេះខាងទ្រឹស្ដី ខាងការផលិត និងការសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។ មរតកមនុស្សរស់ ព្រីង សាឃន បានទទួលគ្រឿងឥស្សរិយសធំៗចំនួន៣ និងក្លាយជាវីរៈសិល្បករនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០០។
នៅក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃន បានបញ្ជាក់ថា មូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ ក៏ដើម្បីរួមចំណែកថែរក្សាកេរមរតកវប្បធម៌ជាតិ ក៏ដូចជារួមចំណែកបង្រៀនដល់អ្នកជំនាន់ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com