COVID-19
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សត្វរមាសកម្រ៨ក្បាល ងាប់ក្នុងគ្រោះទឹកជំនន់នៅឧទ្យានជាតិមួយរបស់ឥណ្ឌា សត្វរមាសស្នែងមួយដ៏កម្រ - ប្រភពរូប៖ សារព័ត៌មាន BBC
× សត្វព្រៃជាង១០០ក្បាល ក្នុងនោះមានសត្វរមាសកម្រ៨ក្បាល បានងាប់ក្នុងគ្រោះទឹកជំនន់កាលពីថ្មីៗនេះនៅឧទ្យានជាតិមួយក្នុងរដ្ឋភាគឦសាន្តនៃប្រទេសឥណ្ឌា។
ឧទ្យានជាតិឥណ្ឌា Kaziranga ក្នុងរដ្ឋ Assam គឺជម្រកដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វរមាសស្នែងមួយ ដែលប្រឈមមុខការផុតពូជ។ ជារឿងគួរឲ្យអកុសល រដូវភ្លៀវឆ្នាំនេះ បានធ្វើឲ្យផ្ទៃឧទ្យាននេះជិត៨៥ភាគរយស្ថិតនៅក្រោមទឹក។
ឧទ្យាន Kaziranga ដែលជាទីតាំងបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ គឺជាជម្រកសម្រាប់សត្វរមាសស្នែងមួយយ៉ាងតិច ២៤០០ក្បាល។ មន្ត្រីឧទ្យានជាតិនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២០ ខែកក្កដាថា សត្វរមាសស្នែងមួយ ៨ ក្បាល បានលង់ទឹកងាប់ក្នុងជំនន់ទឹកភ្លៀងកាលពីថ្មីៗនេះ ខណៈប៉ុន្មានក្បាលទៀតងាប់ដោយសារកត្ដាធម្មជាតិកាលពីខែមុន។
ប្រភពដដែល បន្តថា សត្វដទៃទៀតមាន ក្ដាន់ ក្របី និងកាំប្រមាជាដើម ក៏បានងាប់ ដោយសារលង់ទឹក ហើយខ្លះងាប់ដោយសារយានយន្តបុក ខណៈពួកវាព្យាយាមរត់គេចពីទឹកជំនន់។
ក្រៅពីសត្វងាប់ ជំនន់ទឹកភ្លៀងក្នុងរដ្ឋ Assam បានពន្លិចផ្ទះប្រជាជនរាប់ពាន់ខ្នង ហើយបង្ខំឲ្យពួកគេចាកចេញពីទីលំនៅ ដើម្បីស្នាក់អាស្រ័យបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព។ របាយការណ៍ បង្ហាញថា មនុស្សយ៉ាងតិច ៧៩នាក់បានស្លាប់ក្នុងរដ្ឋ Assam ដោយសារគ្រោះធម្មជាតិនេះក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ។
មែនទែនទៅ គ្រោះជំនន់និងបាក់ដី គឺជាហេតុការណ៍កើតឡើងជារឿយៗ អំឡុងរដូវភ្លៀងក្នុងភាគឦសាន្ត នៃប្រទេសឥណ្ឌា។ ក៏ប៉ុន្តែគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ កើតឡើងខណៈរដ្ឋាភិបាលកំពុងជួបការលំបាកក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលជាបន្ទុកកាន់តែធ្ងន់សម្រាប់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com