កីឡាជាតិ
ជាតិ
លី​គ​កំពូល​សប្តាហ៍​ទី​៨​ស៊ុត​បញ្ចូល​ទី​គ្នា​៣១​គ្រាប់ ខណៈ​កីឡាករ​បរទេស​ពីររូប​រកបាន Hat-Trick
20, Jul 2020 , 2:33 pm        
រូបភាព
កីឡាករ រ៉ឹង ប៊ុនហៀង (ឆ្វេង)និងកីឡាករ កែវ សុខផេង អបអរក្រោយរកគ្រាប់បាល់បានឲ្យវិសាខា
កីឡាករ រ៉ឹង ប៊ុនហៀង (ឆ្វេង)និងកីឡាករ កែវ សុខផេង អបអរក្រោយរកគ្រាប់បាល់បានឲ្យវិសាខា
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៨ ក្រុម​នីមួយៗ​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​៣១​គ្រាប់ ដែល​ភាគច្រើន​រកបាន​ដោយ​កីឡាករ​បរទេស​។ ក្នុងនោះ​កីឡាករ​បរទេស​ពីររូប​សម្រេចបាន​៣​គ្រាប់​(Hat-Trick)​រៀងៗ​ខ្លួន​។ គិត​ត្រឹម​សប្តាហ៍​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង ដោយមាន​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​បន្ទាប់​។

 
​គ្រាប់​បាល់​ចំនួន​៣១​គ្រាប់​ត្រូវបាន​ក្រុម​នីមួយៗ​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​សប្តាហ៍​ទី​៨​។ ក្នុងចំណោម​គ្រាប់​បាល់​ទាំងនេះ កីឡាករ​បរទេស​រក​បាន​ចំនួន​២០​គ្រាប់ ខណៈ​កីឡាករ​កម្ពុជា​រកបាន​១១​គ្រាប់​។ គ្រាប់​បាល់​នេះ​មានការ​កើតឡើង​បើ​ធៀប​នឹង​សប្តាហ៍​ទី​៧ ដែលមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​២៦​គ្រាប់​។ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ស្មើ​ជាមួយ​សប្តាហ៍​ទី​៦ ដែលមាន​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន​៣១​គ្រាប់​ដូចគ្នា​។ 
 
​អ្វីដែល​គួរ​ឲ្យ​ក​យ​កត់សម្គាល់​ក្នុង​សប្តាហ៍​ទី​៨​នេះ កីឡាករ​បរទេស​ពីររូប​រួមមាន Timothy Chiemerie Okereke របស់​ក្លិប​ភ្នំពេញ​ក្រោ​ន និង​កីឡាករ Santana Palva frane របស់​បឹងកេត​សម្រេចបាន Hat-Trick រៀងៗ​ខ្លួន​។ ចំណែក​កីឡាករ Jean Marie Privat របស់​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រេចបាន Hat-Trick នៅ​សប្តាហ៍​ទី​៦ និង​ទី​៧​។  
 
​កីឡាករ Timothy Chiemerie Okereke បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤-០ ដែលមាន​ការរួមចំណែក​១​គ្រាប់​ពី​កីឡាករ ម៉ៅ ពិសិដ្ឋ​។ ចំណែក​កីឡាករ Santana Palva frane ជួយ​ឲ្យ​បឹងកេត​យកឈ្នះ​ក្រុម កងយោធពល​ខេមរភូមិន្ទ​ក្នុង​លទ្ធផល ៦-១ ដែល​រួមចំណែក​ម្នាក់​១​គ្រាប់​ពី Mizuno Hikaru ម៉ាត់ នូ​រុណ និង លី មី​ហ្សា​ន​។ 
 
​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៨​នោះដែរ ក្រុម​វិសាខា​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៦-០ ក្នុងនោះ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង និង កែវ សុខ​ផេង រកបាន​ម្នាក់​ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ Ajayi Opeyemi Kored និង Mihaijevic Filp​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ៥-១ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៣-០ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-២​។ 
 
​គិត​ត្រឹម​សប្តាហ៍​ទី​៨ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​១៩​ពិន្ទុ ដែល​ឈរ​ពីក្រោយ​ដោយ​ភ្នំពេញ​ក្រោ​ន​មាន​១៨​ពិន្ទុ បឹងកេត​មាន​១៧​ពិន្ទុ វិសាខា​មាន​១៦​ពិន្ទុ ណាហ្គា​វើ​ល និង​អង្គ​រថា​យ​ហ្គឺ​រ​មាន​១៥​ពិន្ទុ​ដូចគ្នា​៕ 
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com