ការខ្វែងគំនិតរវាងរដ្ឋសមាជិក បានក្លាយជាឧបសគ្គរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកាស្រោចស្រង់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិ COVID-19 ។ ជំនួបមេដឹកនាំរដ្ឋសមាជិកអឺរ៉ុបទាំង២៧ ដែលធ្វើឡើងពេញចុងសប្ដាហ៍មុន បានហៀរឆ្លងថ្ងៃទី២០ ខែកក្កដា ខណៈដែលជំនួបតូចៗត្រូវបានរៀបចំឡើងដាច់ដោយឡែកពីគ្នាដើម្បីស្វែងរកចំណុចឯកភាពរួមគ្នា។ ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក និងហ្វាំងឡង់ ប្រកាន់ជំហររឹងត្អឹងជាងគេ។
ជំនួបកំពូលមេដឹកនាំអឺរ៉ុប បានអូសបន្លាយដល់ថ្ងៃទី២០ ខែកក្កដា ក្រោយមេដឹកនាំប្លុកតំបន់មានសមាជិក២៧ប្រទេសនេះ មិនទាន់រកឃើញដំណោះស្រាយរួមមួយដើម្បីអនុម័តកញ្ចប់ទឹកប្រាក់សង្គ្រោះចំនួន៧៥០ពាន់លានអឺរ៉ូ។ លុយនេះ រួមបញ្ចូលទាំងជំនួយ និងកម្ចីសម្រាប់ប្រទេសសមាជិកប្រើប្រាស់ក្នុងការងើបឡើងវិញពីវិបត្តិ COVID-19 ។
ភាពតានតឹង បានឡើងខ្លាំងអំឡុងពេលជំនួបដែលចាប់ផ្ដើមនៅចុងសប្ដាហ៍មុន។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានរិះគន់មេដឹកនាំហូឡង់ និងអូទ្រីសខ្លាំង ហើយគំរាមដើរចេញពីជំនួបដ៏សំខាន់នេះទៀត។ ជំនួបជាបន្តបន្ទាប់ដែលរៀបចំដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល មិនមានលទ្ធផលអ្វីឡើយព្រោះមេដឹកនាំប្រទេសចាយលុយត្បិតត្បៀតចំនួនប្រាំមាន ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក និងហ្វាំងឡង់ មិនបានប្ដូរជំហរឡើយ។
ជាមួយនឹងក្ដីបារម្ភគ្មានលទ្ធផលនោះ លោក មីឈែល បានផ្លាស់ប្ដូរកញ្ចប់ទឹកប្រាក់ដែលលោកស្នើពីដំបូងវិញ គឺបន្ថយកញ្ចប់ជំនួបមកត្រឹម៤០០ពាន់លានអឺរ៉ូពីទំហំដើម៥០០លានអឺរ៉ូ ហើយដំឡើងកញ្ចប់កម្ចីពី២៥០ពាន់លានដុល្លារទៅកាន់៣៥០ពាន់ដុល្លារវិញ។ ក្នុងពិធីអាហារពេលល្ងាចថ្ងៃទី១៩ ខែកក្កដា អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក បានបញ្ចុះបញ្ចូលសមាជិកទាំងអស់ឲ្យគិតដល់មហន្តរាយរបស់ COVID-19 ដែលសម្លាប់ជីវិតមនុស្ស២សែននាក់នៅអឺរ៉ុប។
«សំណួរ គឺតើមេដឹកនាំ២៧ដែលទទួលខុសត្រូវវាសនាប្រជាជនអឺរ៉ុប មានសមត្ថភាពកសាងការបង្រួបបង្រួម និងការជឿទុកចិត្តនៅអឺរ៉ុបឬទេ? ឬក៏អឺរ៉ុបនឹងប្រឈមមុខកម្សោយដែលញាំញីដោយការមិនទុកចិត្តគ្នា។» នេះជាការលើកឡើងរបស់លោក មីឈែល ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
បើតាមប្រភពព័ត៌មាននេះ ប្រទេសទាំង៥ខាងលើ បានទាមទារឲ្យបង្កើនចំនួនលុយដែលខ្លួនទទួលបានពីការចូលរួមក្នុងកញ្ចប់ទឹកប្រាក់សន្ធឹកសន្ធាប់ខាងលើ ដែលការទាមទារនេះធ្វើឲ្យមានភាពតានតឹងជាថ្មី។ បើតាមសាក្សីដែលចូលរួមក្នុងពិធីអាហារពេលល្ងាច លោក ម៉ាក្រុង ក្ដៅស្លឹកត្រចៀកខ្លាំងដោយរិះគន់អធិការបតីអូទ្រីស សេបាស្ទៀន ឃើស ដែលចេញទៅឆ្លើយទូរសព្ទនៅក្រៅបន្ទប់ និងចោទនាយករដ្ឋមន្ត្រីហូឡង់ ម៉ាក រូត ថា មានចរិតដូចអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមេរូន ដែលប្រកាន់ជំហររឹងរូស។
មេដឹកនាំបារាំង រឹតតែមិនពេញចិត្តនៅពេលមេដឹកនាំហូឡង់ និងអូទ្រីសចង់ឲ្យកញ្ចប់ស្រោចស្រង់នេះមានទម្រង់ជាកម្ចីដែលជាភ្ជាប់លក្ខខណ្ឌជាជាងការផ្ដល់ជាជំនួយ។ ត្រង់នេះ លោក ម៉ាក្រុង ក៏គំរាមដើរចេញពីតុចរចាតែម្ដង។
ដោយមានជំនួយពីអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល លោក មីឈែល បានប្រមូលផ្ដុំមេដឹកនាំឯទៀតជាក្រុមតូចៗដើម្បីងាយស្រួលជជែកគ្នា។ ប៉ុន្តែលទ្ធផលមានស្ដួចស្ដើងបំផុត។ ប្រសិនបើមិនមានការធ្វើសម្បទានណាមួយ កញ្ចប់លុយដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរដ្ឋសមាជិកអឺរ៉ុប នឹងជួបបញ្ហាមិនខាន៕