កីឡាអន្តរជាតិ
អន្តរជាតិ
Spurs កើន​ឱកាស​ដណ្តើម​កៅអី Europa League ក្រោយ​ឈ្នះ Leicester
20, Jul 2020 , 9:59 pm        
រូបភាព
Tottenham Hotspur បាន​បង្កើន​ឱកាស​ដណ្តើម​កៅអី Europa League រដូវ​កាល​ក្រោយ បន្ទាប់​យកឈ្នះ Leicester City ៣-០ ក្នុងការ​ប្រកួត Premier League សប្តាហ៍​ទី​៣៧ នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា​។ បរាជ័យ​នេះ ធ្វើ​ឲ្យ Leicester ប្រឈម​ខ្លាំង​នឹង​ធ្លាក់​ចេញពី​តំបន់ Top 4 សម្រាប់​កៅអី Champions League​។​


​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ James Justin និង​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ Spurs ទទួល​ជ័យជម្នះ​លើ​ក្រុម Leicester ក្នុង​លទ្ធផល ៣-០​។ ជ័យជម្នះ​ក្នុងជំនួប​ដ៏​សំខាន់​នេះ​ផងដែរ ក៏បាន​នាំ​ក្រុម​លោក Jose Mourinho ឡើងទៅ​ចំណាត់ថ្នាក់​ទី​៦ ដែល​អាច​ទទួលបាន​កៅអី play-off ក្របខណ្ឌ​ទី​ពីរ​របស់​អឺរ៉ុប​រដូវ​កាល​ក្រោយ​។ 
 
​យ៉ាងណាក៏ដោយ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ត្រូវ​រង់ចាំ​លទ្ធផល​របស់​ក្រុម​គូប្រជែង Wolves ដែល​ត្រូវ​ប៉ះ Crystal Palace ជាមុនសិន ដ្បិត​ក្រុម​នេះ​នៅ​យឺត​មួយ​ប្រកួត​។ Spurs រកបាន​៥៨​ពិន្ទុ ពី​ការប្រកួត​៣៧​លើក ខណៈ Wolves ដែលមាន​លោក Nuno Espirito Santo ជា​អ្នកចាត់ការ​មាន​៥៦​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣៦​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧​ក្នុង​តារាង Premier League បច្ចុប្បន្ន​។ ប្រកួត​ចុងក្រោយ Spurs ជួប Crystal Palace ឯ Wolves ប៉ះ Chelsea​។​
 
​ដោយឡែក Leicester ដែលមាន​លោក Brendan Rodgers ជា​អ្នកចាត់ការ​ទូទៅ កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ប៉ុន្តែ​ការបរាជ័យ​ដ៏​ខកចិត្ត​ក្រោម​ថ្វី​ជើង​ក្រុម Spurs បានធ្វើ​ឲ្យ​ពួកគេ​បង្កើន​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ដណ្តើមយក​កៅអី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ ដោយ​តម្រូវ​ឲ្យ​ក្រុម​នេះ​ត្រូវ​សម្រេច​ជោគវាសនា​ខ្លួន​នៅ​ប្រកួត​ចុងក្រោយ ដែលជា​ជំនួប​បិទ​រដូវ​កាល ២០១៩-២០​។​
 
​ក្រុម​រហស្សនាម​កញ្ជ្រោង នឹង​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​តទល់​ជាមួយ​គូប្រជែង Manchester United ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​៥ និង​មាន​៦២​ពិន្ទុ​ដូចគ្នា​។ ប៉ុន្តែ​ប្រសិនបើ​ក្រុម​បិសាច​ក្រហម​អាច​យកឈ្នះ West Ham ក្នុងការ​ប្រកួត​ទី​៣៧ នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា នោះ Leicester ត្រូវ​ធ្លាក់​ទៅ​លេខ​៥​វិញ ដែលជា​ចំណាត់ថ្នាក់​ទទួលបាន​ត្រឹម​កៅអី Europa League ប៉ុណ្ណោះ​។​
 
​គិត​ត្រឹម​ការប្រកួត​ទី​៣៧ Leicester រកបាន​៦២​ពិន្ទុ ឈរ​លេខ​រៀង​ទី​៤ ស្របពេល Man Utd មាន​៦២​ពិន្ទុ និង​មាន​សំណល់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដូចគ្នា ស្ថិតនៅ​លេខ​៥ ក្រោយ​ការប្រកួត​៣៦​លើក​៕

Tag:
 Europa League
  Premier League
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com