កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ឡើងឈរកំពូលតារាង F1 ក្រោយឈ្នះនៅលើទីលានហុងគ្រី
× កំពូលអ្នកប្រណាំងរថយន្ត Formula One ពិភពលោក Lewis Hamilton ដែលបើកឲ្យក្រុម Mercedes ឈ្នះការប្រណាំងនៅទីលាន Hungarian Grand Prix ក្នុងប្រទេសហុងគ្រី រដូវកាល២០២០។ នេះជាការឈ្នះជាកំណត់ត្រាលើកទី៨ របស់ Hamilton នៅលើទីលានហុងគ្រីនេះ និងជាការឈ្នះ២លើកជាប់គ្នា ក្នុងចំណោមការប្រណាំងទាំង៣លើករដូវកាលនេះ ដើម្បីនាំរូបគេឡើងឈរកំពូលតារាង F1 វិញ។
នាការប្រណាំងនៅទីលានទី៣ ក្នុងទឹកដីនៃប្រទេសហុងគ្រី ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ Hamilton បញ្ចប់ទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣៦នាទី និង១២វិនាទី។ Max Verstappen ដែលបើកបរឲ្យក្រុម Red Bull ទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈ Valtteri Bottas ដែលជាមិត្តិរួមក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
នេះជាជ័យជម្នះទី៨៦ក្នុងអាជីពរបស់អ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំ ក្នុងព្រឹត្តិការណ៍ F1 ឬកាំជ្រួចលើផ្ទៃរាប ដែលមានន័យថារូបគេកំពុងឆ្នោះទៅរកការបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេលើលោករបស់លោក Michael Schumacher អតីតកីឡាករប្រណាំងសញ្ជាតិអាល្លឺម៉ង់ ដែលឈ្នះចំនួន ៩១ដង។
ក្រោយទទួលបានពិន្ទុពេញពីរលើកជាប់គ្នា ពោលគឺក្រោយឈ្នះនៅជំនួបសប្តាហ៍នៅទីលាន Styrian Grand Prix ក្នុងប្រទេសអូទ្រីស Hamilton បានឡើងទៅឈរកំពូលតារាង F1 បណ្តោះអសន្នវិញ ដោយនាំមុខមិត្តិរួមក្រុម Mercedes កីឡាករ Bottas ចំនួន៥ពិន្ទុ។ ឆ្លងកាត់ការប្រណាំង៣លើកសម្រាប់រដូវកាល ២០២០ នេះ Hamilton ទទួលបាន៦៣ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងសញ្ជាតិហ្វាំងឡង់ Bottas ដែលរកបាន៥៨ពិន្ទុ ខណៈលេខ៣បានទៅ Verstappen របស់ក្រុម Red Bull ដែលមាន៣៣ពិន្ទុ។
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Mercedes បានបង្កើនការនាំមុខពិន្ទុលើក្រុមដទៃជាមួយពិន្ទុសរុប១២១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Red Bull Racing Honda ដែលរកបានពិន្ទុ៥៥ពិន្ទុ ខណៈលេខ៣ McLaren Renault ដែលនៅរក្សា៤១ពិន្ទុដដែល។ Ferrari នៅចំណាត់ថ្នាក់ទី៥ រកបាន២៧ពិន្ទុ ឯ Williams Mercedes នៅបាតតារាងគ្នាពិន្ទុរាប់នៅឡើយ។
ជំនួបបន្ទាប់ និងជាការប្រណាំងក្នុងទីលានទី៤ នឹងត្រូវធ្វើដំណើរទៅកាន់ចក្រពភអង់គ្លេស British Grand Prix ដែលប្រព្រឹត្តិទៅចន្លោះថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី២ ខែសីហា៕
Tag:
Formula One
Lewis Hamilton
Hungarian Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com