កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
សិល្បករ និង​កីឡាករ​ល្បីៗ​ទាំង​១០​លើ​ពិភពលោក​ជាមួយនឹង​រថយន្ត​ដែលមាន​ការ​រចនា​បន្ថែ​ម​
20, Jul 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ក្រៅពី​ការសំដែង​លើ​ឆាក ឬ​សកម្មភាព​នានា​ក្នុង​អាជីព តារា​ល្បីៗ​លំដាប់​ពិភពលោក ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការតុបតែង​ផ្សេងៗ​ផងដែរ ដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ គេហដ្ឋាន ជាពិសេស​រថយន្ត​ជាដើម​។ ពី​តារាចម្រៀង តារា​សម្តែង កីឡាករ រួមទាំង​តារា​បង្ហាញ​ម៉ូដ សារព័ត៌មាន​រថយន្ត Hot Cars បានលើកឡើង​ពី​តារា​១០​នាក់ ដែល​ទិញ​រថយន្ត​កីឡា (Sports Cars) ទំនើប​ទៅ​កែច្នៃ ដើម្បី​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​។​

 
​តារា​ទាំងនោះ រួមមាន​៖
 
១. Chris Brown៖ តារាចម្រៀង រាំ និង​សម្តែង​អាមេរិក វ័យ​៣១​ឆ្នាំ​រូបនេះ បាន​យក​រថយន្ត​ម៉ូ​ដែល Lamborghini Huracan ដ៏​ទំនើប បិទ​ពណ៌​ចម្រុះ​ដ៏​ទាក់ទាញ​។ តែ​នេះ​មិនមែនជា​លើកទីមួយ និង​ជា​លើកចុងក្រោយ​នោះឡើយ​សម្រាប់ Brown ពីព្រោះ គេ​តែងតែ​និយម​លេង និង​កែច្នៃ​រថយន្ត​ជា​បន្តបន្ទាប់​។​


 
២. Deadmau5៖ តន្ត្រីករ និង​ជា DJ ចម្រៀង​កា​ដា​ណា វ័យ​៣៩​ឆ្នាំ បាន​តុបតែង​រថយន្ត Ferraro 458 របស់ខ្លួន តាម​លំនាំ​រឿង​គំនូស​ជី​វច​ល ជា​រូប​ឆ្មា Nyan Cat ពណ៌​ខៀវ និង​ត​ក្កុ​តា Kitty​។ រថយន្ត​ដែល​ទាក់ទាញ​ក្មេង​ជាពិសេស​នោះ មានតម្លៃ​ដើម​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។​


 
៣. Flo Rida៖ អ្នកចម្រៀង​រ៉េ​ប​អាមេរិក​វ័យ​៤០​ឆ្នាំ ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​រថយន្ត Bugatti Veyrons ដ៏​កម្រ​។ ទោះជា​វា​រថយន្ត​ប្រណីត​ដែលមាន​តម្លៃ​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​ហើយក៏​ដោយ ប៉ុន្តែ Flo នៅតែ​មិន​អស់ចិត្ត ដោយ​គេ​បាន​ស្រោប​បន្ថែម​ជាមួយ​ពណ៌​ដើម្បី​បង្កើន​ការទាក់ទាញ​។​


 
៤. Will.I.Am៖ តន្ត្រីករ តារាចម្រៀង និង​ជាតា​រា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​វ័យ​៤៥​ឆ្នាំ បាន​ប្រើប្រាស់​រថយន្ត DMC-12 DeLorean ដ៏​ល្បីល្បាញ ក្នុង​រឿង Back to The Future ទៅ​រចនា​តាមបែប​សិល្បៈ​។ រថយន្ត​ពណ៌​ស​ដែលមាន​ស្លាប​ដ៏​ទាក់ទាញ​នេះ បានកើត​សម្ផស្ស​មួយកម្រិត​ទៀត ប៉ុន្តែ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​ភាព​ដើម​របស់ខ្លួន​។​


 
៥. Josh Gordon៖ កីឡាករ​បាល់ទាត់ NFL អាមេរិក វ័យ​២៩​ឆ្នាំ បាន​ច្នៃ​រថយន្ត Porsche Panamera ទៅ​ពណ៌​ក្រឡា​ប៉ា​រ៉ា​។ Panamera ស្ថិតក្នុង​ចំណោម​រថយន្ត​ដែល​លឿន​បំផុត​របស់​ក្រុមហ៊ុន Porsche​។ កីឡាករ​ពាក់​លេខ​១០​នៃ​ក្រុម​Seattle Seahawks រូបនេះ ព្យាយាម​រចនា​ឲ្យ​មានការ​ទាក់ទាញ​បន្ថែមទៀត​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ខ្លួន​។​


 
៦. Justin Bieber៖ តារាចម្រៀង​កាណាដា​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ក្លាយជា​មហាសេដ្ឋី​តាំងពី​អាយុ​មិនទាន់​ដល់​២០​ឆ្នាំ​មកម្ល៉េះ​។ វា​មិនមែនជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ ចំពោះ​ការ​បង្អួត​សម្ភារ​ប្រើប្រាស់​របស់គេ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការប្រើប្រាស់​រថយន្ត Fisker Karma ជាមួយ​ពណ៌​ដ៏​ភ្លឺ​ផ្លេក​។ វា​ជា​អំណោយ​ដែល Justin ទទួលបាន​ពី​អតីត​កីឡាករ​ប្រណាំង​រថយន្ត Scott Brian​។​


 
៧. Kendall Jenner៖ តារា​បង្ហាញ​ម៉ូត​អាមេរិក​អាយុ​២៤​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ដល់​ទៅ​ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក​។ ខ្ទង់ចំណាយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​តារា​ដ៏​ល្បីល្បាញ​រូបនេះ គឺ​ទៅលើ​រថយន្ត​ម៉ាក​អាមេរិក Chevrolet Camaro ដោយ​នាង​បាន​រចនា​វា​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។​


 
៨. Nicki Minaj៖ តារាចម្រៀង​រ៉េ​ប​ដើមកំណើត​ទ្រី​នី​ដា​ត និង​តូ​បា​ហ្គ្រោ វ័យ​៣៦​ឆ្នាំ​រូប បាន​រចនា​រថយន្ត Lamborghini Aventador ជាមួយ​ពណ៌​ផ្កាឈូក​ដ៏​ទាក់ទាញ​។ បើតាម​ប្រភព​ពត៌មាន​នានា ការ​រចនា​ចុះឡើង​នេះ ធ្វើ​ឲ្យ​រថយន្ត​ទាំងមូល​មានតម្លៃ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​អាមេរិក​។​


 
៩. Paris Hilton៖ វ័យ​៣៩​ឆ្នាំ Paris Hilton ជា​តារា​ទូរទស្សន៍ អ្នកជំនួញ តារា​បង្ហាញ​ម៉ូត តារាចម្រៀង និង​តារា​សម្តែង ដែលជា​ចៅទួត​របស់​ស្ថាបនិក​សណ្ឋាគារ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក គឺ Hilton Hotels​។ នាង​មានទ្រព្យ​សម្បត្តិ​ក្នុង​ខ្ទង់​៣០០​លាន​ដុល្លារ​អាមេរិក​។ រថយន្ត​ដែល​នាង​ចូលចិត្ត​នោះ គឺ Bentley GT Continental ដែល​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក ជាមួយនឹង​ការ​រចនា​ពណ៌​ផ្កាឈូក​បន្ថែម​។​


 
១០. Tracy McGrady៖ អតីត​កីឡាករ​បាល់បោះ NBA អាមេរិក បច្ចុប្បន្ន​អាយុ​៤១​ឆ្នាំ​។ រយៈពេល​១៥​ឆ្នាំ​ក្នុង​អាជីព Tracy មានទ្រព្យ​សម្បត្តិ​ប្រមាណ​៧៥​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ទ្រព្យ​ដ៏​មហាសាល​នោះ រថយន្ត Mercedes Benz CL600 ជា​របស់​សំណព្វចិត្ត​មួយ​របស់​អតីត​កីឡាករ​រូបនេះ ដោយ​គេ​បាន​រចនា​ជាមួយនឹង​ពណ៌​ខៀវ​ស្រាល​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com