ក្រុមហ៊ុន​ជប៉ុន​១០​ជួយ​កម្ពុជា​ពង្រីក​ទីផ្សារ​បន្លែ​សុវត្ថិភាព អ្នកជំនាញ​កសិកម្ម​ស្វាគមន៍ ...
ជាតិ
ក្រុមហ៊ុន​ជប៉ុន​១០​ជួយ​កម្ពុជា​ពង្រីក​ទីផ្សារ​បន្លែ​សុវត្ថិភាព អ្នកជំនាញ​កសិកម្ម​ស្វាគមន៍ ...
20, Jul 2020 , 4:24 pm        
រូបភាព
​ក្រុមហ៊ុន​ជប៉ុន​ចំនួន​១០ ចូលរួម​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​បច្ចេកទេស​ដាំ​ដុះ​បន្លែ​សុវត្ថិភាព និង​កែច្នៃ​ប្រកបដោយ​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព សម្រាប់​ទៅ​ផ្សារ​ជាតិ និង​អន្តរជាតិ​។ នេះ​បើ​យោងតាម​អនុស្សារណ​យោគយល់​គ្នា (MOU) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែកក្កដា រវាង​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន Yamato Green Co.,Ltd ។ បណ្ឌិត​កសិកម្ម លោក យ៉ង សាំង​កុមារ វាយតម្លៃ​វិជ្ជមាន​ចំពោះ​កិច្ចសហប្រតិបត្តិការ​នេះ ប៉ុន្តែ​លោក​នៅតែ​យល់ថា អ្នកវិនិយោគ​ក្នុង​ស្រុកលើ​វិស័យ​កសិកម្ម នៅតែជា​កត្តា​ចម្បង និង​ទូលំទូលាយ ព្រោះ​ក្រុមហ៊ុន​វិនិយោគ​បរទេស ជ្រើសរើស​តែ​តំបន់​ដែលមាន​សក្តានុពល​ប៉ុណ្ណោះ​។​

 
​តាមរយៈ​អនុស្សរណ​យោគយល់​គ្នា​ស្តីពី «​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​» ក្រុម​ហ៊ុនជប៉ុន​នឹង​ផ្តល់​នឹង​ផ្តល់​បច្ចេកទេស​ដាំ​ដុះ​ដល់​ប្រជាកសិករ​ស្រប​នឹង​ទៅ​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​អន្តរជាតិ​នានា ពោលគឺ​ភាគី​ជប៉ុន នឹង​ផ្តល់​ជំនាញ​ថ្មី​ពាក់ព័ន្ធ​ទៅនឹង​បច្ចេកទេស​រៀបចំ​គ្រាប់ពូជ ឬ​បណ្តុះ​ពូជ ដើម្បីឱ្យ​ដំណាំ​មាន​ថាមពល​ក្នុងការ​លូតលាស់ រួមជាមួយ​នឹង​ជំនាញ​ថែទាំ​ដំណាំ ជំនាញ​វេច​ខ្ចប់  និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស​។ 
 
​ជាមួយគ្នានេះ នា​ពិធី​ចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​ស្តីពី​ការទិញ​-​លក់  ផលិតផល​គ្រាប់ស្វាយ​​ចន្ទី​កែច្នៃ និង​ចុះ​កិច្ចព្រមព្រៀង​រវាង​វិស័យ​សាធារណៈ ឯកជន ដៃគូ​អភិវឌ្ឍ និង​អ្នក​ផលិត នៅ​សណ្ឋាគារ​សាន់វ៉េ កាល​នៅ​ថ្ងៃទី ​១៧​កក្កដា ឆ្នាំ​២០២០ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានបញ្ជាក់​បន្ថែមថា ក្រៅពី​ផ្តល់​ជំនាញ​បច្ចេកទេស​ដាំ​ដុះ​ហើយ​នោះ ក្រុមហ៊ុន​ជប៉ុន​ដែលជា​ដៃគូ​នឹង​ផ្តល់នូវ​គ្រឿងយន្ត​កសិកម្ម ផ្តល់​ផ្ទះ​សំណាញ់​ដើម្បី​ផលិត​បន្លែ​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​គីមីកសិកម្ម​រហូតដល់​កម្រិត​សូន្យ​។ 
 
​ដើម្បី​សម្រេចបាន​នូវ​ការនាំ​កសិផល​កម្ពុជា​ទៅ​ទីផ្សារ​បរទេស​ដោយ​រលូន ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ បាន​បង្កើត​ឃ្លាំង​ត្រជាក់​មួយ​រួចជាស្រេច​ដើម្បី​ទទួលយក​បន្លែ ផ្លែឈើ ដែល​ផលិត​បាន​ស្តុក​ដើម្បី​រក្សា​គុណភាព​មុននឹង​ការនាំចេញ​។ លោក វេ​ង សាខុន បាន​បញ្ជាក់ថា ឃ្លាំង​ត្រជាក់​នេះ​មាន​កម្រិត​រហូត ​២៥​អង្សារក្រោមសូន្យ ដែល​អាច​រក្សា​គុណភាព​របស់​កសិផល និង ត្រីសាច់ បាន​យ៉ាង​ល្អ​។ ពិសេស​ជាងនេះទៀត ក្រុមហ៊ុន​ទាំងនោះ បានរៀបចំ​ការ «​បង្កក​ផ្លែឈើ​» ដើម្បី​នាំចេញ​។ 


 លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្ថិតក្នុង​កម្មវិធី​ចុះកិច្ចសន្យា​ផលិតផល​កសិកម្ម ស្តីពី ការទិញ​-​លក់  ផលិតផល​គ្រាប់ស្វាយ​វាយ​ចន្ទី​កែច្នៃ និង​ចុះ​កិច្ចព្រមព្រៀង​រវាង​វិស័យ​សាធារណៈ ឯកជន ដៃគូ​អភិវឌ្ឍ និង​អ្នក​ផលិត នៅ​សណ្ឋាគារ​សាន់វ៉េ កាល​នៅ​ថ្ងៃទី​១៧​កក្កដា ឆ្នាំ​២០២០​។

​រដ្ឋមន្ត្រី​កសិកម្ម​មានប្រសាសន៍ថា​៖«​ប្រសិនជា​កម្ពុជា​យើង រៀបចំ​បែបបទ​បង្កក​ផ្លែឈើ​នាំចេញ​នេះ​បាន គឺ​ជប៉ុន​ស្វាគមន៍​ទទួល​ទាំងស្រុង [​ដោយ​] មិនចាំបាច់​ឆ្លងកាត់​នូវ​វិធាន​ឬ​របាំង​ភូតគាមអនាម័យ​ឡើយ​ ​គឺ​បង្កក​នាំចេញ​តែម្តង​»​។ លោក​បន្ត​អះអាងថា  ការ​បង្កក​ផ្លែឈើ​នាំចេញ​នេះ ពិសេស​ផ្លែស្វាយ​តែម្តង គឺ​ចាំបាច់​សម្អាត​ពងរុយ​ដែលជា​ប្រភព​ចម្លង​មេរោគ​ដ៏​សំខាន់ ស្ថិតក្នុង​ផ្លែឈើ​ស្វាយ​ដែល​គេ​គិតគូរ​ខ្លាំង​បំផុត​នៅក្នុង​របាំង​ភូតគាមអនាម័យ​។ 
 
«​សព្វថ្ងៃនេះ យើង​គិតថា​ការចំណាយ​ធនធាន​ដើម្បី​ដំឡើង​ឧបករណ៍​សម្លាប់​ពងរុយ​នៅក្នុង​ផ្លែស្វាយ គឺ​ចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ​។ ប៉ុន្តែ​ក្នុងករណី​ដែល​គេ​អាច​បង្កក​ផ្លែឈើ​ហ្នឹង គឺ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង ក្នុងការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វេ​ង សាខុន ដោយ​បន្ត​លើកឡើងថា ក្រុមហ៊ុន​ជប៉ុន គឺ​បាន​ដំឡើង និង​សាក​ប្រើប្រាស់​ឧបករណ៍​បង្កក​ផ្លែឈើ​នេះ​នៅ​កម្ពុជា​រួចហើយ ប៉ុន្តែ​មិនអាច​ដំណើរ​ការបាន​ដោយសារ​កង្វះខាត​និង​ការចំណាយ​ខ្ពស់​លើ​ការប្រើប្រាស់​ថាមពលអគ្គីសនី​។​
 
​នៅពេលដែល​ដំណើរការ​ឧបករណ៍​បង្កក​ផ្លែឈើ​នេះ គឺ​ត្រូវ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​មួយខែ ដើម្បីឱ្យ​ឃ្លាំង​ត្រជាក់​នេះ​ធា្ល​ក់រហូ​តដល់​កម្រិត ២៥​អង្សា​ក្រោមសូន្យ ដើម្បី​ឲ្យផលិតផល​បន្លែ ផ្លែឈើក៏​ដូច​សាច់​ជាដើមកក ហើយ​ក្នុងករណី​ប្រសិនបើ​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទាំង​មានការ​រអាក់រអួល នោះ​ខាត​លុយ​តែម្តង​។ នេះ​ជា​បញ្ហា​ចម្បង​ដែល​លោក​វេ​ង សាខុន លើកឡើងចំពោះមុខ​អ្នកសារព័ត៌មាន ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​ខ្ពស់​ផងដែរ​។ 
 
​រដ្ឋមន្ត្រី​កសិកម្ម​បាន​និយាយ​ដូច្នេះ​៖«​តម្លៃ​ភ្លើង​យើង​ខ្ពស់ បើ​ធៀប​នឹង​ប្រទេសជិតខាង គឺ​យើង​មិនអាច​ប្រកួតប្រជែង​មិនអាច​ប្រកួតប្រជែង​បានទេ​»​។ លោក​គូសបញ្ជាក់ថា​៖«​ទាំងនេះ​ជាចំណុចពិសេស​ដែល​យើងត្រូវ​ដាក់​លើ​តុ​ជជែក​គ្នា​ដែរ ដោយ​មិនមែន​តែ​បន្ទុក​លើក​ការ​គ្មាន​ទីផ្សារ​។ មាន​ទីផ្សារ​តែ​ការកែច្នៃ​គឺជា​ចំណុច​ពិសេស​ដែល​ធ្វើឱ្យ​ម​ធ្យា​បាយ​នៃ​ការដឹកជញ្ជូន​របស់​យើង​ដែល​ទាក់​ទង់​នឹង​ការផលិត​នៅ ក្នុងស្រុក គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​វា​លក្ខណៈ​មួយ​ជា​ខ្សែ​ចង្វាក់​ផលិតកម្ម​ទៅ​យ៉ាង​រលូន ហើយ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​យើង​មិនអាច​ផ្សាភ្ជាប់​នឹង​ការនាំចេញ ដើម្បី​ឆ្លើយតប​នឹង​សេចក្តី​សេចក្តីត្រូវការ​របស់​ទីផ្សារ​យើង​ទេនោះ​អ្វីៗ​នឹង​បរាជ័យ​ទាំងស្រុង​។ ទោះជា​យើង​មាន​ធនធាន​ប៉ុន្មាន​ជួយ​ដល់​កសិករ​ក៏ដោយ ក៏​កសិករ​រត់ចោល​យើង​ទាំង​ដោយសារ​គ្មាន​ទីផ្សារ​។ នេះ​ជា​ចំណុច​ពិសេស​ដែល​ក្រសួងកសិកម្ម​កំពុង​គិតគូរ និង​មានការ​ព្រួយបារម្ភ​ខ្ពស់​»​។​


 លោក យ៉ង សាំង​កុមារ ជាមួយ​សិស្ស​កសិកម្ម​នៅ​សាលា​កសិដ្ឋាន​ពន្លក​បៃតង​ពិភាក្សា​ពី​មេរៀន​ដាំ​ការ៉ុត​។​ ​រូបថត​៖ ហ្វេ​ស​ហ៊ុ​ក Koma Yang Saing 

​ការវិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​បរទេស​នានា ពិសេស​ពី​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺជា​រឿង​ដែល​ល្អប្រសើរ ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​កម្ពុ​ជា ឈានដល់​ការនាំចេញ​ទ្រង់ទ្រាយ​ធំ​ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ប​ណ្ឌិ​ត​កសិកម្ម លោក យ៉ង សាំង​កុមារ​។​
 
​ថ្វី​ដ្បិត អតីត​ប្រធាន​អង្គការ​កសិកម្ម​សេ​ដាករូបនេះ បាន​សាទរ​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​លើ​វិស័យ​កសិកម្ម​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​បណ្ឌិត​កសិកម្ម​រូបនេះ នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ពិសេស​ក្រសួងកសិកម្ម​តែម្តង ត្រូវ​ព្យាយាម​ស្វែងរក​ប្រភព​អ្នក​ដាំ​ដុះ សហគ្រិន និង​យុវជន​ដែលមាន​សក្កា​នុព​ល​ទូទាំងប្រទេស​ចាប់អារម្មណ៍​លើ​ជំនួញ​ក្នុង​វិស័យនេះ ហើយ​រុញច្រាន​កសិករ​ទាំងនោះ​ក្លាយជា​អ្នកវិនិយោគ​វិស័យ​កសិកម្ម​ក្នុងស្រុក នោះ​ទើប​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ប្រកបដោយ​ចីរភាព និង​ការរីកចម្រើន​។​
 
​លោក យ៉ង សាំង​កុមារ បាន​និយាយប្រាប់ ThmeyThmey កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ថា ៖«​យើង​ស្វាគមន៍​ចំពោះ​ការ​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ តែ​ខ្ញុំ​ជឿថា​ក្រុមហ៊ុន​ទាំងនោះ គឺ​មិន​ងាយស្រួល​ទេ​ក្នុងការ​វិនិយោគ​ការដាំដុះ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​។  ភាគច្រើន​មក វិនិយោគ​លើ​ការកែច្នៃ ឬក៏​សហការ​ដើម្បី​នាំចេញ​ប៉ុណ្ណោះ​»​។ 
 
​លោក​បន្ត​អះអាង​ដូច្នេះ​៖«​ការសហការ​ពី​ជប៉ុន​ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​យើង ដើម្បី​នាំចេញ​នោះ​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នេះ​យើង​គួរតែ​ជំរុញ​ដល់​សហគ្រិន​ឱ្យ​ក្លាយជា​វិនិយោគ​នៅតាម​ស្រុក​-​ខេត្ត​នីមួយ និង​គាំទ្រ លើក​ទឹក​យុវជន​ដែល​ចាប់អារម្មណ៍​ជំនួញ​កសិកម្ម​ឱ្យ​ក្លាយជា​សហគ្រិន នៅតាម​តំបន់ តាម​ភូមិសាស្ត្រ​នីមួយៗ​។ មួយ​ខេត្ត​មានតែ​សហគ្រិន ឬ​អ្នកវិនិយោគ​ស្រុក ៤-១០​នាក់ នោះ​វិស័យ​កសិកម្ម​យើង​គឺ​បាន​ជោគជ័យ​ហើយ​»​។ 
 
​បើតាម​ប្រសាសន៍​របស់ លោក យ៉ង សាំង​កុមារ កាលណា​មាន​កម្ពុ​ជាមាន​សហគ្រិន មាន​អ្នកវិនិយោគ​ក្នុង​ស្រុកលើ​វិស័យ​កសិកម្ម​នៅ​ទូទាំងប្រទេស​កាន់តែច្រើន​គ្រប់​តំបន់ នោះ​កម្ពុជា​គឺ​មិនចាំបាច់​ពឹង​ផ្អែកលើ​ការវិនិយោគ​បរទេស​ណា​ឡើយ ដោយ​លោក​មើលឃើញថា មិន​ថា​ក្រុមហ៊ុន​ជប៉ុន ឬ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ណា​ទេ មក​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា មាន​លក្ខណៈ​ដោយ​កន្លែង និង​ដោយ​តំបន់​ណា​រីកចម្រើន និង​មាន​សក្កា​នុព​ល​ស្រាប់តែ​ប៉ុណ្ណោះ​។ ជាទូទៅ​បរទេស​មក​វិនិយោគ​នៅ​តំបន់​មាន ប្រព័ន្ធ​ទឹក ប្រព័ន្ធ​អគ្គិសនី ផ្លូវ​ល្អ ជាដើម​។ រីឯ​តំបន់​មិនសូវ​រីកចម្រើន គឺ​មិនមាន​បរទេស​មក​វិនិយោគ​ឡើយ​។ 
 
​បច្ចុប្បន្ននេះ ក្រៅពី​ក្រុមហ៊ុន​របស់​ជប៉ុន​កំពុង​ជំរុញ​និង​អភិរ​វ​ឌ្ឍ​ខ្លាំង​លើ​វិស័យ​កសិកម្ម​កម្ពុជា ក្រសួងកសិកម្ម និង​ដៃគូ​វិនិយោគ​របស់​ប្រទេស​ចិន ក៏​កំពុងមាន​កិច្ចសហការ​លើ​វិស័យនេះ ជាមួយ​កម្ពុ​ជាច្រើន​ដែរ​។  
 
​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​កែសម្រួល​របៀប​ដឹកនាំ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​មួយចំនួន ដោយសារតែ បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ពិភពលោក បាន​យក​វិស័យ​កសិកម្ម​ជា​កាលានុវត្តភាព​ស្តារ​សេដ្ឋកិច្ច ខណៈ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់ដេរ កំពុង​ដើរ​ថយក្រោយ​។ បច្ចុប្បន្ន ក្រសួងកសិកម្ម កំពុង​ជំរុញ​ការផលិត​របស់​ប្រជាកសិករ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល ជាពិសេស​ស្វែងរក និង​សហការ​ជាមួយ​ដៃគូ​វិនិយោគ​ក្នុង ​និង​ក្រៅប្រទេស​ដើម្បី​ច្នែ​កែ​ផលិតផល​កសិកម្ម​នា​នា សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ 
 
​គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​សរុប ទៅកាន់​ទីផ្សារ​ពិភពលោក​បាន ជាង​២​លាន​តោន​។ ក្នុងការ​នាំចេញ​អង្ករ​មាន​ចំនួន​៣០​ម៉ឺន​តោន កើនឡើង​រហូតដល់​៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កាល​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​៕ 
 

Tag:
 កសិកម្ម​
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com