ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តមួយក្រុមដែលមានឈ្មោះ«ផ្តើមពីយើង» ចែកធុងញែក ឬបែកចែកប្រភេទសំរាមនីមួយៗចំនួន២០០ធុង ទៅពលរដ្ឋប្រមាណ៤០០គ្រួសារ ដែលរស់នៅក្នុងបុរីប៉េង ហួត រាជធានីភ្នំពេញ ដើម្បីបណ្តុះ និងបញ្ជ្របគំនិតពលរដ្ឋ ឱ្យទុកដាក់សំរាមទៅតាមប្រភេទនីមួយឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកគ្នាក្នុងការសម្អាតបរិស្ថាននៅកម្ពុជា។
ប្រធានក្រុមយុវជនស្ម័គ្រចិត្ត លោក គួច វេងស្រ៊ុន បានបញ្ជាក់ថា ការជ្រើសរើសពលរដ្ឋរស់នៅក្នុងប៉េង ហួត ក្នុងការចែកជូនធុងញែកសំរាមនេះ គឺដោយសារនៅទីតាំងនោះ ប្រជាពលរដ្ឋមានការរៀបចំ និងការរស់នៅបានល្អប្រសើរ ដែលមានភាពងាយស្រួលដល់ក្រុមការងារស្នើសុំម្ចាស់ផ្ទះនីមួយៗ ឱ្យសហការក្នុងការញែកសំរាមប្រចាំថ្ងៃនៅក្នុងផ្ទះ ក៏ដូចនៅតំបន់ពលរដ្ឋដែលកំពុងរស់នៅសព្វថ្ងៃនេះ។
លោក គួច វេងស្រ៊ុន ប្រធានយុវជនស្ម័គ្រចិត្ត«ផ្តើមពីយើង» ថតជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងការកម្មវីធីចែកជូនធុងញែកសំរាមដល់ពលរដ្ឋនៅក្នុងបុរី ប៉េងហួត កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២០។ រូបថត៖ ផ្តើមពីយើង។
«យើងគិតថា ផ្តើមពីពួកគាត់ដែលមានមូលដ្ឋានរស់នៅល្អហើយនោះ អ៊ីចឹងគាត់ច្បាស់ជាគិតទៅលើបញ្ហាបរិស្ថាន។ ពីព្រោះយើងគិតថាជីវភាពរស់នៅរបស់ពួកគាត់ល្អប្រសើរ ហើយនៅពេលដែលស្នើសុំទៅគាត់[ឱ្យជួយចោលប្រភេទសំរាមទៅតាមធុងនីមួយៗ] គឺប្រហែលជាមានការគាំទ្រច្រើនជាងកន្លែងផ្សេងៗ។ អ្វីដែលយើងធ្វើឡើងនៅតំបន់នេះ គឺយើងមិនមែនអាងទៅលើជីវភាពពួកគាត់ទេ ប៉ុន្តែយើងគិតថា សកម្មភាពការងារយើងនេះ ជាការចាប់ផ្តើមលើកដំបូង ចឹងគឺយើងចង់ឱ្យម្ចាស់ផ្ទះនីមួយៗចូលរួមទាំងពេញចិត្ត ក្នុងការសម្អាតបរិស្ថាន»។ នេះជាការបញ្ជាក់របស់លោក គួច វេងស្រ៊ុន។
ធុងញែកសំរាមដែលក្រុមស្ម័គ្រផ្តល់ជូនពលរដ្ឋនោះ មានមួយឈុតដែលមានធុងសំរាម៣នៅជាប់គ្នា ដោយធុងៗមានពណ៌និងរូបភាពជាសញ្ញាសម្គាស់ដាក់សំរាមផ្សេងៗពីគ្នា។ ធុងសំរាម ដែលមានគូសញ្ញា ពណ៌បៃតងគឺសម្រាប់ដាក់កាកសំណល់ផ្ទះបាយ, ធុងមានសញ្ញាសម្គាល់ពណ៌លឿង គឺសម្រាប់ដាក់សំណល់ប្លាស្ទិក និងធុងមានសញ្ញាសម្គាល់ពណ៌ក្រហម គឺសម្រាប់ដាក់សំណល់គ្រោះថ្នាក់។
លោក គួច វេងស្រ៊ុន ប្រធានយុវជនស្ម័គ្រចិត្ត«ផ្តើមពីយើង» កំពុងនិយាយពីការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះត្រូវបានអនុវត្តដោយក្រុមការងារ នៅក្នុងបុរី ប៉េងហួត កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២០។ រូបថត៖ ផ្តើមពីយើង។
បើតាមលោក គួច វេងស្រ៊ុន ក្នុងចំណោមសំរាមទាំងបីប្រភេទដែលពលរដ្ឋចូលរួមញែកបាននោះ គឺម្ចាស់បុរី ប៉េង ហួត សម្រេចទទួលបន្ទុកក្នុងការប្រមូលសំរាមសំណល់ប្លាស្ទិក ឬសំណល់ដែលប្រើប្រាស់ឡើងវិញ (Recycle) នៅតាមផ្ទះនីមួយៗ។ ដោយឡែក សំណល់សំរាមផ្ទះបាយ និងសំណល់គ្រោះថ្នាក់នោះ ក្រុមការងារស្ម័គ្រចិត្តរបស់លោក វេងស្រ៊ុន កំពុងស្វែងរកក្រុមហ៊ុនណាដែលមានលទ្ធភាពក្នុងការចូលរួមថែរក្សាបរិស្ថាន ដើម្បីទទួលបន្ទុកប្រមូលសំរាមទាំងពីរប្រភេទនេះ។
ប្រធានយុវជនស្ម័គ្រដដែលរូបនេះ បាននិយាយថា៖ «យើងមានសំណល់ដែលញែកជាពីគ្នាជាស្រេច ហើយអ្នកប្រមូលសំណល់សំរាមក៏មានផ្សេងៗគ្នាដែរ។ អ៊ីចឹង គឺយើងអត់បារម្ភទៀតទេ ចំពោះម្ចាស់ផ្ទះខំញែកសំរាម ហើយអ្នកប្រមូលសំរាមនៅតែលាយឡំសំរាមចូលគ្នាដដែល នោះទៀតទេ។ គឺអត់បារម្ភទៀតទេ ព្រោះមានខាងបុរី ប៉េង ហួត ជាអ្នកទទួលបន្ទុកប្រមូលសំណល់ប្លាស្ទិក»។
ពលរដ្ឋក្នុងបុរី ប៉េង ហួត ទទួលបានធុងញែកសំរាមពី ក្រុមការងាររបស់យុវជនស្ម័គ្រចិត្ត«ផ្តើមពីយើង» កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២០។ រូបថត៖ ផ្តើមពីយើង។
បច្ចុប្បន្នក្រុមការងារ«ផ្ដើមពីយើង» មានគ្នាចំនួន៣០នាក់ សម្រាប់ចុះណែនាំពលរដ្ឋតាមគ្រួសារនីមួយៗ ឱ្យយល់ដឹងពីបញ្ហាបរិស្ថាន បញ្ហាសំរាម និងចុះចែកធុងសំរាមដល់ពលរដ្ឋ។ ក្នុងនោះមានសមាជិកក្រុមការងារស្នូល៨នាក់ និង២២នាក់ទៀត ជាយុវជនស្ម័គ្រចិត្ត ដែលភាគច្រើនជានិស្សិត បុគ្គលិក និងមន្ត្រីរាជការ ដែលឆ្លៀតពេលពីការសិក្សា និងការងារ ដើម្បីចូលរួមចំណែកជួយសង្គម។ក្រុមយុវជនស្ម័គ្រ«ផ្តើមពីយើង» គឺទទួលថវិកាគាំទ្រទាំងស្រុងពីក្រសួងបរិស្ថាន ។
លោក គួច វេងស្រ៊ុន បានបន្តថា ប្រសិនសកម្មភាពលើកដំបូងនៃការចែកជូនធុងញែកសំរាមទទួលបានជោគជ័យ ឬមានគាំទ្រច្រើនពីប្រជាពលរដ្ឋនោះ លោកនឹងពង្រីកសកម្មភាពនេះ ទៅដល់បុរីផ្សេងៗផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណជិត៤លានតោន ខណៈសំរាមជាង ១ម៉ឺនតោន ត្រូវបានគេប្រមូលបានជារៀងរាល់ថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញមានសំរាម ចន្លោះពី ២៧០០-៣០០០តោនក្នុងមួយថ្ងៃ ដោយក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០ភាគរយ, សំណល់ថង់ប្លាស្ទិក មាន១៨,១០ភាគរយ, សំណល់ក្រដាស ៦ភាគរយ, កៅស៊ូ និងស្បែក ០,២ភាគរយ និងសំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០ភាគរយ៕
ក្រុមការងារនៃយុវជនស្ម័គ្រចិត្ត«ផ្តើមពីយើង» កំពុងលើកធុងញែកសំរាមពីរថយន្ត ដើម្បីចែកជូនពលរដ្ឋ កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២០។ រូបថត៖ ផ្តើមពីយើង។