កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​ស៊ែ​ប៊ី ចុះឈ្មោះ​ចូលរៀន​ដើម្បី​ក្លាយជា​គ្រូបង្វឹក​កីឡាបាល់បោះ​
21, Jul 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​លោក Aleksandar Vucic ប្រកាស​តាម​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា លោក​បាន​ចុះឈ្មោះ​ក្នុង​មហាវិទ្យាល័យ​មួយ ដើម្បី​រៀន​យក​សញ្ញាបត្រ​ជា​គ្រូបង្វឹក​កីឡាបាល់បោះ ព្រោះ​ដើម្បី​សម្រេច​ក្តី​សុបិន​របស់ខ្លួន​កាលពី​វ័យ​កុមារ​។​

 
​ពី​នយោបាយ​ទៅ​កីឡា មិនមែនជា​ឧបសគ្គ​នោះឡើយ​។ លោក Aleksandar Vucic បាន​ធ្វើជា​គំរូ​ស្រាប់ ដោយ​ប្រធានាធិបតី​ស៊ែ​ប៊ី​វ័យ​៥០​ឆ្នាំ​រូបនេះ មានឱកាស​ក្លាយជា​និស្សិត​លើក​ទី​ពីរ ដោយ​លោក​សម្រេច​សិក្សា​ជំនាញ​ផ្នែក​កីឡា ដើម្បី​ក្លាយជា​គ្រូបង្វឹក​កីឡាបាល់បោះ​សម្រាប់​កុមារ​។​
 
​លោក Vucic ដែល​ដឹកនាំ​ស៊ែ​ប៊ី តាំងពី​ឆ្នាំ​២០១៧​មក​នោះ បាន​លើកឡើងថា​៖«​អ្នក​មិនដឹងថា ខ្ញុំ​សប្បាយចិត្ត​យ៉ាងណា​នោះឡើយ ក្រោយ​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បានសម្រេច​ក្តី​សុបិន​ពី​កុមារភាព​របស់ខ្ញុំ​ហើយ​»​។​
 
​នៅលើ​គណនី Instagram របស់ខ្លួន លោក​ប្រធានាធិបតី​ស៊ែ​ប៊ី ដែល​ទទួលបាន​សញ្ញាបត្រ​ច្បាប់ បានបង្ហាញ​កាត​និស្សិត​ថ្មី​របស់ខ្លួន លើ​ជំនាញ​ផ្នែក​កីឡា និង​សុខភាព​នៅ​មហាវិទ្យាល័យ​ក្នុង​ក្រុង​បែ​ល​ក្រា​ដ រួមជាមួយ​កូន​បាល់បោះ​មួយ​។​
 
​កន្លងមក លោក​ក៏​ធ្លាប់បាន​អះអាងថា ផងដែរ​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ចំណាយពេល​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​សុក្រ ជាមួយ​កីឡាករ​ក្មេងៗ ក៏ដូចជា​កុមារ​ទូទៅ​ដើម្បី​រៀនសូត្រ​នូវ​អ្វីដែល​ថ្មី​។ ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៤ ហើយ​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​២០១៧​មក លោក Vucic នៅតែ​មិន​បោះបង់​ក្តី​សុបិន​ពី​ក្មេង​របស់ខ្លួន ហើយ​ទៅ​អនាគត លោក​ចង់​ក្លាយជា​គ្រូបង្វឹក​ក្លិប​តូច​មួយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com