អន្តរជាតិ
ចិន បំផ្ទុះទំនប់វារីអគ្គិសនីមួយដើម្បីរំដោះទឹក ខណៈប្រឈមជំនន់ទឹកភ្លៀង
× អាជ្ញាធរចិន បានសម្រេចបំផ្ទុះទំនប់វារីអគ្គិសនីមួយក្នុងខេត្តអានហ៊ុយភាគខាងកើតនៃប្រទេស ដើម្បីរំដោះសម្ពាធទឹកជំនន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍បែបនេះ នៅថ្ងៃទី ២០ ខែកក្កដា ខណៈភ្លៀងបន្តខ្លាំង ដែលបង្កើនបរិមាណទឹកទន្លេនៅក្នុងប្រទេសចិន។
កម្រិតទឹកបន្តហក់ឡើងខ្ពស់នៅភាគខាងកើត និងកណ្ដាលនៃប្រទេសចិន ហើយមកទល់ពេលនេះ ជំនន់ទឹកភ្លៀងនេះ បានសម្លាប់មនុស្សជាង១៤០នាក់ហើយ។ នេះបើតាមក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន ដោយបន្ថែម គ្រោះទឹកជំនន់នេះ បានប៉ះពាល់ដល់មនុស្សជិត២៤លាននាក់ ចាប់តាំងពីដើមខែកក្កដាមក។
ឆ្លើយតបនឹងបញ្ហាទឹកជំនន់នេះ អាជ្ញាធរចិន បានអនុវត្តវិធានការបន្ទាន់ ដូចជា បង្វែរទឹកចូលទៅក្នុងអាងស្ដុកទឹកដើម្បីគ្រប់គ្រងកម្រិតទឹក ស្របពេលដែលទឹករបស់ទន្លេនិងបឹងសំខាន់ៗ កើនដល់កម្រិតប្រកាសអាសន្ន។
ក្នុងខេត្ត Anhui ទំនប់វារីអគ្គិសនីមួយលើដងទន្លេឈូ ត្រូវបានបំផ្លាញចោល នៅថ្ងៃទី ១៩ ខែកក្កដា ខណៈកម្រិតទឹកហក់ឡើងដល់កម្រិតខ្ពស់ខ្លាំងពេក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរតំបន់ចិន អះអាងថា ការបំផ្ទុះនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅក្បែរតំបន់នេះ។
សារព័ត៌មានរដ្ឋចិន Global Times ចុះផ្សាយថា ការបំផ្លាញទំនប់វារីអគ្គិសនីនេះ រំពឹងនឹងកាត់បន្ថយកម្រិតទឹកនៅទន្លេឈូ ប្រមាណ ៧០ សង់ទីម៉ែត្រ។ ហើយការរំដោះទឹកនេះ ត្រូវបានបែងចែងទៅកាន់ផ្នែកខាងក្រោមនៃដងទន្លេនេះ និងអាងស្តុកទឹកធម្មជាតិនានា។
កម្រិតទឹករបស់បឹងនិងទន្លេសរុបចំនួន ៣៥ ត្រូវបានមើលឃើញថា ហក់ឡើងហួសកម្រិតប្រកាសអាសន្ន នៅរសៀលថ្ងៃទី ១៨ ខែកក្កដា រួមទាំង ទន្លេយ៉ង់សេ និងទន្លេហ៊ួយហឺផងដែរ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
កាលពីសប្តាហ៍មុន ទំនប់វារីអគ្គិសនីយក្សចិន Three Gorges ក៏បានបើកទ្វារទឹកជំនន់ចំនួន៣របស់ខ្លួនផងដែរ ក្រោយកម្រិតទឹកក្នុងដងទន្លេយ៉ង់សេ បានហក់ឡើងជាង១៥ម៉ែត្រលើកម្រិតទឹកជំនន់៕
Tag:
ចិន
គ្រោះទឹកជំនន់
ទំនប់់វារីអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com