អន្តរជាតិ
ចិន បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ​ដើម្បី​រំដោះ​ទឹក ខណៈ​ប្រឈម​ជំនន់​ទឹកភ្លៀង
20, Jul 2020 , 11:29 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ចិន បានសម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេស ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក រាយការណ៍​បែបនេះ នៅ​ថ្ងៃទី ២០ ខែកក្កដា ខណៈ​ភ្លៀង​បន្ត​ខ្លាំង ដែល​បង្កើន​បរិមាណ​ទឹក​ទន្លេ​នៅក្នុង​ប្រទេស​ចិន​។ 

 
​កម្រិត​ទឹក​បន្ត​ហក់​ឡើង​ខ្ពស់​នៅ​ភាគ​ខាងកើត និង​កណ្ដាល​នៃ​ប្រទេស​ចិន ហើយ​មកទល់ពេលនេះ ជំនន់​ទឹកភ្លៀង​នេះ បានសម្លាប់​មនុស្ស​ជាង​១៤០​នាក់​ហើយ​។ នេះ​បើតាម​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​ចិន ដោយ​បន្ថែម គ្រោះទឹកជំនន់​នេះ បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត​២៤​លាន​នាក់ ចាប់តាំងពី​ដើមខែ​កក្កដា​មក​។ 
 
​ឆ្លើយតប​នឹង​បញ្ហា​ទឹកជំនន់​នេះ អាជ្ញាធរ​ចិន បាន​អនុវត្ត​វិធានការ​បន្ទាន់ ដូចជា បង្វែរ​ទឹក​ចូលទៅក្នុង​អាង​ស្ដុក​ទឹក​ដើម្បី​គ្រប់គ្រង​កម្រិត​ទឹក ស្រប​ពេលដែល​ទឹក​របស់​ទន្លេ​និង​បឹង​សំខាន់ៗ កើន​ដល់​កម្រិត​ប្រកាសអាសន្ន​។ 
 
​ក្នុង​ខេត្ត Anhui ទំនប់​វា​រី​អគ្គិសនី​មួយ​លើ​ដង​ទន្លេ​ឈូ ត្រូវបាន​បំផ្លាញចោល នៅ​ថ្ងៃទី ១៩ ខែកក្កដា ខណៈ​កម្រិត​ទឹក​ហក់​ឡើងដល់​កម្រិត​ខ្ពស់​ខ្លាំងពេក​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​តំបន់​ចិន អះអាងថា ការ​បំផ្ទុះ​នេះ ធ្វើឡើង​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​តំបន់​នេះ​។ 
 
​សារព័ត៌មាន​រដ្ឋ​ចិន Global Times ចុះផ្សាយ​ថា ការបំផ្លាញ​ទំនប់​វា​រី​អគ្គិសនី​នេះ រំពឹង​នឹង​កាត់បន្ថយ​កម្រិត​ទឹក​នៅ​ទន្លេ​ឈូ ប្រមាណ ៧០ សង់ទីម៉ែត្រ​។ ហើយ​ការរំដោះ​ទឹក​នេះ ត្រូវបាន​បែង​ចែង​ទៅកាន់​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ​នេះ និង​អាង​ស្តុក​ទឹកធម្មជាតិ​នានា​។ 
 
​កម្រិត​ទឹក​របស់​បឹង​និង​ទន្លេ​សរុប​ចំនួន ៣៥ ត្រូវបាន​មើលឃើញថា ហក់​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន នៅ​រសៀល​ថ្ងៃទី ១៨ ខែកក្កដា រួមទាំង ទន្លេ​យ៉ង់​សេ និង​ទន្លេ​ហ៊ួ​យ​ហឺ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ 
 
​កាលពី​សប្តាហ៍​មុន ទំនប់​វា​រី​អគ្គិសនី​យក្ស​ចិន Three Gorges ក៏បាន​បើកទ្វារ​ទឹកជំនន់​ចំនួន​៣​របស់ខ្លួន​ផងដែរ ក្រោយ​កម្រិត​ទឹក​ក្នុង​ដង​ទន្លេ​យ៉ង់​សេ បាន​ហក់​ឡើង​ជាង​១៥​ម៉ែត្រ​លើ​កម្រិត​ទឹកជំនន់​៕ 

Tag:
 ចិន​
  គ្រោះទឹកជំនន់​
  ទំនប់់​វា​រី​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com