ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មន្រ្តីតុលាការ មានងារជា «ឯកឧត្តម និង លោកជំទាវ» ជាផ្លូវការ
21, Jul 2020 , 9:29 am        
រូបភាព
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កំណត់ងារជាឯកឧត្តមនិងលោកជំទាវ ដល់បណ្តាមន្រ្តីនៅតាមស្ថាប័នតុលាការ។



យោងតាមព្រះរាជក្រឹត្យ អ្នកដែលគេអាចហៅជា ឯកឧត្តមឬលោកជំទាវ រួមមាន ប្រធាន អនុប្រធាន និង ចៅក្រមទាំងអស់នៃតុលាការកំពូល, អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញាទាំងអស់នៃមហាអយ្យការអមតុលាការកំពូល, ប្រធាន និងអនុប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូងរាជធានី-ខេត្ត, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យមហាអយ្យការអមតុលាការកំពូល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថា ពីមុន មិនទាន់មានព្រះរាជក្រឹត្យ កំណត់ងារជាឯកឧត្តមនិងលោកជំទាវ ដល់ចៅក្រមនិងព្រះរាជអាជ្ញានោះទេ គឺទើបតែមាននៅពេលនេះ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

លោក លើកឡើងថា ដ្បិតកាលពីមុន មិនមានព្រះរាជក្រឹត្យកំណត់ងារជាឯកឧត្តមនិងលោកជំទាវពិតមែន តែក្នុងរាល់ព្រះរាជក្រឹត្យកន្លងមក ស្តីពីការតែងតាំងប្រធាន អនុប្រធាន និង ចៅក្រមតុលាការកំពូល, អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល, ប្រធាន អនុប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ គឺព្រះមហាក្សក្រ តែងហៅថាជា ឯកឧត្តមឬលោកជំទាវ ហេតុដូច្នេះហើយ ទើបគេ នាំគ្នាហៅ អ្នកទាំងនោះ ថាជា ឯកឧត្តមឬលោកជំទាវដែរ។

លោក បន្តថា ពីមុន លើកលែងតែប្រធាន អនុប្រធាន ចៅក្រមនៃសាលាដំបូងរាជធានី-ខេត្ត និង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលលព្រះរាជក្រឹត្យរបស់ព្រះអង្គ មិនហៅថាជា ឯកឧត្តមឬលោកជំទាវ ដោយហៅត្រឹមថា លោក ឬលោកស្រីប៉ុណ្ណោះ។

នៅកម្ពុជា ស្ថាប័នតុលាការ បែងចែកជាបីថ្នាក់ គឺតុលាការកំពូល សាលាឧទ្ធរណ៍ និង សាលាដំបូងរាជធានី-ខេត្ត។ សាលាដំបូងរាជធានី-ខេត្ត ចាត់ទុកថាជាតុលាការជាន់ទាប។

ពីមុន សាលាឧទ្ធរណ៍ ក៏ដូចជាតុលាការកំពូលដែរ គឺមានតែមួយប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ។ តែបច្ចប្បន្ន សាលាឧទ្ធរណ៍ ត្រូវបានបង្កើតនៅតាមតំបន់៣ទៀត គឺសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ សាលាឧទ្ធរណ៍តំបន់បាត់ដំបង និង សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ។

តុលាការយោធា ក៏ចាត់ទុកថាជា តុលាការជាន់ទាបដែរ។ តុលាការ យោធា គឺសម្រាប់កាត់ក្តីលើយោធា ដែលប្រព្រឹត្តខុស៕

Tag:
 ងារឧត្តម-លោកជំទាវ
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com