ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកំពង់ធំ នឹងដោះស្រាយជម្លោះរវាងពលរដ្ឋ និងមន្រី្តរដ្ឋបាលព្រៃឈើតាមច្បាប់
20, Jul 2020 , 6:25 pm        
រូបភាព
លោក សុខ លូ អភិបាលខេត្តកំពង់ធំ
លោក សុខ លូ អភិបាលខេត្តកំពង់ធំ
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ធំ នឹងដោះស្រាយជម្លោះរវាងពលរដ្ឋ និងមន្រី្តរដ្ឋបាលព្រៃឈើតាមច្បាប់។ ជម្លោះរវាងភាគីទាំងពីរ ផ្ទុះឡើងនៅគ្រាដែលអាជ្ញាធរយកកូនឈើ ទៅដាំនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញ នៅតំបន់អន្លុងថ្ម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ កក្កដា។



អភិបាលខេត្តកំពង់ធំ លោក សុខ លូ អះអាងថា មូលហេតុដែលនាំឱ្យផ្ទុះជម្លោះនេះឡើយ ដោយសារតែពលរដ្ឋដែលមានចម្ការនៅតំបន់នោះ មិនព្រមឱ្យអាជ្ញាធរយកកូនឈើទៅដាំនៅទីនោះ ដោយពួកគេដកកូនឈើទាំងនោះចេញ ក្រោមហេតុផលថា ដីនោះជាដីរបស់ពលរដ្ឋដាំដុះតាំងពីយូរមកហើយ។

បើតាមអភិបាលខេត្តកំពង់ធំ ពលរដ្ឋនៅតំបន់នោះ ក៏បាននាំគ្នាតវ៉ាទាំងដៃមានកាន់អាវុធកាំបិត ពូថៅជាដើមដែរ ទើបឈានដល់ការបាញ់ឡើងលើ២២គ្រាប់ ពីអាជ្ញាធរដើម្បីការពារខ្លួន។

លោក សុខ លូ ថ្លែប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២០ កក្កដានេះថា៖ «ដោយសារឃើញពលរដ្ឋមានកាន់អាវុធជាប់ដៃគ្រប់គ្នា ក្រុមអាជ្ញាធរក៏បាញ់កាំភ្លើងដើម្បីការពារ ហើយហេតុនេះ គ្មានអ្នករងគ្រោះដោយគ្រប់កាំភ្លើងឡើយ។ ប៉ុន្តែខាងមន្រ្តីរដ្ឋបាលព្រៃឈើ២នាក់រងរបួសស្រាលដោយពលរដ្ឋចោលដុំថ្មនិងពូថៅ»។

អាជ្ញាធរខេត្ត នឹងបន្តដោះស្រាយបញ្ហានេះ តាមនីតិវីធីច្បាប់ទៀត។ «ខាងក្រសួងនិងមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលព្រៃឈើនឹងដោះស្រាយបញ្ហានេះ តាមច្បាប់ដោយសន្តិវិធី» ។នេះបើតាមលោក សុខ លូ ដែលមិនទាន់អាចបញ្ជាក់ថា តើមានពលរដ្ឋ ប៉ុន្មានគ្រួសារដែលស្ថិតក្នុងជម្លោះនេះទេ។

ក្នុងថ្ងៃកើតហេតុ មានពលរដ្ឋ២នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនយកទៅណែនាំនិងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការដកកូនឈើបន្តទៀត ហើយក៏ធ្វើការដោះលែងវិញ។ នេះបើតាមលោកអភិបាលខេត្តកំពង់ធំ ដែលបន្តថា ពលរដ្ឋដែលតវ៉ា ពិតជាមានដីចម្ការនៅតំបន់អន្លង់ថ្មមែន ប៉ុន្តែដីនៅតំបន់នោះ ជាដីរបស់រដ្ឋដែលក្រសួងកសិកម្មបានដាក់តំបន់នេះ ជាកន្លែងស្ដារព្រៃឈើឡើងវិញ៕

Tag:
 ជម្លោះដីធ្លី
  កំពង់ធំ
  អន្លុងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com