ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រូបង្រៀន​តាម​ជនបទ​នៅ​ខេត្តបាត់ដំបង​ព្យាយាម​ឲ្យ​សិស្ស​បាន​រៀន ក្នុង​កាលៈទេសៈ​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩
21, Jul 2020 , 7:59 pm        
រូបភាព
អ្នកនាង សឿន ស្រីនិត អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន ថ្នាក់ទី២ កំពុងបង្រៀនថ្នាក់ជាបណ្តុំដល់សិស្សថ្នាក់ទី២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
អ្នកនាង សឿន ស្រីនិត អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន ថ្នាក់ទី២ កំពុងបង្រៀនថ្នាក់ជាបណ្តុំដល់សិស្សថ្នាក់ទី២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
ដោយ: VOA
​ស្រុក​សំឡូត ខេត្តបាត់ដំបង​៖​នៅវេលា​ម៉ោង​មួយ​រសៀល ក្រោយ​បាយ​ថ្ងៃត្រង់​រួច​កុមារ​តូចៗ​មួយចំនួន នៅ​ភូមិ​បឹង​រុន ក្នុង​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​បន្តទៅ​រៀន​។ ខ្លះ​ជិះ​កង់​ឌុប​គ្នា​ហើយ​ខ្លះទៀត ត្រូវ​ម្តាយ​ឪពុក​ដឹក​តាម​ម៉ូតូ​ទៅ​រៀន​។ ក៏ប៉ុន្តែ ម៉ោង​សិក្សា​របស់​ពួកគេ​មិន​ដូច​មុន​ទេ​។​

 
​ពីមុន ពួកគេ​ធ្លា​ប់រៀន​មួយថ្ងៃ ៤ ម៉ោង ប៉ុន្តែ​ឥឡូវនេះ ពួកគេ​រៀន​មួយថ្ងៃ​ត្រឹម​មួយ​ម៉ោង​ប៉ុណ្ណោះ​។ ពួកគេ​មិន​ទៅ​រៀន​នៅក្រោម​ដំបូល​អគារ​សាលា​ទៀត​ទេ ហើយក៏​មិន​ស្លៀកពាក់​ឯកសណ្ឋាន​អាវ​ស​សំពត់ ឬ​ខោ​ខៀវ​ដូច​មុន​ដែរ​។ សិស្ស​ស្លៀកពាក់​ខោអាវ​នៅផ្ទះ​ចម្រុះ​ពណ៌ ខ្លះ​ចេញដំណើរ​ទៅ​រៀន​នៅផ្ទះ​របស់​គ្រូបង្រៀន ខ្លះ​រៀន​នៅក្រោម​ដំបូល​អគារ​សាលាឃុំ ហើយ​ខ្លះ​រៀន​នៅក្រោម​តូប​លក់​នំនែក​មួយ​ដែល​ទំនេរ​ក្បែរ​ផ្សារ​។​
 
​នេះ​ជា​ទិដ្ឋភាព​រៀន​របស់​សិស្ស​ថ្នាក់បឋមសិក្សា​មួយចំនួន នៅតាម​ទីជនបទ នៅក្នុង​អំឡុង​ពេលដែល​សាលា​រដ្ឋ និង​ឯកជន​បិទទ្វារ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​។ នេះ​ជាការ​ធ្វើ​យ៉ាងម៉េច​ឲ្យ​សិស្ស​រៀន​បាន​ខ្លះ កុំ​ឲ្យ​ភ្លេច​មេរៀន ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​។​


កុមារីថ្នាក់ទី២មួយរូប កំពុងរៀននៅផ្ទះអ្នកគ្រូ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ការរៀនជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ (ហ៊ាន សុជាតា/វីអូអេ)
 
​ដើម្បី​កុំ​ឲ្យ​មានការ​អាក់ខាន​ក្នុងការ​សិក្សា ក្នុងអំឡុង​ពេលនេះ​នៅ​សាលាបឋមសិក្សា​ស្រែ​អណ្តូង​ពីរ​ក្នុងស្រុក​សំឡូត ដែលមាន​ចម្ងាយ​ជាង ៨០ គីឡូម៉ែត្រ គ្រូបង្រៀន​បានរៀបចំ​ឲ្យ​មាន​ការរៀន​ជា​បណ្តុំ​ក្រុម​តូច ដោយ​កំណត់​ចំនួន​សិស្ស​ក្រោម ១០ នាក់​។ ការសិក្សា​ជា​បណ្តុំ​នេះ​រួមចំណែក​ឲ្យ​កុមារ​តូចៗ​អាច​ទទួលបាន​ចំណេះដឹង​បឋម និង​ត្រៀម​ពួកគេ​សម្រាប់​ការចូល​រៀន​ជា​ផ្លូវការ នាពេលខាងមុខ​។ សិស្ស​ត្រូវដាក់​ឲ្យ​រៀន​ជា​បណ្តុំៗ ក្រោយ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង​ទូរទស្សន៍​នៅតាម​តំបន់​ជនបទ​នេះ មិនមាន​ប្រសិទ្ធភាព​។​
 
​គ្រូបង្រៀន​តាម​ទីជនបទ ដូចជា​អ្នកគ្រូ សឿន ស្រី​នី​ត ប្រើប្រាស់​រយៈពេល​ជាង ៣ ខែ ដើម្បី​រិះរក​វិធី​បង្រៀន​សិស្ស​ឲ្យ​ខាងតែបាន​។ ថ្នាក់រៀន​របស់​អ្នកគ្រូ​នៅក្រោម​ផ្ទះ​ឈើ​មួយ ដែលមាន​ទីធ្លា​ល្មម​សម្រាប់​រៀបចំ​ឲ្យ​មាន​កៅអី ១០ តុ​វែង​មួយ និង​ក្តារខៀន​មួយ​។​
 
​អ្នកនាង ស្រី​នី​ត អាយុ​២៥​ឆ្នាំ និង​បង្រៀន​សិស្ស​ថ្នាក់​ទី​២ ជិត ៥០ នាក់ បង្ហាញ​ក្តីបារម្ភ​ថា កូនសិស្ស​របស់ខ្លួន មិនចេះ​សរសេរ និង​អាន​អក្សរ ដោយសារ​ឈប់សម្រាក​យូរពេក តាំងពី​ខែមីនា​មក​។​
 
​អ្នកគ្រូ​ស្រី​នី​ត ប្រាប់ VOA កាលពី​ចុងខែ​មិថុនា​ថា​៖ «​ព្រោះ​អី​ដូច​ថា​ឈប់​តាំងពី​ចុងខែ​បី​អី​មក ឈប់​តាំងពី​ហ្នឹង​មក ទោះបី​សរសេរ​អក្សរ​ក៏​រាង​យឺត​ដែរ​។ ព្រោះ​អីយើ​ង​សម្រាក​តាំងពី​ហ្នុ​ង​មក ទោះបី​យើង​សរសេរ​អក្សរ​វិញ ក៏​ពិបាក​ដែរ​ដៃ​អី ការហ្វឹកហាត់​អី ក៏​ពិបាក​ដែរ​រាង​យឺត​»​។​
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​បិទ​សាលា ក្រសួង​អប់រំ​តម្រូវ​ឲ្យ​តាមដាន និង​លើកទឹកចិត្ត​កូនសិស្ស​ឲ្យ​ប្តូរ​ទម្លាប់​មក​សិក្សា​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង​តាម​ទូរទស្សន៍​។ អ្នកគ្រូ ស្រី​នី​ត ដែលមាន​ម៉ូតូ​១ គ្រឿង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១ និង​សម្ពាយ​ដាក់​សន្លឹក​កិច្ចការ ជិះ​ម៉ូតូ​ចែក​កិច្ចការ​សិស្ស​តាម​ផ្ទះ និង​ណែនាំ​ម្តាយ​ឪពុក​សិស្ស​អំពី​កាលវិភាគ​សិក្សា​តាម​ទូរទស្សន៍​ផង និង​បង្កើត​ក្រុម​រៀន​តាម​ថ្នាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផង​។​
 
​អ្នកគ្រូ​ប្រាប់ VOA ថា​៖ «[...] កាលពី​ខែ​៥ ដល់​ខែ​៦ ហ្នឹង យើង​ឲ្យ​គាត់​មើល​តាម​ទូរទស្សន៍​ផង​យើង​ដើរ​ចែក​សន្លឹក​កិច្ចការ​ឲ្យ​សិស្ស​ផង​។ តែ​ពេល​ដើរ​ចែក​អញ្ចឹង​ទៅ​វា​ដូចជា​... ដូច​ថា​សិស្ស​ខ្លះ​ឪពុកម្តាយ គាត់​អត់​នៅ​អត់​អី​អញ្ចឹង​ទៅ គាត់​អត់​បានធ្វើ​អត់​បាន​[​រៀន​]​ទៅ​។ អញ្ចឹង​ក្រោយមក​យើង​ប្រមូលផ្តុំ​គាត់​រៀន​ជា​បណ្តុំ​វិញ ដើម្បី​ឲ្យ​គាត់​ធ្វើបាន​កិច្ចការ​ផង​ស្តាប់​យើង​ពន្យល់​ផង​»​។​


អ្នកនាង សឿន ស្រីនិត អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន ថ្នាក់ទី២ កំពុងបង្រៀនថ្នាក់ជាបណ្តុំដល់សិស្សថ្នាក់ទី២ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)


ការសិក្សាជាបណ្តុំរបស់សិស្សថ្នាក់ទី២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ការសិក្សាជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ (ហ៊ាន សុជាតា/វីអូអេ)
 
​អ្នកគ្រូ សឿន ស្រី​នី​ត ត្រៀមខ្លួន​រួចជាស្រេច​។ អ្នកគ្រូ​បាន​រើ​រក​ក្តារខៀន​ស​សេរ​ដីស ផ្ទៃ​ពណ៌​បៃតង​មួយ​ផ្ទាំង​មក​វាយ​ដែកគោល​ព្យួរ​ជាប់​សសរផ្ទះ​របស់ខ្លួន​។ ក្តារខៀន​នោះ​ជា​ក្តារ​ដែល​ជីតា​របស់​អ្នកគ្រូ ធ្វើ​ដោយ​ខ្លួនឯង ទុក​បង្រៀន​សិស្ស​តាំងពី ១០ ឆ្នាំមុន និង​បន្សល់ទុក​ក្រោយ​ចូលនិវត្តន៍​។​
 
​ក្រោយពី​កំណត់​ទីតាំង​ផ្ទះ​របស់​សិស្ស​ហើយ​អ្នកគ្រូ ស្រី​នី​ត បែងចែក​សិស្ស​ជា ៤ ក្រុម​។ សិស្ស​របស់​អ្នកគ្រូ​ប្រមាណ ១០ នាក់ ពុំមាន​លទ្ធភាព​រៀន​តា​ម​ទូរទស្សន៍ ឬ​អ៊ិន​ធឺ​ណែ​ត​។ ក្នុងចំណោម​នោះ មាន ៥ នាក់​បាន​ប្តូរ​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ចូលរៀន​ជា​បណ្តុំ​បាន​។​
 
​អ្នកគ្រូ​ប្រាប់ VOA នៅផ្ទះ​របស់​អ្នកគ្រូ​ក្រោយ​បង្រៀន​សិស្ស​រួច​ថា​៖
 
«​យើង​នៅ​នេះ​យើង​ដឹង​ស្រាប់​ហើយ ជីវភាព​។ ជួនកាល​ខ្លះ គឺ​គាត់​អត់​មាន​ទេ​។ ទូរទស្សន៍​និង​ទូរស័ព្ទ​សឹងតែ​អត់​មាន​បណ្តោយ​។ [...] ជួនកាល​សិស្ស​ខ្លះ ម៉ែឪ​ទៅ​ថៃ កូន​នៅ​ជាមួយ​យាយ ហើយ​យាយ​គាត់​អត់​ចេះ​អា​ហ្នឹងហើយ​អញ្ចឹង​អត់​មាន​ទូរស័ព្ទ​មើល​អត់​មានអី​ទេ​។ ដូច​មាន​ភូមិ​មួយ​នោះ​ទូរស័ព្ទ ក៏​អត់ ទូរទស្សន៍​ក៏​អត់​។ អញ្ចឹង​កូនសិស្ស​ខ្ញុំ​ដូចជា​១០​គ្រួសារ អត់​មាន​អាហ្នឹង​ទេ​»​។​
 
​អ្នកគ្រូ​បន្តថា​៖ «​យើង​រៀន​នៅ​ថ្នាក់​សិស្សរ​ត់រក​យើង​។ ដល់ពេល​តាម​ផ្ទះ​អញ្ចឹង​យើងរ​ត់រក​សិស្ស​»​។​
 
​លោក តាក់ សា​រួម វ័យ ២៥ ឆ្នាំ ជា​ស្វាមី​របស់​អ្នកគ្រូ សឿន ស្រី​នី​ត និង​ជា​គ្រូបង្រៀន​ថ្នាក់​ទី ៥​។ ដូចគ្នា​នឹង​អ្នកគ្រូ ស្រី​នី​ត ដែរ លោក តាក់ សា​រួម កំពុង​បង្រៀន​សិស្ស​របស់ខ្លួន​ដែល​សរុប​ប្រមាណ ៥០ នាក់​ដោយ​ចែកជា ៣ ក្រុម ទៅតាម​ទីតាំង​ផ្ទះ​របស់​សិស្ស​។ លោកគ្រូ​ដែល «​ស្រលាញ់​ការបង្រៀន​» បាន​ព្យាយាម​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេ​លេ​ក្រាម ដែល​លោកគ្រូ​ទើប​បង្កើត​ឆ្នាំមុន​។​
 
​លោកគ្រូ និយាយថា​៖ «​តែ​តេ​លេ​ក្រាម អត់​មាន​អ្នក​ប្រើ​ផង​។ អ្នកភូមិ​អត់​មាន​អ្នក​ប្រើ​ទេ​។ ហ្វេ​ស​ប៊ុ​កមាន​ខ្លះ មានតែ​ពេលខ្លះ អត់​មាន​សេវា​ផង​»​។​
 
​សិស្ស​ម្នាក់​របស់​អ្នកគ្រូ​គឺ​កុមារី សុ​គី នី​តា អាយុ​៨​ឆ្នាំ​។ ម្តាយ​របស់ នី​តា អ្នកស្រី ទី លីន​ដា វ័យ ២៧ ឆ្នាំ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ ដែល​អាច​ឲ្យ​កូន​ប្រើប្រាស់​បាន​។ ក៏ប៉ុន្តែ អ្នកស្រី​និង​ស្វាមី​ក្រៅតែពី​មិនចេះ​អក្សរ ដែល​ពិបាក​ក្នុង​ការជួយ​បង្រៀន​កូន​បន្ថែម ហើយ​នោះ​ពួកគេ​ត្រូវធ្វើ​ចម្ការ ចិញ្ចឹម​ជ្រូក​និង​បិទស្រា ដែល​ធ្វើ​ឲ្យ​ពួកគេ​រវល់​ស្ទើរ​គ្មាន​ពេល​ជួយ​ឲ្យ​កូន​រៀន​។​
 
​អ្នកស្រី ទី លីន​ដា ដឹងថា​កូនស្រី​ចង់​ធ្វើជា​គ្រូបង្រៀន ក៏ប៉ុន្តែ​លទ្ធភាព​ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ​កូន​មាន​តិចតួច​។ ពួកគេ​ពឹងពាក់​ខ្លាំង​លើ​រដ្ឋបាល​អប់រំ​របស់​ក្រសួង និង​ក្រុម​គ្រូបង្រៀន​។​
 
​អ្នកស្រី​និយាយថា​៖ «​បារម្ភ​ណាស់ ខ្លាច​កូន​អត់​ចេះ​។ ដូច​ថា ខ្ញុំ​អត់​ដែល​បាន​នៅ ឬ​បាន​ពន្យល់​នៅ​ស្តាប់​ជាមួយ​វា​ទេ​។ ដូច​ថា​ដាក់​ឲ្យ​មើល​អញ្ចឹង​ទៅ ក៏​ទៅធ្វើ​នេះ ទៅធ្វើ​នោះ​អញ្ចឹង​ទៅ​។ អញ្ចឹង វា​ថា​ម៉ែអើយ​ខ្ញុំ​រៀន​អញ្ចឹង​អត់​ចេះ​ទេ​។ បើ​នៅ​ដាំបាយ​ដាំ​អី​ជិត​ហ្នឹង ចេះតែ​បន្ត​តាមមើល​។ តែបើ​ទុក​ឲ្យ​វា​នៅ​តែឯង​ភ្លេច​ហ្នឹង​មើល​តុក្កតា​អី​ទៅ​។ ចា​... អត់​មាន​ពេល​អង្គុយ​ជិត​នៅ​មើល​»​។​


អ្នកស្រី ទី លីនដា អាយុ ២៧ឆ្នាំ និងកូនស្រី ដែលរៀនជាបណ្តុំ នៅផ្ទះគ្រូរបស់គេ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)


លោក តាក់ សារួម អាយុ ២៥ ឆ្នាំ គ្រូបង្រៀនថ្នាក់ទី៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
 
​ការលំបាក​របស់​អ្នកស្រី ទី លីន​ដា ជា​បទពិសោធន៍​មួយ​សម្រាប់​ឪពុកម្តាយ​ផ្សេងៗ​ទៀត នៅ​ទីក្រុង​និង​ជនបទ ដែល​ពួកគេ​ត្រូវ​ទៅធ្វើ​ការ មិនមាន​ពេល​មើល​ថែកូន​។ សាលារៀន​ជា​កន្លែង​ដែល​ពួកគេ​អាច​ទុក​កូន​បាន​យ៉ាងតិច ៤ ម៉ោង ហើយ​ពួកគេ​អាច​ទៅធ្វើ​ការ​បាន និង​អាច​សម្រាល​ការមើល​ថែទាំ​ពួកគេ​រៀងរាល់​ម៉ោង​។​
 
​អ្នកគ្រូ​បង្រៀន អ្នកនាង ស្រី​នី​ត យល់ថា សាលារៀន​នៅ​ទីជនបទ​ដាច់ស្រយាល​ទំនងជា​មិនអាច​បើក​ឡើងវិញ​នាពេល​ឆាប់ៗ ហើយ​បើ​សិស្ស​រៀន​មិនទាន់ ពួកគេ​អាច​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​ពេល​សាលារៀន​ចាប់ផ្តើម​បើក​ឡើងវិញ​។​
 
​អ្នកគ្រូ​ដែល​បង្រៀន​នៅ​សាលាបឋមសិក្សា​ស្រែ​អណ្តូង​ពីរ អស់​រយៈពេល ៤ ឆ្នាំ និយាយថា​៖ «​ឆ្នាំនេះ មាន​ជំងឺ​អញ្ចឹង​ទៅ យើង​ក៏​ដើរ​តាម​ភូមិ​តាម​អី ដើម្បី​ឲ្យ​សិស្ស​យើង​គ្រាន់បើ​បាន​ចេះ បាន​អី​អញ្ចឹង​ទៅ ក្រែងលោ​ចូលរៀន​វិញ ក្រសួង​អាច​អនុញ្ញាត​ឲ្យ​ក្មេង​បាន​ឡើង​ថ្នាក់​នោះ វា​ក៏​ស្រួល​ដែរ​អាចជួយ​រុញ​ឲ្យ​បាន​ឡើង​ថ្នាក់​»​។​
 
​នាយក​សាលាបឋមសិក្សា​ស្រែ​អណ្តូង​ពីរ លោក ភិន ច័ន្ទ​ណា យល់ថា ការរៀន​ជា​បណ្តុំ​នៅក្នុង​សហគមន៍​លោក គឺជា​លទ្ធភាព​តែមួយគត់​ដែល​សាលា​អាច​ផ្តល់​ឲ្យ​កូនសិស្ស ខណៈ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង​តាម​ទូរទស្សន៍​មិនអាច​ទៅរួច​។​
 
​លោក​សង្កេតឃើញថា មាន​សិស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​មិនបាន​ចូលរៀន​។ លោក​សង្ឃឹមថា​មធ្យោបាយ​នេះ យ៉ាងហោចណាស់​ជួយ​ឃ្លាំមើល​វត្តមាន​សិស្ស និង​ជួយ​បំប៉ន​សមត្ថភាព​ពួកគេ​។​
 
«​ខ្ញុំ​ចេះតែ​ចង់ឃើញ​សិស្ស​ចូលរៀន​ហើយ​អ្នកគ្រូ លោកគ្រូ​ខ្ញុំ​គាត់​រត់​លិច​រត់​កើត ចង​បណ្តុំ​សិស្ស​ហ្នឹង​មក​បង្រៀន​អានេះ​មួយ​ម៉ោង​មក​បង្រៀន​នៅ​នោះ​មួយ​ម៉ោង​អញ្ចឹង​ណា បានជា​ចេះតែ​ចង់បាន​ឲ្យ​វា​ចូលរៀន​វិញ​។ បារម្ភ​នោះ បារម្ភ​ហើយ ដោយ​ឃើញ​កូ​វីដ​ហ្នឹង ដូច​មិនទាន់​ស្ងប់​នៅឡើយ​។​
 
​របាយការណ៍​បោះពុម្ពផ្សាយ​ឆ្នាំ ២០២០ របស់​ធនាគារពិភពលោក (World Bank) ស្តីអំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ក្នុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​ដឹងថា ជំងឺ​រាតត្បាត​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​គុណភាព​អប់រំ​នៅ​កម្ពុជា​។ របាយការណ៍​ដែល​ផ្តោតលើ​ករណី​សិក្សា​គណនេយ្យភាព​គ្រូបង្រៀន និង​លទ្ធភាព​នៃ​ការសិក្សា​របស់​សិស្ស​នេះ ចង្អុល​បង្ហាញថា កម្ពុជា​គួរ​គិត​ឲ្យ​មានការ​ផ្តួចផ្តើម​ណាមួយ ដែល​អាច​ទប់ស្កាត់​អត្រា​បោះបង់ចោល​ការសិក្សា ដោយ​ធ្វើយ៉ាងណា​បំប៉ន​ដល់​សិស្ស​ដែល​រៀន​ខ្សោយ ឬ​រៀន​មិនទាន់​គេ ជាពិសេស​ក្នុងពេល​បិទ​សាលារៀន​រយៈពេល​វែង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​សម្រាប់​សិស្ស​តាម​ទីជនបទ​អត្រា​បោះបង់ចោល​ការសិក្សា​ចោល​នៅជាប​ញ្ហា​ប្រឈម​ក្នុង​វិស័យ​អប់រំ​។ ស្ថិតិ​និង​សូចនាករ​អប់រំ​របស់​ក្រសួង​អប់រំ​បង្ហាញថា អត្រា​បោះបង់​ការសិក្សា​នៅ​កម្ពុជា​នៅមានកម្រិត​គួរ​ឲ្យ​កត់សម្គាល់​។ ក្នុងនោះ​ក្នុង​ឆ្នាំ កម្រិត​បឋមសិក្សា​មាន ៤,៦% និង​កម្រិត​មធ្យមសិក្សា​មាន ១៧%​។ នេះ​បើតាម​របាយការណ៍​សិក្សា​ឆ្នាំ ២០១៥~២០១៦​។​


កុមារមួយចំនួន ក្នុងភូមិប្រមូលផ្តុំគ្នា ក្រៅម៉ោងសិក្សា ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ពួកគេខ្លះ កំពុងត្រៀមខ្លួនទៅរៀនជាបណ្តុំ នៅផ្ទះគ្រូរបស់គេ។ ការសិក្សាជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន។ (ហ៊ាន សុជាតា/វីអូអេ)


បដាផ្សព្វផ្សាយអំពីការការពារការឆ្លងជំងឺកូវីដ ១៩ នៅតាមផ្ទះប្រជាជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
 
​លោក ហុង រស្មី នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ActionAid កម្ពុជា ប្រាប់​វី​អូ​អេ​ថា ការបន្ត​ឲ្យ​មានការ​អប់រំ​តាមតែ​អាច​ធ្វើបាន​ក្នុងអំឡុងពេល​មាន​វិបត្តិ​ពី​ជំងឺ​រាតត្បាត​នេះ អាចជួយ​កាត់បន្ថយ​ទំនោរ​នៃ​ការបោះបង់​ការសិក្សា​រប​ស់​កុមារ​។​
 
​លោក​បន្តថា​៖ «​នៅតាម​ជនបទ​វា​ស៊ីសង​លើ​ថា​សាលា​មួយណា គ្រូ​មួយណា ហើយ​អត់​បាន​ទាំងអស់​ទេ​ព្រោះ​គ្រូ​ខ្លះ គាត់​ស្វះស្វែង​អញ្ចឹង​ទៅ គាត់​អាច​ទៅ​ជួប​សិស្ស​ញឹក ឬ​ទៅ​ណាត់​សិស្ស​ទៅ​សាលា​ញឹកញាប់​អញ្ចឹង​ទៅ គ្រូ​ខ្លះ​ឬ​សាលា​ខ្លះ គាត់​អត់​សូវ​បានធ្វើ​ទេ ទោះជា​ក្រសួង​មានការ​ណែនាំ​ឲ្យ​ចុះទៅ​ដល់​តាម​ផ្ទះ ចែក​ឯកសារ​បង្រៀន​ខ្លះ​មួយអាទិត្យ​ម្តង​អញ្ចឹង ក៏​អត់​មានការ​អនុវត្ត​ពេញលេញ​ដែរ​»​។​
 
​លោក​បន្តទៀតថា ក្រៅពី​ការចាត់វិធានការ​សុខ​ភាព​អនាម័យ​តឹងរ៉ឹង ក្រសួង​អប់រំ​គួរ​មានការ​បង្កើត​កម្មវិធី​បង្រៀន​បំប៉នបន្ថែម​ដល់​សិស្សានុសិស្ស ដើម្បី​ឲ្យ​សិស្ស​រៀន​ទាន់​ដែល​អាច​បន្ថយ​ទំនោរ​នៃ​ការបោះបង់ចោល​ការសិក្សា​។​
 
​លោក​និយាយថា​៖ «​ប្រសិនជា​ការគិតគូរ​ហ្នឹង​ត្រូវ​ប្រហែលជា​អត្រា​បោះបង់ [​ចោលការ​សិក្សា​] នឹង​តិច​តែ បើ​ការគិតគូរ​ហ្នឹង​មិនត្រូវ មិន​តម្រូវ​តាម [​ស្ថានភាព​ជាក់ស្តែង​រប​ស់​] សាលា​ការបោះបង់ចោល​អាច​ហ្នឹង​ច្រើន​»​។​
 
​ថ្មី​នេះៗ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​សាលារៀន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​មួយចំនួន​តូច ដំណើរការ​សាកល្បង​ឡើងវិញ នៅ​ខែសីហា​ខាងមុខ​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​
 
​ចាប់តាំងពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ គ្រឹះស្ថាន​អប់រំ​នៅ​កម្ពុជា​រាប់​តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ជាង ១៥.០០០ បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​។ ការណ៍​នេះ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ប្រមាណ​ជា ៣ លាន ៥ សែន នាក់​ផ្អាក​ការសិក្សា​នៅ​បន្ទប់រៀន ដោយ​ប្តូរ​មក​រៀន​តាម​អន​ឡាញ​ឬ​ពី​ចម្ងាយ​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com